ដោយ៖ អ៊ឹង ប៊ុនថន
ថ្ងៃព្រហស្បតិ៍ ទី21 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នាពេលកន្លងមក (រូបដោយ៖ តាំង វីដា)
មេដឹកនាំគណបក្សសង្គ្រោះជាតិ ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងពលរដ្ឋដែលកំពុងជាប់ពន្ធនាគារដោយសារជម្លោះដីធ្លី។
ការស្នើនេះធ្វើឡើងក្នុងលិខិតរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅថ្ងៃទី២១ខែសីហានេះ ដាក់ជូនលោក ហ៊ុន សែន តាមរយៈប្រធានរដ្ឋសភាលោក ហេង សំរិន។
លោក កឹម សុខា បានបញ្ជាក់ថា ការស្នើឲ្យដោះលែងពលរដ្ឋដែលជាប់ពន្ធនាគារ ដោយសារជម្លោះដីធ្លីនោះ គឺយោងតាមប្រសាសន៍របស់លោក ហ៊ុន សែន ដែលថ្លែងនៅក្នុងឱកាសផ្សព្វផ្សាយយុទ្ធសាស្ត្រស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភឆ្នាំ២០១៤-២០១៨ កាលពីថ្ងៃទី១៨ខែសីហានេះ។
ក្នុងកម្មវិធីនោះ លោក ហ៊ុន សែន ថ្លែងថា លោកមិនដែលបានទទួល ញត្តិ ឬពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ មានជម្លោះដីធ្លី ដែលមករកកិច្ចអន្តរាគមន៍ពីលោកតាមរយៈមន្ត្រីពាក់ព័ន្ធទេ « ខ្ញុំអំពាវនាវឲ្យគ្រប់ទីកន្លែង ពាក់ព័ន្ធជាមួយបញ្ហា (ដីធ្លី) ហ្នឹង ខិតខំធ្វើការហើយកុំស្ទក់ពេក ស្ទក់រហូតដល់ចាំ រហូតដល់ពលរដ្ឋមក យកប៉ូលីសខ្ទប់ យកប៉ូលីសខ្ទប់បង្វែរផ្លូវ រួចទទួលយកញត្តិ ហើយអាញត្តិហ្នឹងមិនដឹងយកទៅដល់ណាទេ។ ញត្តិហ្នឹងសូមជម្រាបដល់ពលរដ្ឋ ញត្តិហ្នឹងមិនដឹងថា យកទៅដល់ទីណាទេ? អត់បានមកដល់ខ្ញុំទេអាញត្តិហ្នឹងនោះ! »។
លោក ហ៊ុនសែន បន្ថែមថា បញ្ហាដីធ្លីកើតឡើងដោយសារ មន្ត្រីក្រោមឱវាទរបស់លោកមិនអនុវត្ត តាមបទបញ្ជា ០១ របស់លោក គឺយុទ្ធសាស្ត្រស្បែកខ្លា។
លិខិតរបស់លោក កឹម សុខា បានលើកឡើងថា បច្ចុប្បន្នមានប្រជាពលរដ្ឋជាច្រើនកំពុងជាប់ពន្ធនាគារដោយសារ ជម្លោះដីធ្លីដែលអាជ្ញាធរពាក់ព័ន្ធ និងអាជ្ញាធរខេត្តមួយចំនួនមិនបានអនុវត្តបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលបានហ្មត់ចត់។ លិខិតនេះអះអាងថា តុលាការក៏មិនបានចូលរួមដោះស្រាយទំនាស់ទាំងនោះ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះឡើយ។
របាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ចុះថ្ងៃទី១៩ ខែសីហា ឲ្យដឹងថា ចាប់ពីខែមករា រហូត ដល់ខែសីហា ឆ្នាំ២០១៤នេះ អត្រានៃជម្លោះដីធ្លី និងការចាប់ខ្លួនប្រជាពលរដ្ឋក្នុងជម្លោះដីធ្លី បានកើនឡើងលើស ឆ្នាំ២០១៣ ខណៈដែលឆ្នាំ២០១៣នេះ កើន៤៨ភាគរយ ធៀបនឹងឆ្នាំ២០១២។
បើតាមអាដហុក មិនទាន់ដាច់ឆ្នាំ២០១៤ផង មានពលរដ្ឋ១២៦នាក់ រងការចោទប្រកាន់ ក្នុងនោះ១៩នាក់ ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសដាក់ពន្ធនាគារ ខណៈឆ្នាំ២០១៣ គឺមានពលរដ្ឋ១០៩នាក់ បានរងការចោទប្រកាន់ ក្នុងនោះ៤៣នាក់ ត្រូវបានចាប់ខ្លួន និងផ្ដន្ទាទោស៕
សូមសរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com