ដោយ ជិន ជេដ្ឋា
2014-08-21
RFA

អ្នកភូមិសន្លប់ក្នុងពេលប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ចចម្រុះនិងកម្មករក្រុមហ៊ុន ខេ.ឌី.ស៊ី នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០១៤។ RFA/Chin Chetha
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានថ្កោលទោស និងចាត់ទុកការប្រើអំពើហិង្សារបស់កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង មកលើអ្នកភូមិឡពាង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) គឺជាទង្វើអមនុស្សធម៌។ ការថ្លែងបែបនេះ គឺនៅបន្ទាប់ពីតំណាងរាស្ត្រគណបក្សប្រឆាំងចំនួន ៥រូប ចូលសួរសុខទុក្ខអ្នកភូមិដែលកំពុងជាប់ឃុំនៅពន្ធនាគារ ៥នាក់ នៅថ្ងៃទី២១ ខែសីហា។
មន្ត្រីគណបក្សប្រឆាំងស្នើឲ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញនូវការប្រើប្រាស់កម្លាំងប្រដាប់អាវុធទៅបង្ក្រាបប្រជាពលរដ្ឋដែលមានតែដៃទទេក្នុងសកម្មភាពតវ៉ារឿងដីធ្លីរបស់ខ្លួន។ ក្នុងចំណោមអ្នកជាប់ឃុំទាំង ៥នាក់ គឺមាន៣នាក់មានអាការស្ពឹកក្បាល និងជើង បន្ទាប់ពីមានការបង្ក្រាបដោយកម្លាំងសមត្ថកិច្ចចម្រុះ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤។
តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង នៃគណបក្សសង្គ្រោះជាតិ លោក គី វណ្ណដារ៉ា មានប្រសាសន៍ថា សមត្ថកិច្ចបានប្រើដំបងវាយសំពងទៅលើពលរដ្ឋចំកន្លែងសំខាន់ៗជាច្រើនកន្លែង ដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត។ លោកបញ្ជាក់ថា ក្រុមរបស់លោកកំពុងសិក្សា និងទាក់ទងទៅស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងរឿងដីធ្លីនៅឡពាង ដើម្បីដោះស្រាយតាមផ្លូវច្បាប់ក្នុងពេលឆាប់ៗ៖ «សំឡេង»។
ទាក់ទងបញ្ហានេះស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ប្រាក់ វុឌ្ឍី បដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ដោយលោកប្រាប់ថាកំពុងជាប់ប្រជុំ។ ប៉ុន្តែកន្លងទៅខាងសមត្ថកិច្ចធ្លាប់បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី ថា ហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី១២ ខែសីហា គឺមិនមែនជាការបង្ក្រាបឡើយ ប៉ុន្តែជាការអនុវត្តដីការបស់តុលាការ និងមិនចង់ឲ្យពលរដ្ឋដាក់ម៉េក្រូដើរស្រែកតវ៉ាតាមផ្លូវជាតិ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ហើយបើចង់តវ៉ាត្រូវសុំច្បាប់ជាមុនឲ្យបានត្រឹមត្រូវ។
ជនសង្ស័យម្នាក់ក្នុងចំណោម ៥នាក់ គឺលោក ស្ងួន ញឿន ថ្លែងក្នុងសំឡេងខ្សេវៗនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ថា មុននឹងបញ្ជូនមកដល់ពន្ធនាគាររូបលោកត្រូវបានសមត្ថកិច្ចចម្រុះវាយនឹងដំបង និងយកជើងជាន់យ៉ាងដំណំ។ ចំណែកម៉ាស៊ីនថតរូបចំនួនពីរគ្រឿងដែលមានសកម្មភាពសមត្ថកិច្ចធ្វើបាបពលរដ្ឋ និងរូបថតភស្តុតាងមួយចំនួនទៀតទាក់ទងនឹងរឿងដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី ត្រូវបានសមត្ថកិច្ចចាប់បោកចោល ហើយក៏បាត់អស់នៅអំឡុងពេលនៃការប្រតាយប្រតប់ចាប់ខ្លួនលោកនោះ៖ «សំឡេង»។
អនុប្រធានកម្មវិធីដីធ្លី និងធនធានធម្មជាតិ នៃសមាគមអាដហុក (Adhoc) លោក ចាន់ សុវ៉េត ទទូចឲ្យមានការដោះលែងអ្នកភូមិទាំង ៥នាក់ ដែលកំពុងជាប់ពន្ធនាគារទាំងឈឺខ្លួន និងឈឺទាំងចិត្តក្នុងរឿងដីធ្លីរបស់ពួកគាត់ទៀតនោះ។ លោកបន្តថា ការដើរជាក្បួនរបស់អ្នកភូមិដោយថ្មើរជើងមកតវ៉ារឿងដីធ្លីនៅភ្នំពេញ មិនមែនជារឿងខុសឆ្គងឡើយ ប៉ុន្តែអាជ្ញាធរក្នុងខេត្តនេះទេដែលអសមត្ថភាព និងធ្វើឲ្យពួកគាត់លែងទុកចិត្តក្នុងការដោះស្រាយរឿងដីធ្លីនេះ ទើបពួកគាត់ប្រើជម្រើសតវ៉ាចុងក្រោយបែបនេះ៖ «សំឡេង»។
ជម្លោះដីធ្លីរវាងអ្នកភូមិនៃឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងក្រុមហ៊ុន ខេ.ឌី.ស៊ី បានកក្រើកឡើងវិញតាំងដើមខែមិថុនា ឆ្នាំ២០១៤ គឺនៅបន្ទាប់ពីក្រុមហ៊ុនបានដាក់គ្រឿងចក្រ និងកម្លាំងកម្មកររាប់រយនាក់ ដើម្បីធ្វើរបងព័ទ្ធលើដីដែលអ្នកភូមិអះអាងថា កំពុងមានជម្លោះជាមួយពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក កឹម សុខា ផ្ញើលិខិតទៅលោក ហ៊ុន សែន សុំដោះលែងអ្នកជាប់ឃុំដោយជម្លោះដីធ្លី
- លោក ហ៊ុន សែន ព្រមានមន្ត្រីសង្គមស៊ីវិលដែលរិះគន់លោកមិនទទួលខុសត្រូវលើទំនាស់ដីធ្លី
- ពលរដ្ឋ៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីជម្លោះដីជាមួយមន្ត្រីប៉េអិមនៅស្វាយរៀង
- តំណាងរាស្ត្របក្សប្រជាជនជួបអ្នកភូមិឡពាងនៅភ្នំពេញ
- ពលរដ្ឋនៅសង្កាត់ច្បារអំពៅ២តវ៉ាសុំពង្រីកផ្លូវលំ
- តំណាងរាស្ត្របក្សប្រឆាំងសុំចូលជួបអ្នកភូមិឡពាង៥នាក់ដែលជាប់ឃុំ
- ពលរដ្ឋនៅស្រុកស្នួលបារម្ភខ្លាចបាត់ដីដោយសារក្រុមហ៊ុនអភិវឌ្ឍន៍
- អាជ្ញាធរនិងពលរដ្ឋនៅកំពង់ស្ពឺផ្ដិតមេដៃស្នើបើកផ្លូវលំដែលក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចបិទ
- អ្នកភូមិឡពាងប្ដេជ្ញាបន្តតវ៉ានៅរាជធានីភ្នំពេញ
យើងគិតថា លោកកឹម សុខា អាចស្នើទៅរាជរដ្ឋាភិបាលបានពីរឿងទាំងនេះ នៅក្នុងគោលគំនិតណាមួយក៏បាន ដូចជា ដើម្បីមុខមាត់បក្ស ឬ ដើម្បីយុត្តិធម៌ …..។
តែយើងចង់ឲ្យទាំងអស់គ្នា ត្រូវតែពិចារណាហេតុនិងផល ដែលធ្វើឲ្យមានការចាប់ខ្លួនមនុស្សសិន ថាតើមូលហេតុអ្វី ទើបបានជាគេចាប់។ គួរតែយល់ថា រឿងគឺជារឿងដីធ្លី។ តែបើនេះ ជារឿងដីធ្លី ហេតុអ្វីបានជាយើងបង្កើតឲ្យមានការវាយតប់ ការធ្វើអំពើកុប្បកម្ម កាន់កាំបិតពូថៅ មកវាយកាប់ ចាក់ ប្រឆាំងនឹងសមត្ថកិច្ចឬ មកលើអ្នកដទៃ។ ករណីដែលគេចាប់នេះ គឺចាប់ពីរឿងដែលជនល្មើស បានប្រព្រឹត្តហឹង្សា និងញុះញង់ឲ្យមានហឹង្សា។ នេះគឺជារឿង ដែលគេចាប់។ តែបើរឿងនេះ គ្រាន់តែជារឿងដីធ្លី ហើយយើងតវ៉ាដោយអហឹង្សា តាមផ្លូវតុលាកា ឬតាមយន្តការរដ្ឋាភិបាល ដែលមានអាជ្ញាធរជួយសម្រុះសម្រួល នោះ នឹងពុំមានការចាប់ខ្លួនអ្វី នោះទេ, ទោះបីេជា ប្រជាជនភូមិនោះ នៅតែរឹងទទឺង មិនទទួលយកការសម្រុះសម្រួល ក៏ដោយ។
តែដោយសារ តែកាលពីថ្ងៃទី ១៨ កន្លងមក លោក នាយករដ្ឋមន្ត្រីបាននិយាយជាថ្មីម្តងទៀតហើយ អំពីរឿងផ្តល់អាទិភាពដល់ប្រជាជន ដូចនេះ យើងគិតថា តុលាកា គួរតែពិនិត្យថា រឿងក្តីនៅក្នុងដៃនោះ អាចបញ្ចប់បានដោយនិតិវិធីអ្វី ធ្វើយ៉ាងម៉េច ដើម្បីឲ្យគាត់បានរួចខ្លួន ចេញមកវិញទៅ។ ការបញ្ចប់ក្តី ក៏ត្រូវតែបញ្ចប់ដោយបញ្ជាក់ឲ្យគាត់ទទួលស្គាល់ខ្លួនឯងថា ពុំមែនជាបទល្មើសពីរឿងដីធ្លី តែបទល្មើសកើតពីការដែលគាត់បានប្រើហឹង្សា លើនរណា…. ។
លោក កឹម សុខា ត្រូវតែទៅនិយាយជាមួយតុលាកា និងធ្វើការជាមួយតុលាកាវិញ ទើបត្រូវ។ គឺមានន័យថា មិនបាច់ទៅសុំលោក ហ៊ុន សែន ទេ។ និយាយឲ្យចំ លោក កឹម សុខា ត្រូវតែស្វែងយល់ និងរកមូលហេតុ ព្រមទាំងដឹងពីចរិរបស់អ្នកមានទំណាស់ដីធ្លីនេះ ផង។ ដឹងយ៉ាងម៉េច? គឺត្រូវតែដឹងថា « ពុំមែនថា ឲ្យតែអ្នកស្រក់ទឹកភ្នែក សុទ្ធតែជាអ្នកកំសត់ រងការជិះជាន់ទាំងអស់នោះ ទេ»។
ចាំដល់ថ្ងៃមួយ ដែលប្រសិនបើលោកបានកាន់ដំណែងអ្វីមួយក្នុងរដ្ឋាភិបាល នោះលោកនឹងយល់ជាពុំខាន។ ហើយដូចជាយើងបាននិយាយអញ្ចឹង គឺត្រូវពង្រឹងនិតិរដ្ឋ ដោយកុំធ្វើប្រជាភិថុតិដោយការលើកទឹកចិត្តរាស្ត្រឲ្យប្រឆាំងច្បាប់ ឬ អាជ្ញាធរ ឲ្យសោះ។
គួរតែទទួលស្គាល់ថា ចាប់ពីពាក់កណ្តាលឆ្នាំ ២០១២ មក លោកហ៊ុន សែនបានកាត់ក្បាលតម្រូវមួក រួចមកហើយ។ កាត់ក្បាលតម្រូវមួក គឺ ការទទួលស្គាល់ការកាន់កាប់ដីដោយខុសច្បាប់របស់ប្រជាជន យើងនេះឯង។ តែទោះបីប្រឹងយ៉ាងណា រឿងនេះ មិនចប់ទៀត។ ដូចនេះ លោកហ៊ុន សែន ត្រូវតែរកមូលហេតុ។