ដោយ ដែន អយុធ្យា
2014-08-21
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធស្ពានស្ទឹងមានជ័យ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤។ RFA/Uon Chhin
ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា ព្រមានមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលរិះគន់រូបលោកថា មិនទទួលខុសត្រូវ ឬមិនបានដឹងឮលើករណីទំនាស់ដីធ្លី ដែលពលរដ្ឋរងគ្រោះឡើងមកតវ៉ា ឬដាក់ញត្តិជូនស្ថាប័នកំពូលៗ និងខុទ្ទកាល័យរបស់លោកក្នុងរយៈពេលចុងក្រោយនេះ។
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន សម្ដែងការហួសចិត្តនៅគ្រាប្រមុខដឹកនាំបង្ហាញអារម្មណ៍ខឹងសម្បាចំពោះកង្វះខាតក្នុងនាមជាភាពដឹកនាំរបស់ខ្លួនពេលនេះ។
សារព្រមានធ្ងន់ៗមិនចំឈ្មោះសំដៅទៅលើមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលម្នាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺធ្វើឡើងចំពោះមុខក្រុមនិស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រាប់រយនាក់ ក្នុងពិធីចែកសញ្ញាបត្រ នៅព្រឹកថ្ងៃទី២១ ខែសីហា ក្នុងរាជធានីភ្នំពេញ។
ប្រមុខដឹកនាំបានចាត់ទុកការរិះគន់រូបលោកពីសំណាក់មន្ត្រីសង្គមស៊ីវិល ធ្វើការពាក់ព័ន្ធទំនាស់ដីធ្លី ដែលចោទថា រូបលោកមិនបានដឹងមិនឮលើករណីទំនាស់ដីធ្លី និងមិនដោះស្រាយទំនាស់ដីធ្លី ដែលកើតមាននៅកម្ពុជា ថាជាការប្រមាថដល់រូបលោកជាអ្នកដឹកនាំ ហើយដែលបានរំដោះប្រទេសជាតិពីរបបខ្មែរក្រហម ឲ្យសង្គមស៊ីវិលដើរធ្វើសកម្មភាពនៅទូទាំងប្រទេស។
ក្រៅពីព្រមានដល់មន្ត្រីសង្គមស៊ីវិល ឲ្យរៀបចំឥរិយាបថនិយាយជាមួយនាយករដ្ឋមន្ត្រីឲ្យបានសមរម្យ លោក ហ៊ុន សែន ក៏បាននិយាយដៀមដាមដល់សកម្មភាពការងាររបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) ដោយចាត់ទុកវិទ្យុបរទេសទាំងពីរនេះសម្រាប់បម្រើដល់ការវាយប្រហារទៅលើរូបលោក ពីសំណាក់មន្ត្រីសង្គមស៊ីវិលថែមទៀត៖ «ដល់ពេលគេនិយាយទៅ ថាគេហ្នឹងនិយាយអសុរោះណាស់។ តែអ្នកដែលជេរ ហ៊ុន សែន រាល់ថ្ងៃ គឺពាក្យអសុរោះហ្នឹងវាហួសនឹងអសុរោះ ហើយសុទ្ធតែក្រុមលោកឯងហ្នឹង។ គ្រាន់តែជាការសម្ដែងល្ខោនអនាមិកតែប៉ុណ្ណឹងទេ។ ពួកក្រយៅលោកឯងនេះខ្ញុំស្គាល់ពេកហើយ ហេ! ចុះលោក ហ៊ុន សែន ទៅប្រកាន់អីក្មេង? អាក្មេងពាល ដាក់វាម្តង ពាលនោះមិនព្រមបាត់ពាល។ អានេះអាងខ្លួនវាធ្វើការអង្គការក្រៅរដ្ឋាភិបាល។ ប្រយ័ត្ន! សូមឲ្យយកចិត្តទុកដាក់គោរពគ្នាទៅវិញទៅមកផង»។
ប្រមុខដឹកនាំសង្កត់ធ្ងន់ថា ទំនាស់ដីធ្លីដែលកើតមាននៅកម្ពុជា លោកបានខិតខំដោះស្រាយមិនធ្វេសប្រហែសដូចមន្ត្រីសង្គមស៊ីវិលចោទទាំងបំពាននោះទេ។ ករណីនេះ រហូតរូបលោកបានដាក់ចេញជាគោលនយោបាយចាស់សកម្មភាពថ្មី ព្រមទាំងបង្កើតក្រុមនិស្សិតចុះវាស់ដីធ្លី ដើម្បីបែងចែកប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ព្រមទាំងបានចុះដោះស្រាយទំនាស់ដីធ្លីផ្ទាល់ជាមួយពលរដ្ឋជាប្រចាំថែមទៀត៖ «ខ្ញុំនិយាយអាដំណាក់កាលចុងក្រោយ គ្មាននរណាគេរាយការណ៍ឲ្យខ្ញុំ អារឿងហ្នឹង។ កុំព្រហើនពេក។ អានេះអាងមានវីអូអេ ហ្វ្រីអេស៊ី (FRA)! អញមានទូរទស្សន៍វើយ វាព្រហើនពេក»។
បើទោះជាមិនបានលើកចំឈ្មោះមន្ត្រីអង្គការសង្គមស៊ីវិលនោះក៏ពិតមែន ក៏ករណីនេះ លោកនាយករដ្ឋមន្ត្រីទំនងជានិយាយដល់ លោក នី ចរិយា មន្ត្រីសមាគមសិទ្ធិមនុស្សសមាគមអាដហុក (adhoc)។ លោក នី ចរិយា ធ្លាប់ប្រាប់វិទ្យុសំឡេងសហរដ្ឋអាមេរិក ដោយបង្ហាញការហួសចិត្តនៅពេលលោកនាយករដ្ឋមន្ត្រី ភ្ញាក់ផ្អើលចំពោះដំណោះស្រាយវិបត្តិដីធ្លីរបស់ក្រុមប្រជាពលរដ្ឋ នៅពេលប្រជាជនឡើងមកតវ៉ា ជាពិសេសនៅមុខផ្ទះគាត់ទៀត ហើយនៅមុខផ្ទះគាត់មានកាមេរ៉ាសុវត្ថិភាពថែមទៀត ព្រមទាំងចង់ដឹងថា តើលោកនាយករដ្ឋមន្ត្រីនឹងចាត់វិធានការយ៉ាងម៉េចនៅពេលដឹងពីបញ្ហាដីធ្លីទាំងនោះ?
ឆ្លើយតបប្រតិកម្មរបស់ប្រមុខដឹកនាំ លោក ចាន់ សុវ៉េត អនុប្រធានស៊ើបអង្កេតដីធ្លីសមាគមអាដហុក មានប្រសាសន៍ថា ក្នុងនាមជាអ្នកដឹកនាំ គួរគប្បីចេះប្រើប្រាស់ពាក្យសម្ដីឲ្យបានសមរម្យ ដើម្បីធ្វើជាគំរូដល់យុវជនជំនាន់ក្រោយ ប៉ុន្តែផ្ទុយទៅវិញ បើនាយករដ្ឋមន្ត្រីប្រើពាក្យមិនពីរោះពិសារ អាចជាគំរូអាក្រក់ដល់យុវជនត្រងត្រាប់តាមទៅវិញទេ។
យ៉ាងណាក៏ដោយ លោក ចាន់ សុវ៉េត ថ្លែងសាទរកាលបើប្រមុខដឹកនាំបង្ហាញពីសកម្មភាពខិតខំដោះស្រាយទំនាស់ដីធ្លី ដែលកើតមាននៅកម្ពុជា។ យោងតាមកិច្ចខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រី លោក ចាន់ សុវ៉េត រំពឹងថា ទំនាស់ដីធ្លីដែលកើតមានរ៉ាំរ៉ៃនៅតាមបណ្ដាខេត្តមួយចំនួន មានដូចជា ទំនាស់ដីធ្លីពលរដ្ឋនៅឃុំឡពាង ខេត្តកំពង់ឆ្នាំង ទំនាស់ដីធ្លីពលរដ្ឋនៅស្រុកស្នួល ខេត្តក្រចេះ នៅខេត្តកោះកុង និងតំបន់បឹងកក់ ជាដើម នឹងអាចដោះស្រាយបញ្ចប់ជាស្ថាពរក្នុងពេលដ៏ឆាប់ៗនេះ៖ «ហាក់បីដូចជាមិនទទួលស្គាល់នូវអ្វីដែលកំពុងតែកើតមានឡើង។ ហើយអ្នកនយោបាយការប្រើពាក្យការប្រើសម្ដី ត្រូវតែមានការប្រុងប្រយ័ត្នបន្តិច ព្រោះអានេះវាជាបញ្ហាសង្គម។ អ៊ីចឹងគប្បីត្រូវតែយ៉ាងណាជាគំរូ សម្រាប់ឲ្យសង្គមជាតិគេអាចយកជាការបាន។ ហើយបើពាក្យក្នុងការប្រមាថកាតទានទៅលើអ្នកដែលខិតខំប្រឹងធ្វើការ ទៅលើអ្នកដែលបានបំពេញកាតព្វកិច្ចការងារ ពិសេសក្រុមសមត្ថកិច្ចនៅតាមមូលដ្ឋានហ្នឹង ពួកគេក៏ត្រូវមានការលើកទឹកចិត្តដែរ។ មិនមែនចេះតែស្តីបន្ទោស ឬចេះតែថាឲ្យនោះទេ»។
ស្រដៀងគ្នាដែរ សម្រាប់ លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតអង្គការលីកាដូ (Licadho) មិនចង់បរិយាយជុំវិញការប្រើពាក្យសម្ដីធ្ងន់ៗរបស់ លោក ហ៊ុន សែន ទេ ដោយចាត់ទុកដូចជាពាក្យសម្ដីឪពុកនិយាយទៅកាន់កូនប្រុសស្រីនៅក្នុងគ្រួសារមួយ។ ប៉ុន្តែ អ្វីដែលកូនៗចង់បាននោះ គឺថាចង់ឲ្យឪពុកប្រើពាក្យសម្ដីឲ្យបានទន់ភ្លន់ ដើម្បីធ្វើជាគំរូ ឬឲ្យកូនៗអនុវត្តតាម។ ភ្ជាប់នឹងបញ្ហានេះ លោក អំ សំអាត មានជំនឿថា ប្រមុខដឹកនាំនឹងដោះស្រាយបញ្ចប់វិវាទដីធ្លី ដែលពលរដ្ឋបានលើកគ្នាមកតវ៉ាដល់ជិតច្រមុះ កន្លែងធ្វើការ ឬផ្ទះថ្នាក់ដឹកនាំរដ្ឋាភិបាល និងស្ថាប័នកំពូលៗ មិនឲ្យមានវិវាទដីធ្លីទៀតទេ៖ «ចាប់ពីពេលនេះទៅ យើងសង្ឃឹមថា សម្ដេចនាយករដ្ឋមន្ត្រី លោកនឹងចាត់វិធានការដ៏មានប្រសិទ្ធភាព ទៅលើបញ្ហាដីធ្លី គឺដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយ ឬក៏លុបបំបាត់នូវបាតុភាពនៃការតវ៉ាដោយសារបញ្ហាដីធ្លី ពីព្រោះប្រជាពលរដ្ឋ បើកាលណាអស់ដីធ្លី អស់ដីផ្ទះសម្បែងរបស់គាត់ គាត់ត្រូវតែក្រោកធ្វើការតវ៉ាទាមទារ ដើម្បីទទួលបាននូវដីធ្លីបង្កបង្កើនផល និងលំនៅឋានរបស់គាត់ឡើងវិញ»។
ទាក់ទិនបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសដល់មន្ត្រីពាក់ព័ន្ធនៅតាមស្ថាប័នពាក់ព័ន្ធនានា មានស្ថាប័នកងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ ជាដើម ឲ្យមកចូលរួមប្រជុំនៅទីស្ដីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃសុក្រ ទី២២ ខែសីហា ដើម្បីបែងចែកការទទួលខុសត្រូវនៅពេលពលរដ្ឋស្វែងរកកិច្ចអន្តរាគមន៍លើទំនាស់ដីធ្លីនាថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តំណាងរាស្ត្របក្សប្រឆាំងថ្កោលទោសការប្រើហិង្សាលើអ្នកឡពាង
- អ្នកវិភាគនិងខ្មែរក្រោមប្រតិកម្មនឹងលោក ឈាង វុន ថាសម្ដីមន្ត្រីទូតវៀតណាមជារឿងបុគ្គល
- ពលរដ្ឋ៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីជម្លោះដីជាមួយមន្ត្រីប៉េអិមនៅស្វាយរៀង
- តំណាងរាស្ត្របក្សប្រជាជនជួបអ្នកភូមិឡពាងនៅភ្នំពេញ
- ពលរដ្ឋនៅសង្កាត់ច្បារអំពៅ២តវ៉ាសុំពង្រីកផ្លូវលំ
- លោក ហេង សំរិន បដិសេធព័ត៌មានថារដ្ឋសភានឹងចាត់វិធានការចំពោះបាតុកម្មមុខទូតវៀតណាម
- លីកាដូអំពាវនាវឲ្យតុលាការអនុញ្ញាតសាច់ញាតិអាចចូលជួបសួរសុខទុក្ខយុវជន៣នាក់
- តំណាងរាស្ត្របក្សប្រឆាំងសុំចូលជួបអ្នកភូមិឡពាង៥នាក់ដែលជាប់ឃុំ
- សង្គមស៊ីវិលវិភាគច្បាប់ការចាប់ខ្លួននិងចោទអ្នកធ្វើបាតុកម្មកាលពីថ្ងៃ១៥កក្កដា
ត្រូវក្មេងដាក់ចំក្រយៅ ក៏តាំងច្រឡោត ។ ចុះចាស់អីចាស់យ៉ាងនេះ?
គួរតែទៅធ្វើសមាធិអប់រំផ្លូវចិត្តម្ដងហើយកុំឲ្យឆាប់ខ្ញាល់ពេក!!
សុំលោកហ៊ុនសែន មេត្តាអនុញ្ញាតឲ្យយើងសុំរួមមតិបន្តិចទៅចុះ។
តាមពិតទៅ គឺលោកមិនគួរមានប្រតិកម្មជាមួយនឹងពាក្យសម្តីបន្តិចបន្តួចនេះ ទេ, ព្រោះថា មួយជីវិតលោក បានឆ្លងកាត់គ្រាប់បែក គ្រាប់កាំភ្លើងគ្រប់ប្រភេទ រហូតដល់បានក្លាយជាមនុស្សម្នាក់ដ៏មានគុណសម្រាប់ប្រទេសខ្មែរទាំងមូល ទៅទៀត។ នៅក្នុងរយៈពេលនៃការកាន់អំណាចដឹកនាំប្រទេសជាង ៣០ឆ្នាំនេះ ទៀតសោត ក៏គេជេរលោករាល់ថ្ងៃ។ តើគិតធ្វើអ្វីទៀត។ គួរតែគិតថា អារឿងនេះ វាជាបង្អែមក្រោយបាយ ឬក៏ជាស្រាមួយកែវទៅវិញ វាប្រសើរជាង ការដែលលោកប្រតិកម្ម។ លោកបានគិតខ្លួនឯងហើយថា រូបលោកផ្ទាល់ រួមជាមួយនឹងមន្ត្រីថ្នាក់ដឹកនាំនៃគណប្បក្សប្រជាជននេះហើយដែលបានធ្វើឲ្យប្រទេសខ្មែរបានរស់វិញ។ គឺបានរស់ទាំងអស់ សូម្បីតែអ្នកដែលកំពុងជេរបញ្ចោរលើលោក , ក្រុមគ្រួសារ ម៉ែឪ របស់អ្នកទាំងនេះ ក៏បានរស់ បានរៀន បានខ្ពង់ខ្ពស់ មានទ្រព្យសម្បត្តិ ក៏ដោយសារថ្ងៃ ៧ មករា របស់ លោកហ៊ុនសែន ដែរ។ តែធ្វើម្តេច បើថ្ងៃនេះ គេស្អប់លោក គេប្រឆាំងនឹងលោក ។
ខ្ញុំគិតថា លោក ហ៊ុនសែន ត្រូវតែកាត់ចោលនូវចរិតខ្លះ ដែលឆាប់ប្រតិកម្មនេះចេញ។ សូមលោកចាត់ទុក ពាក្យជេរប្រមាថ ពាក្យអសុរសទាំងឡាយគឺជាកញ្ចក់ គឺជាថ្នោលដោលឲ្យលោក ត្រូវតែប្រឹងប្រែងដោយត្រជាក់បំផុតក្នុងការដឹកនាំប្រទេស។
លោកពិតជាដឹងថា ប្រតិកម្មរបស់លោកនេះ ពិតជាពុំមានឥទ្ធិពលមកលើម្ចាស់ពាក្យសំដី ឬសង្គមដែលប្រឆាំងនឹងលោក នោះទេ។ តែប្រសិនបើលោកកុំប្រតិកម្មដោយពាក្យសម្តីសងមកវិញនេះ ហើយប្រឹងប្រែងធ្វើអ្វីដែលគួរតែធ្វើ នោះ លោកនឹងផ្ចាញ់ពួកទាំងនេះបានជាពុំខាន។
យើងឃើញហើយថា លោក ហ៊ុនសែន បានធ្វើអ្វីគ្រប់សព្វបែបយ៉ាង បានល្អណាស់ ។ វាទាស់តែ លោកឆាប់ប្រតិកម្ម បង្ហាញពីអារម្មណ៍ត្រង់ៗនេះតែម្តង។
តើការដែលខ្ញុំនិយាយនេះ លោក ហ៊ុនសែន ទទួលយក ដែរឬទេ? យើងជឿថា លោកប្រាកដជាយល់ដោយខ្លួនឯង ដោយពុំបាច់យើងមានយោបល់នេះយ៉ាងនេះទេ។ តែធ្វើម្តេច គឺលោកតែងតែរបូតមាត់តែអញ្ចឹង។
លោកហ៊ុនសែន ខ្លួនឯង គួរតែឧស្សាហ៍រំលឹកឡើងវិញពីអ្វីដែលខ្លួនបាននិយាយក្នុងមហាជន ដើម្បីបញ្ជាក់ខ្លួនឯងថា « អញនិយាយថ្ងៃនេះ ខាតទេឬ»។ គេគ្រប់គ្នា បានកត់សំគាល់ថា ក្នុងវេទិកាជាច្រើនមុនបោះឆ្នោត ២០១៣ លោកហ៊ុនសែន បាននិយាយខាតច្រើនណាស់។
តែសុំលោកកុំអន់ចិត្ត ចំពោះការនិយាយរបស់ខ្ញុំ។ ខ្ញុំពុំមានគំនិតមាក់ងាយលោកទេ។
ត្រូវតែដឹងថា សូម្បីតែព្រះពុទ្ធក៏គង់តែមានគេមិនជឿ គេចំអកលេងជាមួយធម៌តរបស់លោក គេជេរព្រះមហាក្សត្រ ទៅទៀត។ ហើយបើនិយាយឲ្យចំសម្របា់សង្គមខ្មែររាល់ថ្ងៃនេះ កូនហ៊ានជេរ ហ៊ានធ្វើបាបម្តាយឪពុក ឬអ្នកមានគុណរបស់ខ្លួនទៀតផង តើរឿងអី ដែលអ្នកទាំងនោះត្រូវស្រឡាញ់លោកនោះ? គួរតែលោកគិតថា ក្រុមអ្នកកំពុងជេរលោកនេះ មានអ្នកខ្លះ វាជាចោរក៏មិនដឹង ហើយយើងពុំដឹងថា ស្ថានភាពគ្រួសាររបស
ពួកនេះ យ៉ាងណាផង។
ចុងក្រោយ យើងសុំឲ្យលោកហ៊ុនសែន កាត់បន្ថយនូវប្រតិកម្មជាមួយរឿងតូចតាចនេះ ទៅ៕
shared from facebook
ហ៊ុនសែនប្រើភាសាពាលបានពីរោះសមជាអ្នកដឹកនាំអាយ៉ងយួនមែន !!!
ស្តាប់សំដីសំដាច់ហ៊ុនសែនកំពុងនិយាយកោកៗហ្នឹង ខ្ញំុរ៉ាបិរីម៉ាគីហាក់ដូចជាឆ្ងល់យ៉ាងខ្លាំង ឆ្ងល់ចង់ធ្លាយប្រដាប់គិត ឆ្ងល់នឹងភាសានាយករដ្ឋមន្ត្រីម្នាក់នេះ មិនដឹងថាជាអ្នកណាក្មេងល្ងង់ អ្នកណាក្មេងភ្លើទេ ។ ភាសាអញឯង អាល្ងង់ អាព្រហើន អាអីៗៗៗដែលនិយាយចេញពីមាត់សំដាច់ហ៊ុនសែនកាលពីថ្ងៃទី 21 សីហាមកពិតជាសក្តិសមនឹងសំដីក្មេងពាល ក្មេងព្រហើន ក្មេងគ្មានម៉ែឪប្រដែប្រដៅមែន ហើយបញ្ជាក់ច្បាស់ថាមិនមែនជាមនុស្សចាស់ទំុមានការអប់រំសោះ ។ និយាយអ៊ីចឹង តិចថាខ្ញំុចោទប្រកាន់ដាក់លើសំដាច់ទៅចុះ មិនមែនទេ គឺខ្ញំុនិយាយតាមសំដីក្មេងពាល ក្មេងព្រហើនតែប៉ុណ្ណោះ ។ គិតទៅមនុស្សល្ងង់ មនុស្សគ្មានការអប់រំ ឬមានការអប់រំដែរ តែអប់រំកម្រិតទាប សិក្សាបានតិចហើយកំបិុចឡើងខ្ពស់ វាយឫកធំ មានតែអញ ចង់វាយប្រហារអ្នកណាក៏បាន បែបភាសាព្រៃនៃសិស្សមហាវិទ្យាល័យវ៉ៃចក្រពត្តិអាមេរិក ឬពួកវណ្ណៈអធនផ្តាច់ការតាមទ្រឹស្តីយួនហូជីមិញតែប៉ុណ្ណឹងឯង ។ អេសហេ ហ៊ុនសែនប្រើភាសាព្រៃសម័យឈ្លោះជាមួយសេរីកុសលឆ្នាំ 1997 ទៀតហើយ គឺបើក្បាលប៉ានដែកសាកមើលទៅ …អញមានទូរទស្សន៍បួនដប់ហ្អា៎ … គួរអស់សំណើចណាស់ ។ ដល់តែអ៊ីចឹងទើបខ្ញំុរ៉ាបិរីម៉ាគីបានដឹងច្បាស់ថាអ្នកណាជាមនុស្សមានចរិតបែបក្មេងពាល ព្រហើនពិតប្រាកដ ប្រសិនបើគេជាអ្នកមានគំនិតចាស់ទំុ មានការអប់រំខ្ពស់ទោះខឹងចង់បែកអំបែងក្បាលក៏គេនៅតែប្រើភាសាថ្លៃថ្នូរ ភាសាការទូតដែរ មិនមែនភាសាព្រៃអាមឹង អញឯងបែបក្មេងពាល ក្មេងព្រហើនរបៀបនេះឡើយ ។
shared from facebook
ប្រទេសលាវបានបង្កើតរដ្ឋាភិបាលនិរទេសដើម្បីរំដោះប្រទេសពីការ
គ្រប់គ្រងរបស់យួន ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ព្រោះសម័យ
នេះហើយគេមិនដែលឲ្យឣ្នកឯងមកគ្របគ្រងងាយទេ
មិនមែនសម័យសង្គ្រាមលោកទេ