ដោយ ខែ សុណង
2014-08-23
RFA

កម្មករលើកបដាទាមទារប្រាក់ខែគោល ១៦០ដុល្លារ តវ៉ានៅក្បែរទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១៣។ RFA/Mom Sophon
ដំណើរការដោះស្រាយដំឡើងប្រាក់ឈ្នួលគោលឲ្យកម្មករផ្នែកវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ កំពុងស្ថិតនៅក្នុងការចរចាពីតួលេខប្រាក់ឈ្នួលជាក់លាក់ ដែលស្នើដោយក្រុមសហជីពជាតំណាងកម្មករដាក់ជូនមន្ត្រីជាន់ខ្ពស់ក្រសួងការងារ នៅថ្ងៃទី២២ ខែសីហា។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកោះអញ្ជើញសមាជិកគណៈកម្មការប្រឹក្សាការងារ ដើម្បីពិភាក្សាលើទិន្នន័យមួយចំនួន ដើម្បីកំណត់ប្រាក់ឈ្នួលជូនកម្មករសម្រាប់ឆ្នាំ២០១៥។
សមាជិកគណៈកម្មការប្រឹក្សាការងារ បានប្រកាន់ជំហររបស់ខ្លួនក្នុងការទាមទារដំឡើងប្រាក់ឈ្នួល ១៧៧ដុល្លារ ដាក់ជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាថ្មីម្ដងទៀត មុននឹងឈានទៅដល់កិច្ចប្រជុំត្រីភាគី សម្រេចដំឡើងប្រាក់ឈ្នួលជូនកម្មករសម្រាប់ឆ្នាំ២០១៥ ខាងមុខ។
អនុប្រធានគណៈកម្មការប្រឹក្សាការងារ លោក ជួន មុំថុល ឲ្យដឹងនៅថ្ងៃទី២២ សីហា បន្ទាប់ពីកិច្ចប្រជុំជាមួយក្រសួងការងារ ថា សមាជិកគណៈកម្មការប្រឹក្សាការងារដែលមានសហជីពចំនួន៧ ជាសមាជិក បានបង្ហាញរបាយការណ៍ និងដាក់តួលេខនៃការទាមទារដំឡើងប្រាក់ឈ្នួលគោលរបស់កម្មករចំនួន ១៧៧ដុល្លារក្នុងមួយខែ ទៅរដ្ឋមន្ត្រីក្រសួងការងារ ដើម្បីស្នើសុំអនុសាសន៍ត្រឡប់មកវិញ។
លោក ជួន មុំថុល៖ «និយាយរួមទៅ ភាគីកម្មករបានដាក់តួលេខមួយជូនរដ្ឋាភិបាលរួចហើយ គឺយើងនឹងស្នើសុំការចរចានូវចំនួន១៧៧ យើងបានចរចាគ្នាជាមួយនិយោជក ហើយយើងយកតួលេខហ្នឹងជូនរដ្ឋាភិបាលស្នើសុំការគាំទ្រពីរដ្ឋាភិបាល ហើយស្នើសុំការសម្របសម្រួលពីរដ្ឋាភិបាលអាចចុះនូវចំនួនណាមួយ ដែលភាគីកម្មករអាចទទួលយកបាន។ យើងនឹងទទួលយក យើងមិនមែនរឹងត្អឹងនៅលើតួលេខហ្នឹងទេ»។
ការលើកឡើងនេះ បន្ទាប់ពីក្រសួងការងារ បានកោះហៅសមាជិកគណៈកម្មការក្រុមប្រឹក្សាការងារ នៅថ្ងៃទី២២ ខែសីហា ឲ្យចូលរួមប្រជុំទ្វេភាគីជាមួយភាគីរដ្ឋាភិបាល នៅក្រសួងការងារ ដើម្បីពិភាក្សាលើទិន្នន័យមួយចំនួន ដើម្បីយកជាធាតុចូលក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងឆ្នាំ២០១៥។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (CCAWDU) លោក អាត់ ធន់ ដែលបានចូលកិច្ចប្រជុំនេះដែរ មានប្រសាសន៍ថា នេះជាដំណើរការល្អនៃការចរចាដំឡើងប្រាក់ឈ្នួលជូនកម្មករ។ លោកបញ្ជាក់ថា មានចំណុចពីរដែលមិនទាន់ត្រូវរ៉ូវគ្នា គឺការដំឡើងប្រាក់ឈ្នួល និងពេលវេលានៃការអនុវត្តដំឡើង ដែលសហជីពចង់ឲ្យអនុវត្តនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ ហើយរដ្ឋាភិបាលចង់អនុវត្តនៅឆ្នាំ២០១៥។ ក៏ប៉ុន្តែទោះជាយ៉ាងណា សហជីពចង់ឲ្យរដ្ឋាភិបាលជំរុញដំឡើងប្រាក់ឈ្នួលដល់កម្រិតមួយ ដែលកម្មករអាចរស់នៅសមរម្យ នៅចំពេលដែលសមាគមនិយោជក អ្នកបញ្ជាទិញ និងស្ថាប័នពាក់ព័ន្ធ កំពុងបើកភ្លើងខៀវចង់ឲ្យមានដំណោះស្រាយរួមនោះ។
លោក អាត់ ធន់៖ «ហ្នឹងជាឱកាសដែលរដ្ឋាភិបាលត្រូវតែពិនិត្យយ៉ាងណា ដើម្បីឡើងបានសមរម្យ បើពេលមុនខាងនិយោជកអត់ចូលជួប (Buyers) អ្នកបញ្ជាទិញមិនបង្ហាញជំហរមានបញ្ហាអីច្រើនទៀត ដល់ពេលនេះគ្រប់ភាគីនឹងចូលរួមនៃការជជែកហ្នឹងឯង នេះជាឱកាសរបស់រដ្ឋាភិបាលក្នុងការកំណត់ប្រាក់ឈ្នួលមួយសមរម្យសម្រាប់ប្រទេសកម្ពុជាហើយ»។
លទ្ធផលស្រាវជ្រាវរបស់រដ្ឋាភិបាលបានសិក្សាកាលពីចុងឆ្នាំ២០១២ រកឃើញថា ប្រាក់ខែគោលរបស់កម្មករ អាចនឹងទទួលបានពីចន្លោះ ១៥៧ដុល្លារ ទៅ ១៧៧ដុល្លារ ដើម្បីអាចរស់នៅបានសមរម្យ។ ប៉ុន្តែជាលទ្ធផល ក៏សម្រេចដំឡើងឲ្យដល់កម្មករបានត្រឹម ១០០ដុល្លារតាំងពីខែកុម្ភៈ ឆ្នាំ២០១៤ មក។
កាលពីសប្ដាហ៍មុន សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានព្រមព្រៀងដំឡើងប្រាក់ខែឲ្យកម្មករក្នុងវិស័យកាត់ដេរចំនួន ១៥ដុល្លារបន្ថែមទៀតលើប្រាក់ខែបច្ចុប្បន្ន សម្រាប់ឆ្នាំ២០១៥។ ប៉ុន្តែខាងសហជីពបដិសេធ និងទទូចទាមទារ ១៧៧ដុល្លារ។ ភាគីពាក់ព័ន្ធ នឹងជួបពិភាក្សាគ្នា រួមទាំងបើកសិក្ខាសាលាជាច្រើនលើកទៀត មុននឹងឈានទៅដល់កិច្ចប្រជុំត្រីភាគី ដើម្បីសម្រេចចរចាដំឡើងប្រាក់ឈ្នួលនៅអំឡុងខែកញ្ញា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- CCIM នឹងរៀបចំកិច្ចពិភាក្សាពីការសន្លប់របស់កម្មករនៅតាមរោងចក្រនៅថ្ងៃ២៤សីហា
- កម្មកររោងចក្រស៊ីងហ្វាងធ្វើកូដកម្មមិនចូលធ្វើការឈានដល់ថ្ងៃទី៥ហើយ
- ពលករធ្វើការនៅថៃត្អូញត្អែរពីការលំបាកដោយសារក្រុមហ៊ុនដកយកលិខិតឆ្លងដែន
- កម្មកររោងចក្រស្បែកជើងនៅកំពង់ស្ពឺធ្វើកូដកម្មទាមទារប្ដូរលក្ខខណ្ឌការងារ១៧ចំណុច
- សហជីព៖ កម្មករជាង១ពាន់នាក់សន្លប់និង៣នាក់ស្លាប់ក្នុងរយៈពេល៨ខែ
- កម្មកររោងចក្រជីនយីរារាំងសមត្ថកិច្ចមិនឲ្យចាប់តំណាងសហជីព
- ភាគីកម្មករនិងតំណាងរោងចក្រស៊ីងហ្វាងជួបក្រសួងការងារថ្ងៃរសៀលនេះ
- កម្មករចម្ការកៅស៊ូមេមត់បារម្ភរឿងក្រុមហ៊ុនតម្រូវឲ្យធ្វើប្រវត្តិរូបនិងផ្ដិតមេដៃ
- កម្មកររោងចក្រស៊ីងហ្វាងធ្វើកូដកម្មដល់ថ្ងៃទី៣
មានអ្នកមានអណាចខ្លះមានភាគហុនក្នុងរេាងចក្រដូចនេះពិបាកក្នុងកាទាមទារបា្រក់កម្មករ៊៊៊៊៊៊៊៊៊៊៊តែបេីបា្រក់សំរាបទិញវិឡាអេាយស្រីមាន