​ពលរដ្ឋ​ក្នុង​ខេត្ត​ស្វាយរៀង​ថា មានការ​ដឹកឈើ​ប្រណីត​ខុស​ច្បាប់​តាម​ច្រកល្បៀង​ចូល​ទៅ​វៀតណាម​​

ដោយ៖​ ឡុង គីម​ម៉ា​រីតា​
ថ្ងៃព្រហស្បតិ៍ ទី21 សីហា 2014
http://vodhotnews.com

​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង អះអាងថា​មាន​ការដឹកឈើ​ប្រណីត​ដោយ​ខុស​ច្បាប់​ជា​បន្តបន្ទាប់​ចូល​ទៅ​ប្រទេស​វៀតណាម ដោយ​ឆ្លងកាត់​តាម​ច្រកល្បៀង សាម៉ ក្នុង​ខេត្ត​ស្វាយរៀង ហើយ​មិន​មាន​អន្តរាគមន៍​ពី​អាជ្ញាធរ​។​

​លោក នង សា​រ៉ា​ត ជា​ពលរដ្ឋ​ដែល​បានឃើញ​ករណីនេះ ប្រាប់​VOD នៅ​ព្រឹក​ថ្ងៃ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មាន​ឡាន​ម៉ាក​យី​ឌុប​ប្រមាណ​ជា​២០​ឡាន​បាន​ដឹកឈើ​ប្រណីត​ជា​រៀងរាល់​យប់ ដែល​ក្នុង​មួយ​យប់ៗ ដឹក​ពី​បី​ទៅ​បួន​ឡាន​ចូល​ទៅ​តាម​ច្រកល្បៀង សាម៉  ស្ថិតក្នុង​ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ដើម្បី​នាំចេញ​ទៅ​ប្រទេស​វៀតណាម ដោយ​មិន​មាន​អាជ្ញាធរ​ណា​អើពើ​ឡើយ​។

លោក​បន្តថា ការដឹក​នេះ​គឺ​មាន​រយៈពេល​មួយ​អាទិត្យ​មកហើយ ហើយ​ឈើ​ប្រណីត​ទាំងនោះ​ត្រូវបាន​យក​ទៅ​ទំលាក់​នៅ​មាត់​ច្រក រួច​ដឹក​បន្ត​ចូល​ទៅ​ប្រទេស​វៀតណាម​។

VOD មិនអាច​សុំ​ការបំភ្លឺ​ពី​ស្នងការ​នគរបាល​ខេត្ត​លោក កឹង ឃ​ន បាន​នៅឡើយ​ទេ ក្នុងករណីនេះ  ចំណែក​អាជ្ញាធរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ប្រាប់ថា លោក​មិន​បានដឹង​ពី​ករណី​នេះ​ទេ ហើយ​ក៏​បដិសេធថា​មិន​មាន​ករណី​បែប​នេះ​កើត ឡើង​ទេ​។

​មន្ត្រី​អង្គការ​លីកាដូ លោក នុត បូ​ព​ណ្ណា​រ័ត្ន មានប្រសាសន៍ថា ករណី​បែប​នេះ​កើតឡើង​ជា​ញឹកញាប់​ទៅ​ហើយ ដោយសារតែ​មាន​ការឃុបឃិត​គ្នា​រវាង​អាជ្ញាធរ​និង​ឈ្មួញ​ខុសច្បាប់​។ លោក​បន្តថា ការ​ដឹកឈើ​ប្រណីត​ដោយ​ខុសច្បាប់​នេះ​ក៏​មិនមែន​ជា​អ្នកតូចតាច​ដែរ ទោះជា អាជ្ញាធរ​ដឹង ក៏​មិន​ហ៊ាន​ធ្វើ​អន្តរាគមន៍​ក្នុងករណី​នេះ​ដែរ​។

​លោក នុត បូ​ព​ណ្ណា​រ័ត្ន ឲ្យដឹងថា មិន​ត្រឹមតែ​មាន​ការដឹកឈើ​ប្រណីត​ខុសច្បាប់​នោះទេ កន្លងមក​ក៏​ធ្លាប់ មាន​បទល្មើស​ជា​ច្រើន ដូចជា​ការរត់ពន្ធ​ភ្លុក​ដំរី​ដោយ​ខុស​ច្បាប់​ជាដើម ដោយ​ដឹក​ជញ្ជូន​ទៅកាន់​ប្រទេស​វៀតណាម​៕

​សូម​សរសេរ​មកកាន់​កញ្ញា ឡុង គីម​ម៉ា​រីតា តាមរយៈ longkimmarita@gmail.com

What Next?

Recent Articles