Thu, 21 August 2014
Miranda Glasser
ភ្នំពេញប៉ុស្តិ៍
សៀមរាប: ពិព័រណ៍ Master Lacquer and Textures Craft ដែលផ្ដោតលើស្នាដៃកែច្នៃជ័រម្រ័ក្សណ៍ ជាវត្ថុសិល្បៈនានា កំពុងមានវត្តមាននៅវិចិត្រសាលសណ្ឋាគារសូហ្វីតែល ភូគីត្រា អង្គរ ខេត្តសៀមរាបរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា។
ក្នុងពិព័រណ៍នេះក៏មានស្នាដៃរបស់លោក អេរីក និង ធារី ស្តុកឃើរ ដែលជាសិល្បករប្រើប្រាស់ជ័រម្រ័ក្សណ៍ធម្មជាតិ និងបច្ចេកទេសសិល្បៈបែបបុរាណដែលពួកគេបានរៀនសូត្រពីប្រទេសបារាំងផងដែរ។
ដោយឡែក លោក អេរីក ដែលជាអ្នកជំនាញផ្នែកជ័រម្រ័ក្សណ៍នោះបានមកប្រទេសកម្ពុជានៅឆ្នាំ១៩៩៨តាមរយៈសហភាពអឺរ៉ុប ដើម្បីបណ្ដុះបណ្ដាលសិល្បករនៅ Artisans d’Angkor។ លោកក៏ធ្លាប់បម្រើការឲ្យម៉ាកយីហោល្បីៗក្នុងលោកដូចជា Chanel និង Louis Vuitton ផងដែរ។ យ៉ាងណាមិញ លោកតែងតែមានក្ដីស្រមៃចង់ស្រោចស្រង់នូវប្រភេទសិល្បៈដែលបាត់បង់ ដូចជាការប្រមូលជ័រម្រ័ក្សណ៍ និងការកែច្នៃវាប្រើប្រាស់ជាដើម។ កាលពីសម័យដើមសូម្បីតែប្រាសាទតំបន់អង្គរក៏ត្រូវបានលាបលនដោយជ័រម្រ័ក្សណ៍នេះដើម្បីការពារស្រទាប់ក្រៅផងដែរ។
លោក អេរីក បានថ្លែងថា៖ «ក្នុងពិព័រណ៍នេះយើងចង់បង្ហាញមនុស្សម្នាឲ្យដឹងថាអ្វីជាជ័រម្រ័ក្សណ៍។ យើងក៏បានអញ្ជើញលោក តា លី ដែលជាអ្នកមានជំនាញយកជ័រម្រ័ក្សណ៍ពីដើមគ្រើលផងដែរ។ យើងក៏មានគម្រោងទៅដាំរុក្ខជាតិនេះបន្ថែមនៅខេត្តកំពង់ធំ»។
ទាក់ទិននឹងការយកជ័រម្រ័ក្សណ៍ពីដើមគ្រើល លោក តា លី អាយុ៦៧ឆ្នាំ ដែលបានប្រកបរបរនេះអស់រយៈពេល៤០ឆ្នាំមកហើយនៅខេត្តកំពង់ធំនោះ នឹងមានវត្តមានរង់ចាំបំភ្លឺនូវរាល់ចម្ងល់ទាក់ទិនទៅនឹងសិល្បៈយកជ័រម្រ័ក្សណ៍មកកែច្នៃជាវត្ថុលម្អនានា។
លោក អេរីក បានឲ្យដឹងទៀតថា៖ «យើងបានបណ្ដុះគ្រាប់គ្រើល២ពាន់ដើមសម្រាប់ដាំក្នុងឆ្នាំនេះលើផ្ទៃដី២៥ហិកតា។ នៅ១០ទៅ១៥ឆ្នាំទៀតទើបយើងអាចទាញយកជ័រម្រ័ក្សណ៍ពីវាបាន»។
ចំពោះពិព័រណ៍នេះវិញ វត្ថុសិល្បៈចំនួន៦០ច្នៃពីជ័រម្រ័ក្សណ៍នឹងត្រូវតាំងបង្ហាញ។ សិល្បករខ្មែរជាង១០នាក់បានទទួលចំណេះដឹងផ្នែកសិល្បៈជ័រម្រ័ក្សណ៍នេះពីលោក អេរីក និងលោក ធារី ស្ដុកឃើរ រួមទាំងជនពិការនៅអង្គការគ្រួសារថ្មីផងដែរ។
លោក អេរីក បានបញ្ជាក់ផងដែរថា៖ «ពិព័រណ៍នេះមានវត្ថុសិល្បៈ និងគំនូរធ្វើពីជ័រម្រ័ក្សណ៍ដោយប្រើប្រាស់បច្ចេកទេសពីបុរាណច្របាច់បញ្ចូលនូវសម័យទំនើបផងដែរ។ យើងចង់រក្សាស្នាដៃដើម ហើយក៏ចង់ច្នៃប្រឌិតវាឲ្យរីកចម្រើនផងដែរ»៕