ដោយ៖ តាំង វីដា
ថ្ងៃសុក្រ ទី22 សីហា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
សង្គមស៊ីវិលមួយចំនួន គាំទ្រចំពោះទស្សនៈដែលថា ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល គួរកំណត់អាណត្តិខ្លួនឯង ស្របពេលគ្នានឹងការទាមទារឲ្យមានការកំណត់អាណត្តិនាយករដ្ឋមន្ត្រី ប៉ុន្តែករណីនេះ អ្នកវិភាគយល់ថា នេះមិនមែនជារឿងចាំបាច់ឡើយ។
ការលើកឡើងនេះ ជាការឆ្លើយតបមួយ ជុំវិញមតិរបស់មជ្ឈដ្ឋានសាធារណៈ មកកាន់សង្គមស៊ីវិល បន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលមួយចំនួន បានឯកភាពដាក់សំណើទៅរដ្ឋសភាជាតិ ឲ្យធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ជុំវិញពីការកំណត់អាណត្តិនាយករដ្ឋមន្ត្រី។
នាយកប្រតិបត្តិអង្គការនិកហ្វិច លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា តាមការអនុវត្តជាក់ស្តែង អាណត្តិរបស់ថ្នាក់ដឹកនាំសង្គមស៊ីវិល គឺត្រូវបានកំណត់រួចជាស្រេចហើយ តាមរយៈសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលនៃស្ថាប័ននីមួយៗ។ ប៉ុន្តែ លោកគាំទ្រការកំណត់អាណត្តិខ្លួនឯងរបស់ថ្នាក់ដឹកនាំសង្គមស៊ីវិល អាចនឹងនាំមកនូវការផ្លាស់ប្តូរថ្មី សម្រាប់ការអភិវឌ្ឍន៍អង្គការនោះផងដែរ «ខ្ញុំគិតថា តាមការបោះឆ្នោត ពីក្រុមប្រឹក្សាភិបាលជារឿងមួយ មួយទៀតការកំណត់អាណត្តិក៏ជារឿងល្អដែរ ពីព្រោះការផ្លាស់ប្តូរ ឧទាហរណ៍ថា មនុស្សម្នាក់ធ្វើការលើសពី១០ឆ្នាំ ក៏អាចធន់ទ្រាន់នឹងការងារហ្នឹងដែរ ហើយក៏អាចធ្វើឲ្យការងារហ្នឹងនៅដដែលៗ»។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ក៏បានបង្ហាញការយល់ឃើញតាមរយៈហ្វេសប៊ុករបស់លោកថា ជាគោលការណ៍ អង្គការសង្គមស៊ីវិល គួរតែបង្កើតនូវគំរូនៃការកំណត់អាណត្តិថ្នាក់ដឹកនាំនេះ ដើម្បីរួមគ្នាលុបបំបាត់នូវវប្បធម៌ក្រាញអំណាច ហើយផ្តល់ឱកាសដល់អ្នកជំនាន់ក្រោយបន្តវេន និងបញ្ចេញសមត្ថភាព។
សម្រាប់ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ដែលបានលាលែងពីតំណែងជាប្រធាននៃស្ថាប័ននេះកាលពីខែមីនាកន្លងទៅ យល់ថា មិនគួរមានច្បាប់ណាមួយ ដើម្បីដាក់លក្ខខណ្ឌជុំវិញការកំណត់អាណត្តិរបស់ថ្នាក់ដឹកនាំសង្គមស៊ីវិលនោះទេ ប៉ុន្តែសង្គមស៊ីវិលផ្ទាល់ គួរមានបទបញ្ជាផ្ទៃ ក្នុងការកំណត់អាណត្តិរបស់ខ្លួន ដើម្បីបង្ហាញឆន្ទៈនៃកំណែទម្រង់របស់ស្ថាប័ន «គួរមានច្បាប់រដ្ឋ ច្បាប់ជាតិផងដែរ ប៉ុន្តែខ្លួនគាត់គួរកំណត់អាណត្តិទៅ វាជួយ អត់មានប៉ះពាល់ទេ។ ប្រសិនជាស្ថាប័នសង្គមស៊ីវិលគាត់ធ្វើល្អ គឺជួយដល់សង្គមហើយ។ អ៊ីចឹងខ្លួនគាត់ត្រូវតែពង្រឹងខ្លួនគាត់ដែរ មិនមែនយើងចេះតែរិះគន់គេ ហើយយើងអត់ពង្រឹងខ្លួនគាត់ អត់ខ្លួនឯង។ យើងនៅក្រាញ យើងនៅធ្វើអីស្រេចចិត្ត យើងនៅអត់ព្រមធ្វើការស្រាវជ្រាវអី នោះអត់បានទេ យើងមានកាតព្វកិច្ច តួនាទីដែរ។ ខ្ញុំគាំទ្រឲ្យសង្គមស៊ីវិលគាត់កំណត់អាណត្តិដោយខ្លួនគាត់»។
ដោយឡែក អ្នកវិភាគនយោបាយ លោក សុខ ទូច យល់ថា អង្គការសង្គមស៊ីវិល គឺកើតចេញពីគំនិតផ្តួចផ្តើមរបស់មនុស្សមួយក្រុមតែប៉ុណ្ណោះ ហើយការកំណត់អាណត្តិនេះ មិនមែនជារឿងចាំបាច់នោះទេ ព្រោះតួនាទីរបស់ថ្នាក់ដឹកនាំនៃស្ថាប័នទាំងនោះ គឺអាស្រ័យលើការតែងតាំងដោយម្ចាស់ជំនួយ និងក្រុមប្រឹក្សាភិបាល។ លោកបន្តថា ការកំណត់អាណត្តិរបស់សង្គមស៊ីវិល និងអាណត្តិរបស់នាយករដ្ឋមន្ត្រី គឺជារឿងពីរដាច់ដោយឡែកពីគ្នា «តាមពិតអ្នកខ្លះ និយាយអត់គិតអំពីអង្គហេតុ អត់គិតពីប្រព័ន្ធគ្រប់គ្រងរដ្ឋ។ ដល់ពេលកម្ពុជា វាកើតចេញមកពីអំណាចប្រជាជន មិនមែនអំណាចកើតចេញពីមួយក្រុមទេ។ សង្គមស៊ីវិល មិនមែនកើតចេញពីអំណាចប្រជាជនឯណា កើតពីការផ្តួចផ្តើមមនុស្សមួយក្រុម បុគ្គលម្នាក់»។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ អង្គការសង្គមស៊ីវិល ដែលបានកំពុងបំពេញការងារនៅកម្ពុជា មានប្រមាណជាង ៣០០០អង្គការ ហើយក្នុងនោះ មានអង្គការមួយចំនួន ដែលធ្វើការទាក់ទងនឹងសកម្មភាពនយោបាយ និងរិះគន់សកម្មភាពរបស់រដ្ឋាភិបាល។ ជាឧទាហរណ៍ អំឡុងពេលក្រោយការបោះឆ្នោតនីតិកាលទី៥ អង្គការសង្គមស៊ីវិល ជាង៤០បានចងក្រងជាបណ្តុំ នៃបន្ទប់ស្ថានការណ៍ និងបានឃ្លាំមើលរាល់ទំនាស់នយោបាយ ដែលកើតមានចំពោះគណបក្សជាប់ឆ្នោតទាំងពីរ។
សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com