ដោយ ទេព សុរ៉ាវី
2014-08-21
RFA

ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីមកពីតំបន់ពីរផ្សេងគ្នា ក្នុងខេត្តព្រះវិហារ នាំគ្នាដាក់ញត្តិទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាដើមពោធិ៍ក្បែរវិមានឯករាជ្យ ភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣។ RFA/Sochivy
ពលរដ្ឋដែលមានជម្លោះដីធ្លីចាប់ផ្ដើមកក្រើកតវ៉ាឡើងវិញ ក្រោយពីស្ងប់ស្ងាត់មួយរយៈ បន្ទាប់ពីការជាប់គាំងនយោបាយជិតមួយឆ្នាំរួចមក។ គណបក្សសង្គ្រោះជាតិ មានកម្មវិធីនយោបាយច្បាស់លាស់ ដើម្បីដោះស្រាយវិបត្តិដីធ្លីជូនពលរដ្ឋ។ រីឯប្រមុខដឹកនាំរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បញ្ជាក់ពីជំហរក្នុងការដោះស្រាយវិបត្តិដីធ្លីដែរ។ ថែមទាំងបានស្តីបន្ទោសទៅមន្ត្រីក្រោមឱវាទ មានទាំងរដ្ឋមន្ត្រី អភិបាលខេត្ត និងថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ថាមិនបានយកចិត្តទុកខិតខំដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ។
បើគណបក្សទាំងពីរមានជំហរដូចគ្នាហើយនោះ តើអាចរួមដៃគ្នាដោះស្រាយវិបត្តិដីធ្លីនៅកម្ពុជា បានដែរឬទេ?
នរណាទៅដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយពិត ឬកុហក ចំពោះពាក្យដែលលោកថា លោកមិនធ្លាប់បានទទួលញត្តិពីពលរដ្ឋទាល់តែសោះ ពីរឿងដែលពលរដ្ឋស្នើសុំឲ្យលោកជួយដោះស្រាយបញ្ហាដីធ្លី។ ថារឿងញត្តិចុះថាលោកមិនបានទទួល ចុះពេលពលរដ្ឋទៅស្រែកឡូងៗទាមទារនៅក្បែររបងផ្ទះសម្ដេច រហូតក្រុមសន្តិសុខប្រើហិង្សាវាយដំច្រំធាក់ និងចាប់សែងមនុស្សដូចសត្វធាតុនោះយ៉ាងម៉េចដែរ? ប្រសិនបើលោកយកចិត្តទុកដាក់ងាកមើល ឬយកត្រចៀកស្តាប់តែបន្តិច ក៏លោកប្រហែលជាដឹងតិចតួចដែរ។
លោក ហ៊ុន សែន ហាក់ដូចជាបង្ហាញការយកចិត្តទុកដាក់សម្បើមណាស់ពីទុក្ខកង្វល់ និងផលវិបាករបស់ពលរដ្ឋ ដោយថ្មីៗនេះបានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវដោះស្រាយបញ្ហាដីធ្លីដល់ពលរដ្ឋនៅតាមមូលដ្ឋាន។ ក្នុងករណីដីទំនាស់នោះ ជាប់ពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ច លោកបញ្ជាក់ច្បាស់ថា គឺត្រូវគិតពលរដ្ឋជាធំ ដោយអាជ្ញាធរ និងក្រុមហ៊ុន ត្រូវអនុវត្តគោលនយោបាយស្បែកខ្លាជាដាច់ខាត។
លោកក៏បានបន្ទោសទៅមន្ត្រីក្រោមឱវាទរបស់លោកថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ច មើលតែតាមផែនទី និងមិនបានចុះទៅមើលផ្ទាល់ ពិសេសមិនបានអនុវត្តអនុសាសន៍របស់លោកឲ្យមានប្រសិទ្ធភាព។
យ៉ាងណា លោក ហ៊ុន សែន ហាក់មានជំហររឹងមាំដោះស្រាយវិបត្តិសង្គម ពិសេសបញ្ហាវិវាទដីធ្លីឲ្យប្រសើរឡើងវិញ។ ទំនងជាលោកចង់ស្ដារប្រជាប្រិយភាពគណបក្សកាន់អំណាចឡើងវិញក៏ថាបាន។ រីឯគណបក្សសង្គ្រោះជាតិ ឯណោះវិញ ហាក់បង្ហាញថា ខ្លួនមានឆន្ទៈរួចហើយក្នុងការដោះស្រាយវិបត្តិដីធ្លី ដោយគណបក្សនេះបានបង្កើតកម្មវិធីនយោបាយសម្រាប់ដោះស្រាយវិបត្តិដីធ្លី ដោយផ្ដើមពីការសើរើឡើងវិញនូវដីសម្បទានសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលផ្តល់ឲ្យក្រុមហ៊ុនវិនិយោគរយៈពេល ៩៩ឆ្នាំ។ ការបែងចែកដីដល់គ្រួសារកសិករដែលគ្មានដីធ្លី ឬខ្វះដីធ្វើស្រែចម្ការ ពិសេស គឺការដកហូតដីពីអ្នកមានអំណាច ឬក្រុមហ៊ុនដែលយកទៅដោយបំពាន ឲ្យពលរដ្ឋជាម្ចាស់វិញ។ ដូច្នេះ តើគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ អាចដោះស្រាយវិបត្តិដីធ្លីបានដែរទេ?
ទំនងជាបក្សទាំងពីរមិនអាចដោះស្រាយវិបត្តិសង្គមមួយនេះបានទេ ប្រសិនបើគ្មានការសហការគ្នានោះ។
នរណាក៏ដឹងដែរថា អ្នកទន្ទ្រានយកដីធ្លីពីពលរដ្ឋ គឺសុទ្ធសឹងជាឧកញ៉ា ជាមន្ត្រីគ្រាក់ៗ ដែលមានតួនាទីក្នុងរាជរដ្ឋាភិបាល និងក្នុងគណបក្សប្រជាជនកម្ពុជា។ ដូច្នេះ គណបក្សសង្គ្រោះជាតិ អាចពិបាកនឹងធ្វើកំណែទម្រង់ដីធ្លី ឬចាប់ឧកញ៉ា និងមន្ត្រីពាក់ព័ន្ធទាំងនោះយកមកផ្ដន្ទាទោស។ ពិសេស ក្រុមហ៊ុនដែលទទួលដីសម្បទានសេដ្ឋកិច្ចច្រើនជាងគេនោះ គឺជាក្រុមហ៊ុនវៀតណាម និងក្រុមហ៊ុនចិន ដែលជាប្រទេសមានឥទ្ធិពលមកលើគណបក្សកាន់អំណាច។
គណបក្សសង្គ្រោះជាតិ ទំនងមិនអាចមានលទ្ធភាពដោះស្រាយវិបត្តិដីធ្លីតែឯងបានទេ អាចបានត្រឹមកែលំអខ្លះ ដើម្បីឲ្យល្អមើល និងឲ្យម្ចាស់ឆ្នោតអស់ចិត្តប៉ុណ្ណោះ។
យ៉ាងណា តំណាងរាស្ត្រគណបក្សនេះមានតួនាទីជាប្រធានគណៈកម្មការចំនួន៥ ក្នុងរដ្ឋសភា នឹងអាចមានតុល្យភាពអំណាចជាមួយបក្សកាន់អំណាច។ តាមរយៈនេះ គណបក្សសង្គ្រោះជាតិ អាចកោះហៅរដ្ឋមន្ត្រី និងមន្ត្រីពាក់ព័ន្ធ មកបំភ្លឺក្នុងរដ្ឋសភា និងជំរុញឲ្យមានការដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋបាន។ ប៉ុន្តែគណបក្សសង្គ្រោះជាតិ គ្មានកាតព្វកិច្ច ឬអំណាចដោះស្រាយជម្លោះដីធ្លីបានឡើយ គឺការដោះស្រាយទាំងអម្បាលម៉ាន ស្ថិតលើរាជរដ្ឋាភិបាលជាអ្នកសម្រេច។ ដូច្នេះ ការដោះស្រាយវិបត្តិដីធ្លីបាន ឬមិនបាននោះ គឺអាស្រ័យទៅលើបក្សកាន់អំណាច មានឆន្ទៈពិតប្រាកដដោះស្រាយរឿងនេះដែរ ឬអត់?
ចំពោះប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន សែន ទំនងជាមានឆន្ទៈពិតប្រាកដក្នុងការជួយដោះស្រាយវិបត្តិនេះជូនពលរដ្ឋ។ ប៉ុន្តែសំខាន់នោះ គឺការអនុវត្តរបស់មន្ត្រីក្រោមឱវាទឯណោះទេជាបញ្ហា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់ទទួលស្គាល់ពីការបរាជ័យរបស់មន្ត្រីក្រោមឱវាទរបស់ខ្លួនរួចហើយ ចំពោះការដោះស្រាយវិបត្តិដីធ្លី។ លោកថែមទាំងបានស្តីបន្ទោសធ្ងន់ៗជាសាធារណៈ តាំងពីរដ្ឋមន្ត្រី អភិបាលខេត្ត ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ហើយមិនលើកលែងសូម្បីតែកូនប្រុសរបស់ខ្លួន គឺលោក ហ៊ុន ម៉ានិត ជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លីដែលមិនបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ។ ម្យ៉ាងទៀត គឺប្រហែលមកពីការទទួលស្គាល់បរាជ័យអំពីរឿងនេះហើយ បានជាមិនឃើញលោកចាប់ផ្តើមកម្មវិធីយុវជនវាស់នោះជាបន្តទៀត ក្រោយការបោះឆ្នោតនោះ។
រីឯបទបញ្ជា០១ គោលនយោបាយចាស់សកម្មភាពថ្មីនោះ ក៏អនុវត្តមិនមានប្រសិទ្ធភាពថែមទៀត។ ជាក់ស្តែង នៅខេត្តពោធិ៍សាត់ មានពលរដ្ឋខ្លះទទួលបានប្លង់រឹងពីក្រុមយុវជនស្ម័គ្រចិត្តហើយ តែក្រុមហ៊ុននៅតែបន្តឈូសឆាយលើដីកម្មសិទ្ធិរបស់ពួកគាត់។ ពលរដ្ឋខ្លះទៀត នៅបឹងប្រាំ ក្នុងស្រុកបវេល ខេត្តបាត់ដំបង ទទួលបានប្លង់កម្មសិទ្ធិដីធ្លី ដោយដីក្នុងប្លង់នោះបែរជាមានពលរដ្ឋផ្សេងរស់នៅ ហើយពលរដ្ឋដែលរស់នៅលើដីនោះបែរជាគ្មានប្លង់កម្មសិទ្ធិទៅវិញ។
តាមមើលទៅ គណបក្សទាំងពីរចៀសមិនផុតពីការចាប់ដៃគ្នាបញ្ចប់វិបត្តិដីធ្លីនោះទេ គឺប្រៀបដូចចង្កឹះដែលមិនអាចឃ្លាតគ្នាបាន។ គណបក្សសង្គ្រោះជាតិ ដើរតួនាទីជាអ្នកឃ្លាំមើល ហើយបើបក្សកាន់អំណាចមិនដោះស្រាយទេនោះ ម្ចាស់ឆ្នោតនឹងដឹងថា គណបក្សណាមានឆន្ទៈពិតប្រាកដ ហើយបក្សប្រឆាំងអាចនឹងមានប្រជាប្រិយភាពកើនទ្វេដង។ ដូច្នេះ ចង់មិនចង់ ដើម្បីឲ្យបានប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតអាណត្តិក្រោយនោះ លុះត្រាតែបក្សកាន់អំណាច ត្រូវតែដោះស្រាយវិបត្តិដីធ្លី និងអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បទវិភាគ៖ យុត្តិធម៌មិនពេញលេញពីសាលាក្ដីខ្មែរក្រហម
- បទវិភាគ៖ តើបក្សសង្គ្រោះជាតិអាចធ្វើអ្វីបានជូនម្ចាស់ឆ្នោតបន្ទាប់ចូលសភា?
- បទវិភាគ៖ តើការចាប់ខ្លួនតំណាងរាស្ត្របក្សប្រឆាំងធ្វើឲ្យរដ្ឋាភិបាលចំណេញឬខាត?
- បទវិភាគ៖ តើកម្ពុជាអាចអនុវត្តច្បាប់អន្តោប្រវេសន៍ដូចថៃបានដែរឬទេ?
- បទវិភាគ៖ តើជម្លោះរវាងចិននិងវៀតណាមអាចជំរុញឲ្យកម្ពុជារើសយកមិត្តមួយណា?
- បទវិភាគ៖ ការប្រើហិង្សាវាយបំបែកបាតុករចំណេញដល់បក្សកាន់អំណាចឬទេ?
- បទវិភាគ៖ តើមានអ្វីនៅពីក្រោយនៃការបិទទីលានប្រជាធិបតេយ្យ?
- បទវិភាគ៖ ហេតុអ្វីបានជារដ្ឋាភិបាលមិនឲ្យធ្វើបាតុកម្ម?
- បទវិភាគ៖ តើការទាមទារដំឡើងប្រាក់ខែគោលរបស់កម្មករជាការញុះញង់ឬបញ្ហាក្រពះ?
យ៉ាងណា លោក ហ៊ុន សែន ហាក់មានជំហររឹងមាំដោះស្រាយវិបត្តិសង្គម ពិសេសបញ្ហាវិវាទដីធ្លីឲ្យប្រសើរឡើងវិញ។ ទំនងជាលោកចង់ស្ដារប្រជាប្រិយភាពគណបក្សកាន់អំណាចឡើងវិញក៏ថាបាន។ រីឯគណបក្សសង្គ្រោះជាតិ ឯណោះវិញ ហាក់បង្ហាញថា ខ្លួនមានឆន្ទៈរួចហើយក្នុងការដោះស្រាយវិបត្តិដីធ្លី ដោយគណបក្សនេះបានបង្កើតកម្មវិធីនយោបាយសម្រាប់ដោះស្រាយវិបត្តិដីធ្លី ដោយផ្ដើមពីការសើរើឡើងវិញនូវដីសម្បទានសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលផ្តល់ឲ្យក្រុមហ៊ុនវិនិយោគរយៈពេល ៩៩ឆ្នាំ។ ការបែងចែកដីដល់គ្រួសារកសិករដែលគ្មានដីធ្លី ឬខ្វះដីធ្វើស្រែចម្ការ ពិសេស គឺការដកហូតដីពីអ្នកមានអំណាច ឬក្រុមហ៊ុនដែលយកទៅដោយបំពាន ឲ្យពលរដ្ឋជាម្ចាស់វិញ។ ដូច្នេះ តើគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ អាចដោះស្រាយវិបត្តិដីធ្លីបានដែរទេ?
________________________________
យើងគិតថា បទវិភាគនេះ ពិតជាមានចេតនាវាយប្រហារលើបក្សប្រជាជន និងលើលោក ហ៊ុនសែនដោយផ្ទាល់ ។
តែសូមប្រយ័ត្នបន្តិចក្នុងការអួតអាងដូចខាងលើនេះ។ សូមកុំអួតអញ្ចឹង, វាគ្រោះថ្នាក់ណាស់ណា! ដូចដែលយើងបាននិយាយហើយ និយាយទៀត , សូមកុំសន្យាថា «បើខ្ញុំជាប់ ខ្ញុំនឹងធ្វើឲ្យស្រូវឡើងថ្លៃ និងធ្វើឲ្យអង្ករចុះថោក»។
ពាក្យថា គោលនយោបាយ គឺពាក្យសមើស្រមៃ ពាក្យសន្យា ដែលមិនទាន់ដឹងថា យើងនឹងត្រូវធ្វើយ៉ាងម៉េចនោះទេ។
ទាំងលោកហ៊ុន សែន និង សម រង្ស៊ី កំពុងតែដណ្តើមការគាំទ្រពីរាស្ត្រ ដូចតែគ្នា។ វាខុសតែត្រង់ថា លោកហ៊ុនសែន កំពុងតែធ្វើការ ឯចំណែកលោក សមរង្ស៊ី កំពូងអង្គុយថា អង្គុយចាប់កំហុស និងអង្គុយអួតអាងពីការស្រមៃរបស់ខ្លួន។
តែលោក ហ៊ុនសែន ខ្លួន ក៏ត្រូវតែទទួលស្គាល់ថា ខ្លួនលោក ពិតជាមានកំហុសត្រងណាផង , បើមិនទទួលស្គាល់កំហុសរបស់ខ្លួនទេនោះ លោកសមរង្ស៊ីដែលកំពុងអង្គុយអួតនេះ នឹងធ្វើឲ្យលោកហ៊ុនសែន ចុកឈាម។ តាមពិត លោកសម រង្ស៊ី ធ្វើនំអត់ម្សៅសោះ តែហេតុអ្វីក៏នឹងអាចឈ្នះលោកហ៊ុន សែន។
តែលោក សម រង្ស៊ីខ្លួនឯង ក៏ត្រូវតែដឹងថា « ភូតច្រើនចាញ់អាត្មា»។ គោលនយោបាយប្រជាភិថុតរបស់លោកសម រង្ស៊ី នឹងធ្វើឲ្យលោកសមរង្ស៊ី អង្គុយលើកៅអីនាយករដ្ឋមន្ត្រី មិនាបាន ១ ឆ្នាំទេ ចាំមើលចុះ។ លោក សម រង្ស៊ី នឹងត្រូវប្រជារាស្ត្តតាមទារបំណុល រហូតដល់លោកហ៊ុនសែន ត្រូវឡើងមករៀបចំប្រទេស ឡើងវិញ ជាពុំខាន។
សូមទោស យើងនិយាយនេះ គឺនិយាយប្រមើល ព្យាករណ៍ពីអនាគតកម្ពុជា ក្រមគោលនយោបាយប្រជាភិថុតិ, ពុំមែនមានន័យថា ឆ្នាំ ២០១៨ អ្នកណាត្រូវចាញ់ ឬពិតជានឹងឈ្នះនោះ ទេ។ ប្រជារាស្ត្រខ្មែរសុទ្ធមានវិចារណញ្ញាណដើម្បីកំណត់គុណសម្បត្តិនៃបណ្តាបក្ស ដែលនឹងចូលបោះឆ្នោត ឆ្នាំ ២០១៨៕