ដោយ៖ ប៉ែន ប៉ូលីន
ថ្ងៃសៅរ៍ ទី23 សីហា 2014
http://vodhotnews.com
អ្នកយកព័ត៌មាននៅខេត្តកោះកុងម្នាក់ អះអាងថា មន្ត្រីបរិស្ថានស្រុកស្រែអំបិល ដែលលោកធ្លាប់ប្ដឹងទៅតុលាការខេត្តកោះកុងពីបទបង្ករបួសស្នាម បានប្ដឹងលោកទៅសាលាឧទ្ធរណ៍ដោយចោទពីបទ រំខានការងារ និងគំរាមកំហែងមន្ត្រីសាធារណៈ។
អ្នកយកព័ត៌មានឲ្យកាសែត “ថ្ងៃនេះ” លោកយួន ឈីវ បានប្រាប់VODនៅព្រឹកថ្ងៃសៅរ៍នេះថា មូលហេតុដែលនាំឲ្យមានការប្ដឹងចោទរូបលោកទៅសាលាឧទ្ធរណ៍នេះ ដោយសារតែរូបលោកធ្លាប់មានជម្លោះជាមួយលោក ម៉េង តិច ជាប្រធានការិយាល័យបរិស្ថានស្រុកស្រែអំបិល និងជាប្រធានការពារតំបន់ច្រើនយ៉ាងដងពែង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅទីស្នាក់ការស្រុកស្រែអំបិល ខណៈលោកចុះទៅយកព័ត៌មានពាក់ព័ន្ធនឹងមន្ដ្រីរូបនោះ ចុះចាប់ទូកប្រជានេសាទចំនួន៣គ្រឿង និងទារប្រាក់៣លានរៀល ជាថ្នូរនឹងការដោះលែង។
លោកយួន ឈីវ បញ្ជាក់ថា លោកបានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តកោះកុង ប្ដឹងលោកម៉េង តិច ពីបទក្របួចកអាវ និងច្របាច់កលោកឲ្យមានរបួសស្នាម និងបទជេរប្រមាថ ប៉ុន្ដែសាលាដំបូងខេត្តកោះកុងមិនបានចាត់ការពាក្យបណ្ដឹងរបស់លោកទេ។ លោកបន្ថែមថា លោកមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈចៅក្រមស៊ើបអង្កេតសាលាឧទ្ធណ៍កោះហៅទៅសាកសួរ តាមពាក្យបណ្ដឹងរបស់លោកម៉េង តិច ពីបទគំរាមមកំហែងមន្ត្រីសាធារណៈទៅវិញ។
លោកយួន ឈីវ ក៏ឲ្យដឹងដែរថា ចៅក្រមសាកសួរសាលាឧទ្ធរណ៍លោក ចេង ប៊ុនលី បានបញ្ជាក់ប្រាប់លោកថា “នៅពេលនេះលោកស្ថិតនៅក្រោមការតាមដានរបស់តុលាការនៅឡើយ។ មួយវិញទៀត បើលោកមានទោសមែននោះ រូបលោកត្រូវជាប់ពន្ធនាគារពី១ទៅ៥ឆ្នាំ ផាកពិន័យពី១០លានទៅ១៥លានរៀលទៀតផង”។
VOD មិនអាចទាក់ទងចៅក្រមស៊ើបសួរលោក ចេង ប៊ុនលី ដើម្បីបំភ្លឺពីករណីនេះបាននៅឡើយទេ។ ចំណែក លោក ម៉េង តិច ប្រាប់VODនៅថ្ងៃសៅរ៍នេះថា លោកមិនអាចធ្វើការបកស្រាយ នៅពេលនេះបានទេ គឺទាល់តែមានការណែនាំពីរដ្ឋមន្ដ្រី ទើបអាចបកស្រាយបាន។
គួរបញ្ជាក់ថាជម្លោះរវាងអ្នកកាសែត និងមន្ត្រីបរិស្ថានស្រុកស្រែអំបិល ខេត្តកោះកុងនេះ បានកើតឡើងជិតមួយឆ្នាំមកហើយ ក្នុងនោះភាគីអ្នកកាសែតអះអាងថាខ្លួនជាអ្នករងគ្រោះ ប៉ុន្តែតុលាការខេត្តមិនបានចាត់ការលើពាក្យបណ្ដឹងរបស់លោកនោះទេ ផ្ទុយទៅវិញ បែរជាភាគីចុងចោទប្ដឹងលោកពីបទគំរាមកំហែងមន្ត្រីសាធារណៈទៅវិញ៕
សរសេរមកកាន់លោក ប៉ែន ប៉ូលីន តាមរយៈ penpoline@yahoo.com.au