តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថា តុលាការ​ខេត្ដ​សៀមរាប មិន​ផ្ដល់​យុត្ដិធម៌​ដល់​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​​

ដោយ៖​ បូ សាវី​
ថ្ងៃសៅរ៍ ទី23 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

តុលាការខេត្តសៀមរាប (រូបថត៖ បូ សាវី)

តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ដ​សៀមរាប ចោទប្រកាន់​តុលាការ​ខេត្ដ​នេះ​ថា ប្រព្រឹត​អំពើ​ពុករលួយ និង​មិន​ផ្ដល់​យុត្ដិធម៌​ដល់​អ្នក​មាន​ជម្លោះ​ដីធ្លី ដែល​ធ្វើឲ្យ​ជម្លោះ​កាន់តែ​អូសបន្លាយ​។​

​លោកស្រី កែ សុវណ្ណ​រតន៍​ថ្លែង​បែបនេះ នៅ​ពេល​ចុះ​សួរសុខទុក្ខ​ពលរដ្ឋ​ប្រមាណ​២៥០​នាក់ ដែល​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅខាងមុខ​របង​តុលាការ​ខេត្ដ​សៀមរាប  ដើម្បី​ទាមទារ​ស្ថាប័ន​នេះ​ទម្លាក់​បទ​ចោទ​លើ​តំណាង​ពួកគេ​៧​នាក់ នៅ​ភូមិ​តា​នី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ដែល​តុលាការ​កោះហៅ​ឲ្យចូល​ខ្លួន​នៅ​ថ្ងៃ​ទី​២២​ខែ​សីហា ករណី​ជម្លោះដីធ្លី​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​លោកស្រី​កែ សុវណ្ណ​រតន៍ មានប្រសាសន៍ថា តុលាការ បាន​យក​តួនាទី​របស់​ខ្លួន រំលោភ​លើ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ បម្រើឲ្យ​អ្នកមានអំណាច និង​អ្នកមាន​លុយ​។ លោកស្រី​បន្ដ​ថា ដីធ្លី​ជា​ទុន​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់​កសិករ បើ​ជម្លោះ​ដីធ្លី​អូសបន្លាយ​រាប់សិប​ឆ្នាំ នឹង​ធ្វើឲ្យ​ពួកគាត់​ជួប​ការលំបាក​ក្នុង​ជីវ​ភាព​។ លោកស្រី អំពាវនាវ​ឲ្យ​ស្ថាប័នតុ​លាកា​រ​ប្រើប្រាស់​អំណាច​ខ្លួន បម្រើ​ប្រជាពលរដ្ឋ​ប្រកប​ដោយ​យុត្ដិធម៌ ដើម្បី​កុំឲ្យ​ពលរដ្ឋ​បាត់បង់​ដីធ្លី និង​ក្លាយជា​ជន​ចំណាកស្រុក​នៅ​ក្រៅប្រទេស​។​

ពលរដ្ឋប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅខាងមុខ​របង​តុលាការ​ខេត្ដ​សៀមរាប (រូបថត៖ បូ សាវី)

​ករណីនេះ ព្រះរាជអាជ្ញារ អម​សាលាដំបូង ខេត្ដ​សៀមរាប ដែល​ទើប​ប្ដូរ​មក​ពី​ខេត្ដ​ព្រះ​វែង លោក កើត វណ្ណា​រ៉េត មិន​មាន​ប្រតិកម្ម​នោះទេ​។ លោក​ថា ស្ថាប័ន​នេះ​កំពុង​បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​ត្រឹមត្រូវ​ដល់​ពលរដ្ឋ​។​

​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស នៃ​អង្គការ​លីកាដូ ខេត្ដ​សៀមរាប លោក ចៅ ល័ក្ខវ​ណ្ណា មានប្រសាសន៍ថា ការចោទប្រកាន់​លើ​ប្រព័ន្ធតុលាការ ករណី​ពុករលួយ ជា​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​តំណាងរាស្ដ្រ​ក្នុង​ពេល​ជួប​ពលរដ្ឋ​។ លោក​បន្ដថា នីតិវិធី​របស់​តុលាការ ត្រូវ​ការស្វែងរក​ភ័ស្តុតាង​ច្រើន ដើម្បី​ដាក់បន្ទុក​ទៅលើ​ភាគី​ម្ខាងៗ ដើម្បី​ឲ្យមាន​យុត្ដិធម៌​៕

សូមសរសេរមកកាន់លោក បូ សាវី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles