មន្ត្រី​ក្រសួង​វប្បធម៌​គ្រោង​ស្នើ​ឲ្យ​ក្រសួង​អប់រំ​បញ្ចូល​របាំ​តន្ត្រី​និង​ល្ខោន​ក្នុង​កម្មវិធី​សិក្សា​ថ្នាក់​ជាតិ

ដោយ ខែ សុណង
2014-08-21
RFA

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ  ៦២០
ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​ធ្វើ​សន្និសីទ​កាសែត​ត្រៀម​រៀប​ចំ​សិក្ខា​​សាលា​​ថ្នាក់​ជាតិ​ស្ដី​ពី យុវជន និង​ការ​អភិវឌ្ឍ​វប្បធម៌ ការ​អភិវឌ្ឍ​ទំនើបកម្ម និង​ការ​បង្កើត​ថ្មី នា​សាល​មហោស្រព​ចតុមុខ នៅ​រសៀល​ថ្ងៃ​ទី ២១ ខែ​សីហា​នេះ។ RFA/Khe Sonorng

មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ មាន​គម្រោង​ស្នើ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​ដាក់​បញ្ចូល​របាំ​តន្ត្រី និង​ល្ខោន ទៅ​ក្នុង​កម្មវិធី​សិក្សា​ថ្នាក់​ជាតិ។

គម្រោង​នេះ គឺ​បាន​កើត​ឡើង​ស្រប​ពេល​ដែល​ក្រសួង​វប្បធម៌ បើក​សន្និសីទ​សារព័ត៌មាន​មុន​រៀបចំ​សិក្ខា​សាលា​ថ្នាក់​ជាតិ ស្ដីពី​យុវជន និង​ការ​អភិវឌ្ឍ​វប្បធម៌ ការ​អភិរក្ស​ទំនើប​កម្ម និង​ការ​បង្កើត​ថ្មី នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ដើម្បី​ជំរុញ​ឲ្យ​យុវជន​មាន​ការ​យល់​ដឹង​ពី​សិល្បៈ​វប្បធម៌ ហើយ​ចូលរួម​ថែ​រក្សា និង​អភិរក្ស។

មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ មាន​បំណង​យក​មជ្ឈមណ្ឌល​អប់រំ​បណ្ដុះបណ្ដាល​តាម​ភូមិ​ភាគ​ទាំង​៦ របស់​ក្រសួង​អប់រំ ជា​ទី​កន្លែង​ផ្ដល់​ការ​ចេះ​ដឹង​ផ្នែក​សិល្បៈ​វប្បធម៌។

រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក សំរាំង កំសាន្ត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ សីហា ថា ដោយ​មើល​ឃើញ​និន្នាការ​យុវជន​បច្ចុប្បន្ន ពួក​គេ​ស្រឡាញ់ និង​ចូល​ចិត្ត​វប្បធម៌​បរទេស​ជាង​វប្បធម៌​ជាតិ​របស់​ខ្លួន​នោះ លោក​ចង់​ឲ្យ​ក្រសួង​អប់រំ សហការ​ដាក់​សិល្បៈ​បុរាណ ដូច​ជា របាំ តន្ត្រី ល្ខោន ជាដើម នៅ​ក្នុង​កម្មវិធី​សិក្សា​ថ្នាក់​ជាតិ ពីព្រោះ​ការ​បញ្ចូល​ផ្នែក​សិល្បៈ​វប្បធម៌​នៅ​ក្នុង​កម្មវិធី​សិក្សា​ដែល​មាន​ស្រាប់ ដូច​ជា ចម្រៀង កំណាព្យ ការ​គូរ​គំនូរ ជាដើម​នោះ​នៅ​មាន​ចំនួន​តិចតួច​ពេក​ណាស់។

លោក​ថា បើ​អាច​ធ្វើ​បាន វា​ជា​វិធានការ​មួយ​ដ៏​មាន​ប្រសិទ្ធភាព៖ «ប្រហែល​ជា​យើង​យក​មជ្ឈមណ្ឌល​អប់រំ និង​បណ្ដុះបណ្ដាល​តាម​ភូមិ​ភាគ​របស់​ក្រសួង​អប់រំ គាត់​មាន​និស្សិត​គ្រូ​ច្រើន យើង​យក​និស្សិត​គ្រូ​ហ្នឹង​ទៅ​ជា​គ្រូ​ដែល​មាន​ចំណេះ​ដឹង​បន្ថែម​អំពី​សិល្បៈ​វប្បធម៌ ហើយ​យើង​បញ្ជូន​គ្រូ​សិល្បៈ​វប្បធម៌ ទៅ​ទី​ហ្នឹង​ទៅ បង្ហាត់​គាត់​នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ហ្នឹង ឲ្យ​គាត់​បន្ត មាន​តែ​គាត់​ទេ​ដែល​អាច​បន្ត​បាន​ហើយ​លឿន។ នេះ​ជា​គំនិត​របស់​យើង ក៏ប៉ុន្តែ​អត់​ទាន់​បាន​សម្រេច​ទេ យើង​កំពុង​តែ​ចាប់​អារម្មណ៍​ចំណុច​នេះ»

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​បណ្ឌិត ហង់ ជួនណារ៉ុន ថ្លែង​ថា ក្រសួង​ឯកភាព​ចំពោះ​ការ​ស្នើសុំ​នេះ។ ប៉ុន្តែ លោក​មើល​ឃើញ​ថា បញ្ហា​ចោទ​នោះ គឺ​បញ្ហា​ខ្វះ​គ្រូ​ផ្នែក​សិល្បៈ​ដែល​នឹង​មក​ចូល​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​អប់រំ។ ហើយ​ក្រសួង នឹង​ពិចារណា​ចំពោះ​ការ​ស្នើ​នេះ។

មជ្ឈមណ្ឌល​អប់រំ​បណ្ដុះបណ្ដាល​តាម​ភូមិ​ភាគ​របស់​ក្រសួង​អប់រំ នៅ​តាម​ភូមិ​ភាគ​ទាំង​៦​នោះ មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ចាម ខេត្ត​ព្រះសីហនុ ខេត្ត​បាត់ដំបង ខេត្ត​សៀមរាប និង​ខេត្ត​ក្រចេះ។

ការ​លើក​ឡើង​របស់​មន្ត្រី​ក្រសួង​វប្បធម៌ នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ត្រៀម​រៀបចំ​សិក្ខា​សាលា​ថ្នាក់​ជាតិ ស្ដីពី​យុវជន និង​ការ​អភិវឌ្ឍ​វប្បធម៌ ការ​អភិរក្ស​ទំនើប​កម្ម និង​ការ​បង្កើត​ថ្មី នៅ​ថ្ងៃ​ទី​២១ ខែ​សីហា។

សិក្ខា​សាលា​ថ្នាក់​ជាតិ​នេះ មាន​បំណង​ជំរុញ​ឲ្យ​យុវជន​មាន​ការ​យល់​ដឹង​ឲ្យ​បាន​ត្រឹមត្រូវ ពី​វិស័យ​វប្បធម៌ និង​សិល្បៈ ហើយ​ចូលរួម​ការពារ​ថែ​រក្សា និង​អភិរក្ស។ សិក្ខា​សាលា​ថ្នាក់​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៦ ខែ​សីហា នឹង​បើក​ឲ្យ​យុវជន​ចូល​ដោយ​សេរី នៅ​សាល​មហោស្រព​ចតុមុខ។ ក្រសួង​វប្បធម៌ គ្រោង​ឲ្យ​យុវជន​ចូលរួម​ប្រមាណ ៧០០​នាក់ ឬ​លើស​ពី​នេះ។ ក្នុង​ពេល​នោះ ក៏​មាន​ការ​សួរ​សំណួរ និង​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្រសួង រៀមច្បង​សិល្បៈ និង​សាស្ត្រាចារ្យ ដើម្បី​បង្កើត​ព្រឹត្តិការណ៍​វប្បធម៌ ក្នុង​ទិវា​វប្បធម៌​ជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles