ក្រសួងការបរទេស ថា​ពលករ​ស្របច្បាប់​និង​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ធ្វើការ​នៅ​ថៃ​មាន​ជិត​៧​សែន​នាក់

ដោយ៖​ អុិត សូធឿត​
ថ្ងៃព្រហស្បតិ៍ ទី21 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ពលករខ្មែរ តម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបត់ ចូលទៅធ្វើការនៅប្រទេសថៃវិញនាពេលកន្លងមក (រូបថត៖ បូ សាវី)

​​ក្រសួងការបរទេស នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឲ្យដឹងថា ចំនួន​ពលករ​ទទួល​សិទ្ធ និង​ដែល​បាន​ចុះបញ្ជី​ធ្វើការ​ស្របច្បាប់ នៅ​ប្រទេស​ថៃ​មាន​ចំនួន​ជិត​៧​សែន​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែ​សីហា​នេះ ។​

​កាលពី​ព្រឹក​មិញ​នេះ លោក ទូច​ឆៃ​យុទ្ធ ភក្តី (Touchayoot Pakdi ) ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចប់​អាណត្តិ​ចូល​ជួប​ជម្រាបលា​និង​ពិភាក្សា​ការងារ​ជាមួយ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​លោក ហោ ណាំហុង នៅ​ទីស្តីការក្រសួង​។

​បន្ទាប់ពី​ចប់​ជំនួប​ពិភាក្សា អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក កុយ គួង មានប្រសាសន៍​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ពលករ​កម្ពុជា​ស្របច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ​ជិត​៧​សែន​នាក់​នោះ​រួមមាន ពលករ​ស្របច្បាប់​ស្រាប់​មាន​ចំនួន​ជាង​៣៩​ម៉ឺន​នាក់ ពលករ​ដែល​បាន​ដាក់​ពាក្យសុំ​ប័ណ្ណ​ព័ណ៌​ផ្កាឈូក​នៅឯ​ច្រកចេញចូល​តែ​មួយ​របស់​ប្រទេស​ថៃ​មាន​ចំនួន​ជាង​២៩​ម៉ឺន​នាក់ និង​ពលករ​ដែល​ខាង​ក្រសួង​បាន​ធ្វើ​កំណត់​ទូត​បញ្ជូន​បញ្ជី​ឈ្មោះ​ទៅ​ស្ថានទូត​ថៃ​ដើម្បី​សុំ​ទិដ្ឋាការ​ការងារ​ពី​ថ្ងៃ​ទី​៦ ខែមិថុនា ដល់​ថ្ងៃ​ទី​១៩ ខែ​សីហា​នេះ មាន​ជាង​២​ម៉ឺន​៧​ពាន់​នាក់ ។​

​គួរ​ដែរ​រំ​ឮ​កថា កាលពី​ខែ​មិថុនា ពលករ​ខ្មែរ ជាង​២៥​ម៉ឺន​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​ដែល​ដឹកនាំ​ដោយ​របប​យោធា​ចាប់បញ្ជូន​មក​កម្ពុជា​វិញ​យ៉ាងគំហុក​។ ក្រោយមក ខាង​ប្រទេស​ថៃ​បាន​បើក​ឲ្យមាន​ច្រកចេញចូល​តែ​មួយ ក្នុង​ខេត្ត​ចំនួន​៨​របស់ខ្លួន ដើម្បី​ចេញ​ជា​ប័ណ្ណ​ព័ណ៌​ផ្កាឈូក (​ស៊ី​ជំ​ពូ​) ដែល​អនុញ្ញាត​ឲ្យធ្វើ​ការងារ និង​ស្នាក់នៅ​បណ្តោះអាសន្ន រយៈពេល ៦០ ថ្ងៃ ក្នុង​ប្រទេស​ថៃ ។​

សូមសរសេរមកកាន់លោក អុិត សុធឿត តាមរយៈ sothoeuth@vodhotnews.com

What Next?

Recent Articles