ក្រុមហ៊ុន​ចិន​គ្រោង​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​តំបន់​ស្ទឹង​ឆាយ​អារ៉ែង​ដើម្បី​សង់​ទំនប់​វារីអគ្គិសនី

ដោយ តាំង សារ៉ាដា
2014-08-28
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ពលរដ្ឋ​នៅ​អារ៉ែង កោះកុង ៦២០
ពលរដ្ឋ​រស់នៅ​តំបន់​ស្ទឹង​ឆាយ​អារ៉ែង ខេត្ត​កោះកុង ដែល​រង​ការ​ប៉ះពាល់​ពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​របស់​ក្រុមហ៊ុន​ចិន ស៊ីណូហាយដ្រូ (Sinohydro)។ រូបថត​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៤ (RFA/Mom Sophon)

ក្រុម​មន្ត្រី​រ៉ែ និង​ថាមពល ខេត្ត​កោះកុង ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចិន ស៊ីណូហាយដ្រូ (Sinohydro) ដែល​សាងសង់​ទំនប់​វារីអគ្គិសនី​ក្នុង​តំបន់​ស្ទឹង​ឆាយ​អារ៉ែង កំពុង​ស្វែងរក​លទ្ធភាព​ក្នុង​ការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ភូមិដ្ឋាន​ចាស់ ទៅ​រស់នៅ​ក្នុង​តំបន់​ថ្មី​មួយ​ផ្សេង​ទៀត ដោយសារ​តំបន់​អារ៉ែង ស្ថិត​ក្នុង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី។ សកម្មជន​ការពារ​ព្រៃ​ឈើ ព្រមាន​ជា​មុន​ថា ពួក​គេ​នឹង​បិទ​ផ្លូវ​មិន​ឲ្យ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចូល​ក្នុង​តំបន់​នោះ​ឡើយ។

ក្រុម​អាជ្ញាធរ​ខេត្ត​កោះកុង ឲ្យ​ដឹង​ថា ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ចិន សាងសង់​ទំនប់​វារីអគ្គិសនី​ក្នុង​តំបន់​ស្ទឹង​ឆាយ​អារ៉ែង ជិត​ឈាន​ទៅ​ដល់​ការ​បញ្ចប់​ហើយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សកម្មជន​ការពារ​ព្រៃ​ឈើ​ប្ដេជ្ញា​ថា ពួក​គេ​នឹង​ការពារ​ជង្រុក​ព្រៃ​ដែល​នៅ​សេសសល់​ចុង​ក្រោយ​មួយ​នេះ​ឲ្យ​បាន​គង់វង្ស។

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កោះកុង លោក ពេជ្រ សាយុន អះអាង​ថា ក្រុមហ៊ុន ស៊ីណូហាយដ្រូ របស់​ចិន កំពុង​ស្វែងរក​លទ្ធភាព​ក្នុង​ការ​ផ្លាស់​ទីកន្លែង ការ​ផ្តល់​សំណង និង​ការ​ដោះដូរ​ព្រៃ​ឈើ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ស្ទឹង​ឆាយ​អារ៉ែង ដើម្បី​យក​ទីតាំង​នោះ​សាងសង់​ទំនប់​វារីអគ្គិសនី។ លោក​បន្ត​ថា រដ្ឋាភិបាល​នឹង​បដិសេធ​ក្រុមហ៊ុន​ចិន មួយ​នេះ ប្រសិន​បើ​ការ​សិក្សា​នោះ​រក​ឃើញ​ថា ទំនប់​វារីអគ្គិសនី​ដែល​គេ​គ្រោង​សាងសង់​នៅ​ពេល​ខាង​មុខ អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ និង​បរិស្ថាន​នោះ។

ប្រធាន​ចលនា​មាតា​ធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) បាន​សាទរ​ចំពោះ​ការ​បំភ្លឺ​របស់​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ប្រចាំ​ខេត្ត​កោះកុង រូប​នេះ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​របស់​លោក​នៅ​តែ​ប្រកាន់​ជំហរ​រឹងមាំ ក្នុង​ការ​រារាំង​ក្រុមហ៊ុន​ចិន ស៊ីណូហាយដ្រូ ពី​ការ​ចូល​ទៅ​ទន្ទ្រាន​សហគមន៍​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ស្ទឹង​ឆាយ​អារ៉ែង ដែល​តែង​តែ​ធ្លាប់​រស់នៅ​សុខសាន្ត​ប្រកប​របរ ដោយ​ការ​ទាញ​យក​អនុផល​ព្រៃ​ឈើ។

លោក​បន្ត​ថា ក្រុម​របស់​លោក​មិន​មែន​ជា​ក្រុម​អង្គការ​ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​អនុវត្ត​តាម​ច្បាប់​នោះ​ទេ ប៉ុន្តែ​ក្រុម​របស់​លោក​ជា​ឆ្មាំ​បរិស្ថាន និង​ព្រៃ​ឈើ​សម្រាប់​ប្រជាពលរដ្ឋ ដោយសារ​តំបន់​អារ៉ែង នេះ ជា​តំបន់​ព្រៃ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន។

តំបន់​អារ៉ែង ស្ថិត​ក្នុង​តំបន់​ព្រៃ​ការពារ​ភ្នំ​ក្រវាញ​ភាគ​កណ្ដាល ដែល​ជា​ព្រៃ​ក្រាស់ ហើយ​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍។ តំបន់​ព្រៃ​ស្តុក​នេះ​មាន​ទំហំ ៤​សែន ៦​ម៉ឺន​ហិកតារ លាត​សន្ធឹង​កាត់​ឃុំ​ជំនាប់ ឃុំ​ប្រឡាយ និង​ឃុំ​ថ្មដូនពៅ ស្ថិត​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង ហើយ​ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ស្ពឺ។

តំបន់​ស្ទឹង​អារ៉ែង ក្នុង​ខេត្ត​កោះកុង នេះ ត្រូវ​បាន​ចុះ​ក្នុង​អនុក្រឹត្យ​ការពារ​តាំង​ពី​ឆ្នាំ​២០០១ មក​ម្ល៉េះ។ ព្រៃ​នៅ​ទីនោះ​ជា​ព្រៃ​ស្រោង​ធម្មជាតិ ដែល​មាន​សត្វ​កម្រ​ជិត​ផុត​ពូជ​ជាង ៣០​ប្រភេទ រួម​មាន ក្រពើ​ភ្នំ ខ្លា​ធំ ដំរី ត្រី​នាគ ខ្លា​រខិន ខ្លា​ឃ្មុំ និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ទៀត។ ក្រៅ​ពី​សត្វ​ព្រៃ​កម្រ​ទាំង​នេះ តំបន់​អារ៉ែង ក៏​ជា​ជម្រក​រស់នៅ​របស់​ក្រុម​ជនជាតិ​ភាគ​តិច​ជង ដែល​រស់នៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ការ​ទាញ​យក​អនុផល​ព្រៃ​ឈើ។

ក្រុម​អ្នក​ស្រាវជ្រាវ​ឲ្យ​ដឹង​ថា កម្លាំង​វារីអគ្គិសនី​ដែល​ក្រុមហ៊ុន​ចិន ស៊ីណូហាយដ្រូ គ្រោង​ផលិត​នៅ​តំបន់​ស្ទឹង​អារ៉ែង នេះ មាន​តែ​ជាង ១០០​មេហ្គា​វ៉ាត់​ប៉ុណ្ណោះ ជា​ថាមពល​មួយ​ដ៏​ខ្សោយ​ជា​ទីបំផុត ហើយ​ថា ស្ទឹង​អារ៉ែង មិន​អាច​បង្កើត​ទំនប់​វារីអគ្គិសនី​បាន​ទេ ដោយសារ​ស្ទឹង​នេះ​មាន​បរិមាណ​ទឹក​តិចតួច​ដែល​គ្មាន​កម្លាំង​ទឹក​ហូរ។

ប្រធាន​ចលនា​មាតា​ធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ព្រមាន​ថា បើ​ទោះ​បី​ជា​កម្លាំង​ថាមពល​ពី​ទំនប់​វារីអគ្គិសនី​ចំណេញ​ដល់​ប្រទេស​ជាតិ​រហូត​ដល់​ទៅ​រាប់​ពាន់​លាន​មេហ្គា​វ៉ាត់​ក៏ដោយ ក៏​ក្រុម​របស់​លោក​នៅ​តែ​ជំទាស់​រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ ដោយសារ​តម្លៃ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៅ​ទីនេះ ជា​សម្បត្តិ​មហា​សាល​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ។ លោក​ជំរុញ​ឲ្យ​គណៈកម្មការ​បរិស្ថាន​នៃ​រដ្ឋសភា ធ្វើ​យ៉ាង​ណា​ចុះ​តាម​ដាន​សួរ​ដេញ​ដោល​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដែល​អាច​មាន​អាថ៌កំបាំង​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន ស៊ីណូហាយដ្រូ មាន​វត្តមាន​នៅ​តំបន់​ស្ទឹង​ឆាយ​អារ៉ែង នោះ។

ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​នេះ តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រឆាំង​ដែល​ទើប​មាន​តួនាទី​ក្នុង​រដ្ឋសភា លោក សុន ឆ័យ អះអាង​ថា លោក​នឹង​ស្នើ​ដល់​ប្រធាន​គណៈកម្មការ​ទី​បី​នៃ​រដ្ឋសភា ទទួល​បន្ទុក​ការងារ​បរិស្ថាន កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ ឲ្យ​ដឹក​នាំ​ក្រុម​ការងារ​របស់​ខ្លួន ចុះ​ស៊ើប​អង្កេត​ករណី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង ជា​បន្ទាន់។ លោក​អះអាង​ថា ក្រុមហ៊ុន​ចិន ស៊ីណូហាយដ្រូ នេះ​អាច​យក​លេស​កាប់​ព្រៃ​ឈើ​របស់​ខ្មែរ ច្រើន​ជាង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ជាក់ស្តែង។

វីដេអូ៖ ជនជាតិ​ជង​បារម្ភ​ខ្លាច​បាត់​បង់​ប្រពៃណី​និង​ជន​ជាតិ​ខ្លួន

 

ប៉ុន្តែ លោក ឈាង វុន តំណាង​រាស្ត្រ​ពី​ខាង​បក្ស​កាន់​អំណាច ធ្លាប់​អះអាង​ថា លោក​គាំទ្រ​ប្រសិន​បើ​ទំនប់​វារីអគ្គិសនី​បង្កើត​ឡើង អាច​ផ្តល់​ផល​ប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍ​ដល់​ប្រជាពលរដ្ឋ ជា​ជាង​ទុក​ព្រៃ​សម្រាប់​ការពារ​បរិស្ថាន​នោះ។

ក្រុម​អ្នក​ការពារ​បរិស្ថាន ឲ្យ​ដឹង​ថា ព្រៃ​ឈើ​របស់​ខ្មែរ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន ដោយសារ​គម្រោង​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ការ​រុក​រក​រ៉ែ ការ​ដាំ​ដំណាំ​កសិឧស្សាហកម្ម និង​សាងសង់​ទំនប់​វារីអគ្គិសនី​របស់​រដ្ឋាភិបាល ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក និង​បរទេស។

អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុង (London) ប្រទេស​អង់គ្លេស ព្រមាន​ថា ប្រសិន​បើ​ប្រតិបត្តិការ​រាវ​រក​រ៉ែ និង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ក្នុង​ប្រទេស​កម្ពុជា កាន់​តែ​រីក​រាល​ដាល​ជា​ទ្រង់ទ្រាយ​ធំ​ទៅ នោះ​វិបត្តិ​បរិស្ថាន​ប្រាកដ​ជា​ជះ​ឥទ្ធិពល​យ៉ាង​អាក្រក់​ទៅ​លើ​ពលរដ្ឋ​តាម​មូលដ្ឋាន សន្តិសុខ​ស្បៀង និង​ប្រភព​ទឹក​ស្អាត​សម្រាប់​មនុស្ស សត្វ និង​ជីវចម្រុះ​ផ្សេងៗ​ទៀត។

ទាក់ទិន​បញ្ហា​នេះ​ដែរ សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ អ័កស្វ៊ើត (Oxford) ខាង​ផ្នែក​សេដ្ឋកិច្ច និង​ជា​អតីត​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ប្រចាំ​នៅ​ធនាគារ​ពិភពលោក លោក ផល ខូលៀរ (Paul Collier) ធ្លាប់​បាន​បោះពុម្ព​សៀវភៅ​មួយ​ដែល​មាន​ចំណង​ជើង​ថា «ពិភព​ដែល​ត្រូវ​គេ​ប្លន់»។ សៀវភៅ​នោះ​សរសេរ​ថា ប្រទេស​ដែល​សម្បូរ​សម្បត្តិ​ធម្មជាតិ​ត្រូវ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​វា​អាច​ជា​លាភ ឬ​ជា​បណ្ដាសា ប្រសិន​បើ​ប្រទេស​ទាំង​នោះ​គ្មាន​ការ​ចាត់​ចែង និង​គ្រប់គ្រង​ឲ្យ​មាន​តម្លាភាព មាន​អំពើ​ពុក​រលួយ ឬ​ខ្វះ​ប្រព័ន្ធ​យុត្តិធម៌​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត។ បណ្ដាសា​ទាំង​នេះ ធ្លាប់​កើត​មាន​ក្នុង​ប្រទេស​សេរ៉ាឡេអូន (Sierra Leone) ដែល​ប្រទេស​មួយ​នេះ​សឹង​ត្រូវ​បាន​បំបែក​ជា​តំបន់​អបគមន៍​ជាច្រើន ដោយសារ​ជម្លោះ​ដណ្ដើម​កាន់​កាប់​តំបន់​រ៉ែ ត្បូង និង​ពេជ្រ។ ចំណែក​រ៉ែ​ប្រេង​នៅ​ប្រទេស​នីហ្សេរី (Nigeria) បាន​នាំ​ឲ្យ​មាន​សង្គ្រាម​ក្នុង​ស្រុក ដោយសារ​ការ​គ្រប់គ្រង​ពោរពេញ​ដោយ​អំពើ​ពុក​រលួយ​ក្នុង​ជួរ​មន្ត្រី​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "ក្រុមហ៊ុន​ចិន​គ្រោង​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​តំបន់​ស្ទឹង​ឆាយ​អារ៉ែង​ដើម្បី​សង់​ទំនប់​វារីអគ្គិសនី"

  1. នីឡុង says:

    រដ្ធាភិបាលពិតជាអសមត្ថភាពម៉េន ថោកទាបម៉ែន