នាយក​រដ្ឋមន្ត្រី​ប្រកាស​ដំឡើង​ប្រាក់​ខែ​គ្រូបង្រៀន​បន្ថែម​ទៀត​ចាប់​ពី​ខែ​កញ្ញា

ដោយ វោហារ ជាតិ
2014-08-21
RFA

គ្រូ​បង្រៀន កូដកម្ម ៦១០
គ្រូបង្រៀន​លើក​បដា​តវ៉ា​ទាមទារ​ឡើង​ប្រាក់​ខែ នៅ​វិទ្យាល័យ ជា ស៊ីម ចំរើន​រដ្ឋ នៅ​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​៨ មករា ឆ្នាំ​២០១៤។ RFA/Den Ayuthyea

រដ្ឋាភិបាល​គ្រោង​នឹង​រៀបចំ​ដំឡើង​ប្រាក់​ខែ​ឲ្យ​គ្រូបង្រៀន​បន្ថែម​ទៀត ដោយ​ចាប់​ផ្ដើម​នៅ​ខែ​ក្រោយ​នេះ។ ក៏ប៉ុន្តែ ចំពោះ​មន្ត្រី និង​គ្រូបង្រៀន​ដែល​មាន​ប្រាក់​ខែ​ចាប់​ពី ១​លាន​រៀល​ឡើង​ទៅ មិន​ត្រូវ​បាន​ដំឡើង​ឲ្យ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ដំឡើង​ប្រាក់​ខែ​គ្រូបង្រៀន​បន្ថែម​ទៀត ដែល​នឹង​ចាប់​ផ្ដើម​ជា​ដំណាក់​កាលៗ​ចាប់​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤ រហូត​ដល់​ខែ​មេសា ឆ្នាំ​២០១៥ រួម​ទាំង​កាត់​បន្ថយ​ចំនួន​ប្រភេទ​ក្របខ័ណ្ឌ ដែល​កំណត់​បែង​ចែក​ប្រាក់​ខែ​គ្រូបង្រៀន​ឲ្យ​ចុះ​មក​កម្រិត​តិច​វិញ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកជន​មួយ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២១ សីហា លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ប្រកាស​ថា ការ​កាត់​បន្ថយ​ក្របខ័ណ្ឌ​គ្រូ​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ការងារ​គ្រូបង្រៀន​ផង និង​កែ​ទម្រង់​ប្រព័ន្ធ​អប់រំ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​ផង៖ «អ៊ីចឹង ដើម្បី​ឲ្យ​មនុស្ស​ធ្វើ​ការ ទម្រាំ​ឆ្លង​កាត់​មួយ​ក្របខ័ណ្ឌ “គ” នេះ ត្រូវ​ធ្វើ​ការ ៦០​ឆ្នាំ អ៊ីចឹង ៦០​ឆ្នាំ មនុស្ស​ខ្លះ​ងាប់​បាត់​ហើយ ២៥​ឆ្នាំ​បាន​ចូល​ធ្វើ​ការ។ ធ្វើ ៦០​ឆ្នាំ​អត់​បាន “គ” មួយ​ផង។ អ៊ីចឹង​កាត់​វា​ក្រវាត់​ចោល​ទៅ ទុក​តែ ១០​កាំ​ទេ។ ដល់​ទៅ “ខ” ៣០​ថ្នាក់ កាត់​ពី ៣០​ថ្នាក់​ទុក ១៤​កាំ ព្រោះ “ខ” ប្រាក់​ខែ​ខ្ពស់។ អា “ក” កាត់​ពី ៣០​កាំ ទុក​នៅ​ត្រឹម ១៤​ថ្នាក់ ព្រោះ​អា​ហ្នឹង​ប្រាក់​ខែ​ខ្ពស់ ប្រាក់​ខែ​ដែល​ទាប​ឲ្យ​ឡើង​បាន​រហ័ស​បន្តិច គឺ​ថ្នាក់ “គ”។ អា​ហ្នឹង​ជា​កំណែ​ទម្រង់​ថ្មី»

តាម​គោលការណ៍​របស់​ក្រសួង​អប់រំ កន្លង​មក ក្របខ័ណ្ឌ​គ្រូបង្រៀន​ត្រូវ​បាន​ចែក​ជា ៤​កម្រិត​ខុស​គ្នា គឺ​ក្របខ័ណ្ឌ ក ខ គ និង ឃ ហើយ​ក្នុង​ក្របខ័ណ្ឌ​នីមួយៗ​ចែក​ចេញ​ជា ៣០​ថ្នាក់។

ចំណែក​ការ​ដំឡើង​ប្រាក់​ខែ​គ្រូ​វិញ លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា បុគ្គលិក​ដែល​មិន​មែន​ជា​គ្រូបង្រៀន​ស្ថិត​ក្នុង​កម្រិត​ទាប នឹង​ត្រូវ​ដំឡើង​ប្រាក់​ខែ​ពី​ជាង ៤២​ម៉ឺន ដល់​ជាង ៥៥​ម៉ឺន​រៀល។ ចំពោះ​គ្រូបង្រៀន​កម្រិត​បឋមសិក្សា ត្រូវ​ដំឡើង​ប្រាក់​ខែ​ពី​ថ្នាក់​ទាប​បំផុត ចាប់​ពី​ជាង ៤៨​ម៉ឺន​ឡើង​ទៅ​ដល់​ជិត ៧០​ម៉ឺន​រៀល។ ចំណែក​គ្រូ​កម្រិត​មធ្យម​សិក្សា​បឋមភូមិ ដែល​សព្វថ្ងៃ​ទទួល​ប្រាក់​ខែ​តិច​បំផុត​ជិត ៥២​ម៉ឺន​រៀល​នោះ នឹង​ត្រូវ​ដំឡើង​ដល់​ជិត ៦៤​ម៉ឺន​រៀល។ រីឯ​គ្រូ​ឧត្ដម​សិក្សា ដែល​សព្វថ្ងៃ​មាន​ប្រាក់​ខែ​ចាប់​ពី​ជិត ៧៣​ម៉ឺន​រៀល នឹង​ត្រូវ​ឡើង​ដល់ ៨៨​ម៉ឺន​រៀល។ ក៏ប៉ុន្តែ ចំពោះ​គ្រូ ឬ​មន្ត្រី​ដែល​មាន​ប្រាក់​ខែ​ចាប់​ពី ១​លាន​រៀល​ឡើង​ទៅ មិន​ត្រូវ​បាន​ដំឡើង​ប្រាក់​ខែ​ឲ្យ​ទេ ដោយ​លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ត្រូវ​រង់ចាំ​អ្នក​មាន​ប្រាក់​ខែ​តិច ឡើង​ជិត​ដល់​កម្រិត​អ្នក​មាន​ប្រាក់​ខែ​ច្រើន​សិន ទើប​ដំឡើង​ឲ្យ​នៅ​ពេល​ក្រោយ។

លោក ហ៊ុន សែន ប្រកាស​ថា ការ​ដំឡើង​ប្រាក់​ខែ​នេះ ធ្វើ​ឡើង​ជា​ពីរ​ដំណាក់​កាល។ ដំណាក់​កាល​ទី​១ មាន​រយៈពេល ៤​ខែ គឺ​ចាប់​ពី​ខែ​កញ្ញា ដល់​ខែ​ធ្នូ ឆ្នាំ​២០១៤។ ដំណាក់​កាល​ទី​២ ចាប់​ពី​ខែ​មករា ដល់​ខែ​មេសា ឆ្នាំ​២០១៥។

ទាក់ទង​ការ​ដំឡើង​ប្រាក់​ខែ​នេះ ត្រូវ​បាន​សមាគម​គ្រូបង្រៀន​អបអរ​ផង និង​អន់​ចិត្ត​ផង។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ដែល​អបអរ​ការ​ដំឡើង​ប្រាក់​ខែ​នេះ ថា​ការ​ដំឡើង​ប្រាក់​ខែ​នេះ​តិច​ពេក ធ្វើ​ឲ្យ​ជីវភាព​គ្រូបង្រៀន​នៅ​តែ​វេទនា​ដដែល បើ​សិន​ជា​រដ្ឋាភិបាល​អាច​ដំឡើង​ដល់ ១​លាន​រៀល ទើប​អាច​ទប់ទល់​នឹង​ទំនិញ​ទីផ្សារ​ដែល​ចេះ​តែ​ឡើង​ថ្លៃ​ដូច​សព្វថ្ងៃ​នេះ​បាន៖ «ការ​ដំឡើង​ប៉ុណ្ណឹង ទីផ្សារ​នឹង​អាច​ឡើង​ខ្ពស់​ជាង​ហ្នឹង បើ​សិន​ជា​លោក​នាយក​រដ្ឋមន្ត្រី​មិន​បាន​គិត​អំពី​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ។ អ៊ីចឹង យើង​ចង់​ឲ្យ​ធ្វើ​ម៉េច​ទន្ទឹម​នឹង​ការ​ដំឡើង​ហ្នឹង ត្រូវ​មាន​វិធានការ​ទប់ស្កាត់​រាល់​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ កុំ​ឲ្យ​ហក់​ឡើង​តាម​ប្រាក់​ខែ​មន្ត្រី​រាជការ​គ្រូបង្រៀន»

លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា ចំនួន​បុគ្គលិក និង​គ្រូបង្រៀន​មាន​ជាង ១១​ម៉ឺន​នាក់ ស្មើ​ចំនួន ៦០% ប្រៀបធៀប​ចំនួន​មន្ត្រី​រាជការ​សរុប​ទូទាំង​ប្រទេស​ដែល​មាន​ចំនួន ១៨​ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

3 Responses to "នាយក​រដ្ឋមន្ត្រី​ប្រកាស​ដំឡើង​ប្រាក់​ខែ​គ្រូបង្រៀន​បន្ថែម​ទៀត​ចាប់​ពី​ខែ​កញ្ញា"

  1. meta says:

    That is the good news for our poor teachers who waiting this for long and long time
    because it is the sharing income way and we do hope this action will help to reduce corruption
    in this unit.

    We do hope the action of sharing will come to our nation more and more from now onward.

    Thanks God!

  2. Sophat says:

    ការដំឡើងប្រាក់ខែគ្រូបឋមហេតុអ្វីក៏លើសគ្រូអនុវិទ្យាល័យ? អ្នកសរសេរខុស ឬរដ្ឋាភិបាលគិតខុស? សូមបញ្ជាក់ឡើងវិញឲ្យបានច្បាស់ផង។

  3. Sophat says:

    គ្រូៗនៅវិទ្យាល័យសាមគ្គីពិតជាក្លាហានមែន។ ខ្ញុំសូមឲ្យលោកគ្រូគ្រប់សាលាទាំងអស់ត្រូវតែ ក្លាហានទាមទានូវបៀវត្សដើម្បីរស់ឲ្យសមរម្យ សេចក្តីថ្លៃថ្នូរ កុំដូចសព្វថ្ងៃនេះ គ្រូបង្រៀនមិនមាន តម្លៃទាល់តែសោះ ដោយសារគ្រូភាគច្រើនដើម្បីក្រពះបានពាក់ព័ន្ធជាមួយសិស្ស។ សូមគ្រូទាំងអស់ត្រូវចូលរួមឲ្យទាមទា នូវអ្វីដែលយើងចង់បាន។