យុវជន​៣នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​ដោះ​លែងឲ្យ​នៅក្រៅ​ឃុំ​​

ដោយ៖​ កាន់ វិច្ឆិកា​​
ថ្ងៃសុក្រ ទី22 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

សកម្មជន៣រូបរបស់គណបក្សសង្រ្គោះជាតិ ដែលត្រូវបាន​ចាប់ខ្លួននាពេលកន្លងមក ហើយត្រូវ​បានអនុញ្ញាត​ឲ្យនៅក្រៅឃុំព្រឹកនេះ (រូបថតពីបណ្តាញ​សង្គមហ្វេសប៊ុក)

​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៣​រូប​ ដែល​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទ​ទាក់ទង​ករណី​ហិង្សា​ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី​១៥ កក្កដា នៅ​ព្រឹកនេះ ត្រូវបាន​សាលា​ឧទ្ធរណ៍​សម្រេច​ឲ្យនៅ​ក្រៅ​ឃុំ ដោយ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​។​

​លោក ហ៊ូ វ៉ាន មានប្រសាសន៍​ក្រោយ​ចេញពី​សវនាការ​សាលាឧទ្ធរណ៍​លើ​ករណី​យុ​វជ​ន​ទាំង​បី​នាក់​ថា ការសម្រេច​ដាក់​ឲ្យ​យុវជន​ទាំង​៣​នាក់​នៅ​ក្រៅ​ឃុំ​ដោយ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​នេះ គឺជា​យុត្តិធម៌​មួយ​សម្រាប់​ពួកគេ​។ លោក​ថា សម្រាប់​យុវជន​៥​នាក់​ផ្សេង​ទៀត​ដែល​នឹង​ត្រូវ​កោះហៅ​នាពេល​ខាងមុខ​នេះ គ្រាន់តែ​ជា​ឥទ្ធិពល​នៃ​នីតិវិធី​ប៉ុណ្ណោះ ប៉ុន្តែ​នឹង​មិន​មាន​បញ្ហា​អ្វី​ចោទ​នោះទេ​។

​សម្រាប់​តំណាងរាស្ត្រ​ជាប់ឆ្នោត​ខេត្តស្វាយរៀង លោក រៀល ខេ​មរិ​ន្ទ្រ ដែល​បាន​ចូលរួម​តាមដាន​ក្នុង​សវនាការ​នោះដែរ មានប្រសាសន៍ថា យុវជន​ទាំង​៣​រូបនេះ ត្រូវបាន​សាលា​ឧទ្ធរណ៍​សម្រេច​ឲ្យនៅ​ក្រៅ​ឃុំ តែ​សម្រាប់​សម្ភារ ដែល​តុលាការ​រឹបអូស ដូចជា រថយន្ត ទូរស័ព្ទដៃ​ជាដើម​នោះ នឹងត្រូវ​បើក​សវនាការ​សម្រេច​ម្តងទៀត​នៅ​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០១៤ ខាងមុខ​។​

​បើ​តាម​មេធាវី​របស់​យុវជន​ទាំង​៣​នាក់​នោះ លោក ជិន លីដា លើកឡើងថា ក្នុង​ការដោះលែង​ឲ្យ​ស្ថិតនៅក្រៅឃុំ យុវជន​ទាំង​៣​នាក់​ត្រូវ​បំពេញ​លក្ខខណ្ឌ​របស់​តុលាកា​ចំនួន​៤ រួមមាន ទី​១ មិន​ត្រូវ​ចាកចេញ​ទៅ​ក្រៅប្រទេស ទី​២ មិន​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ ទី​៣ ពេល​តុលាការ​កោះហៅ​ត្រូវ​តែ​ចូល​ខ្លួន​តាម​ការ​កោះ និង​ទី​៤ ត្រូវ​ដាក់​ប្រាក់​តម្កល់​១០​លាន​រៀល​ក្នុង​ម្នាក់​។​

​អ្នកស្រី ង៉ូវ ភឿង ម្តាយ​របស់​យុវជន​សង្គ្រោះ​ជាតិ​គឺ​លោក នាង សុ​ឃុន ដែល​ទើបតែ​ត្រូវ​បាន​សម្រេច​ឲ្យនៅ​ក្រៅ​ឃុំ សម្តែង​ពី​ការ​សារ​ទ​រលើ​ការសម្រេច​របស់​សាលាឧទ្ធរណ៍​ថា អ្នកស្រី​សប្បាយរីករាយ​ណាស់​ដោយ​បាន​ឃើញ​កូន​ចេញពី​មន្ទីរឃុំឃាំង បើ​ទោះជា​ត្រូវ​ស្ថិតនៅ​ក្រៅ​ឃុំ​ក៏ដោយ​។​

​ពាក់ព័ន្ធ​នឹង​ការដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ​នេះ​ដែរ ប្រធាន​ផ្នែក​ស៊ើបអង្កេត​សិទ្ធិមនុស្ស​សមាគម​អាដហុក លោក នី ចរិយា យល់ថា ការសម្រេច​របស់​សាលាឧទ្ធរណ៍​គ្រាន់តែ​ជា​រឿង​នយោបាយ​ដូច​ទៅ​នឹង​រឿង​ចាប់ខ្លួន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក​ដែរ​។ លោក​ថា បើ​តាម​ផ្លូវច្បាប់​អ្នក​ទាំង​៣​នោះ​គឺ​មិន​មាន​ទោស​នោះទេ ដូច្នេះ​តុលាការ​គ្រាន់តែ​ធ្វើ​ឲ្យ​ត្រឹមត្រូវ​តាម​នីតិវិធី​ប៉ុណ្ណោះ​។

​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៣​រូប​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២ ខែ​សីហា​នោះ រួមមាន លោក ឃិន ជំរឿន ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខណ្ឌ​ច្បារអំពៅ លោក សាន គីមហេង ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌទួលគោក និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខណ្ឌទួលគោក និង​លោក នាង សុ​ឃុន ហេរញ្ញិក​ចលនា យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ច្បារអំពៅ។​

​ដោយឡែក​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​កោះហៅ​ឲ្យចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ពេលខាងមុខ​៕

កែតម្រូវ៖ លក្ខខណ្ឌទី៤នៃការដោះលែងយុវជន៣នាក់ គឺត្រូវដាក់តម្កល់ប្រាក់ចំនួន១០លានរៀល មិនមែន៤លានរៀលដូចការចុះផ្សាយមុនទេ។

សូមសរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា​ តាមរយៈ vicheika@vodhotnews.com

What Next?

Recent Articles

2 Responses to "យុវជន​៣នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​ដោះ​លែងឲ្យ​នៅក្រៅ​ឃុំ​​"

  1. CountryStudent says:

    shared from facebook

    ប្រទេសលាវបានបង្កើតរដ្ឋាភិបាលនិរទេសដើម្បីរំដោះប្រទេសពីការ
    គ្រប់គ្រងរបស់យួន ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ព្រោះសម័យ
    នេះហើយគេមិនដែលឲ្យឣ្នកឯងមកគ្របគ្រងងាយទេ
    មិនមែនសម័យសង្គ្រាមលោកទេ

  2. Kdor TOM says:

    តុលាការកាត់ក្តីតាមអនុសាសន៌ ??? ពួកអាលាមក !