ដោយ៖ អុិត សូធឿត
ថ្ងៃព្រហស្បតិ៍ ទី28 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
អាជីវកម្មរបស់ជនជាតិវៀតណាមនៅខេត្តស្វាយរៀង(រួបភាពដោយ ជា សុបញ្ញា)
ក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាន និងស្ថាប័នពាក់ព័ន្ធចាប់ផ្ដើមចុះធ្វើជំរឿនជនបរទេសតាមបណ្ដាខេត្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ប្រាប់ VOD នៅថ្ងៃព្រហស្បតិ៍នេះថា ខាងក្រសួងបានបង្កើតជាគណៈកម្មការ៧ក្រុមដែលមានតួនាទីចុះពន្យល់ណែនាំពីគោលការណ៍នៃការធ្វើជំរឿន ដល់ស្នងការដ្ឋាននៅតាមរាជធានីខេត្តនានា ដែលត្រូវបានចែកជា៧តំបន់ ដោយក្នុងតំបន់មួយៗមាន៣ទៅ៤ខេត្ត។
លោកបន្តថា គណៈកម្មការនីមួយៗបានចាប់ផ្ដើមចុះទៅតាមតំបន់ដែលខ្លួនទទួលខុសត្រូវ ដើម្បីធ្វើការពន្យល់ណែនាំ ហើយខេត្តខ្លះបានចាប់ផ្ដើមធ្វើជំរឿនហើយ។ លោកបញ្ជាក់ថា វាជាការធ្វើជំរឿនជនបរទេសទូទៅ មិនមែនធ្វើលើតែជនជាតិវៀតណាមទេ។
លោក ខៀវ សុភ័គ ឲ្យដឹងដែរថា តាមគោលការណ៍របស់ក្រសួង គឺតម្រូវឲ្យមានការចូលរួមពីក្រុមប្រឹក្សាខេត្ត ហើយជាពិសេសប្រសិនបើមានសមាជិកគណបក្សប្រឆាំងចូលរួមគឺកាន់តែល្អ «ធ្វើទាំងអស់គ្នានិយាយរួម មិនមែនតែសមត្ថកិច្ចយើងទេ … ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក គាត់ទៅចូលជាមួយគ្នា ធ្វើជំរឿនទាំងអស់គ្នា អត់មានប្រកាន់និន្នាការនយោបាយថាបក្សណាបក្សណាទេ»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ មានប្រសាសន៍ថា វាជាការល្អប្រសិនបើមានវប្បធម៌នៃការសហការគ្នា ដើម្បីធ្វើការឲ្យមានភាពប្រាកដនិយម និងការទទួលខុសត្រូវ ក៏ប៉ុន្តែមកដល់ពេលនេះ ខាងគណបក្សរបស់លោកមិនបានទទួលការជូនដំណឹងផ្លូវការណាពីខាងក្រសួង ពាក់ព័ន្ធនឹងការធ្វើជំរឿននេះនៅឡើយទេ។
លោកបន្តថា វាជាតួនាទីរបស់ក្រសួងមហាផ្ទៃក្នុងការជូនដំណឹងទៅកាន់សមាជិកក្រុមប្រឹក្សាឃុំ ស្រុក និងខេត្តនានា ដើម្បីបានដឹង និងចូលរួមក្នុងកិច្ចការនេះ ប្រសិនបើខាងក្រសួងពិតជាមានឆន្ទៈពិតប្រាកដ។
ពាក់ព័ន្ធនឹងការធ្វើជំរឿនលើជនបរទេស លោក យឹម សុវណ្ណ លើកឡើងថា ក្រសួងគួរធ្វើឲ្យមានភាពប្រាកដប្រជា តម្លាភាព និងប្រសិទ្ធភាពដោយមានការសហការពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ មិនគួរធ្វើឡើងគ្រាន់តែជាការបិទបាំង និងបំភ័ណ្ឌមតិប្រជាពលរដ្ឋ នោះស្ថានការណ៍នឹងមិនមានការកែលម្អបានទេ។ លោកមានប្រសាសន៍ថា «សូមឲ្យមានការរួបរូមគ្នាធ្វើឲ្យបានសុក្រិតពីព្រោះយើងចង់ដឹងថាតើមានជនបរទេសដែលមករស់នៅក្នុងប្រទេសកម្ពុជាហ្នឹងប៉ុន្មាននាក់ រស់នៅស្របច្បាប់ប៉ុន្មាននាក់ រសនៅខុសច្បាប់ប៉ុន្មាននាក់ នៅទីកន្លែងណាខ្លះហើយធ្វើអ្វី។ យើងចង់ដឹងរឿងទាំងអស់ហ្នឹងដើម្បីយើងការពារកុំឲ្យមានការហូរចូលដោយជនអន្តោរប្រវេសន៍ខុសច្បាប់មករស់នៅប្រទេសកម្ពុជា មិនសំដៅលើជនជាតិណាទេ ក៏ប៉ុន្តែឲ្យតែជនបរទេសដែលមិនបានគោរពច្បាប់ យើងត្រូវតែដោះស្រាយបញ្ហា»។
លោក ខៀវ សុភ័គ ឲ្យដឹងផងដែរថា កន្លងទៅក្រសួងបានជំរឿនពីរលើករួចហើយ តែការធ្វើកន្លងទៅនៅមិនទាន់មានភាពច្បាស់លាស់ និងបានគ្រប់ជ្រុងជ្រោយនៅឡើយ តែបន្ទាប់ពីរដ្ឋាភិបាលធ្វើកំណែទម្រង់ស៊ីជម្រៅ ការធ្វើជំរឿនលើកនេះគឺមានលក្ខណៈប្រសើរឡើង ដើម្បីទទួលបាននូវទិន្នន័យស៊ីជម្រៅ និងឲ្យបានដល់ប្ញសគល់។
ស្នងការនគរបាលខេត្តបាត់ដំបងលោក ស ថេត ឲ្យដឹងថាខេត្តរបស់លោកបានចាប់ផ្ដើមធ្វើជំរឿននេះជាងមួយសប្ដាហ៍ហើយ តែពុំបានបញ្ជាក់ព័ត៌មានលម្អិតថាយ៉ាងណានោះទេ។
ស្នងការរងនគរបាលខេត្តពោធិ៍សាត់ទទួលបន្ទុកអន្តោប្រវេសន៍ លោក បាន ហេង ត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ស្រង់សម្ដីថា ខេត្តរបស់លោកចាប់ផ្ដើមធ្វើការចុះជំរឿននៅថ្ងៃព្រហស្បតិ៍នេះ ហើយវាជាជំរឿនមួយមានភាពហ្មត់ចត់ ដោយក្រុមការងារនឹងត្រូវធ្វើដំណើរទៅតាមផ្ទះ ដើម្បីសាកសួរព័ត៌មានដែលនេះជាការងារត្រូវចំណាយពេលយូរ និងពិបាក «ជំរឿននេះនឹងចាប់ផ្តើមនៅស្រុកបាកាននិងកណ្តៀងមុនគេ។ វាជាជំរឿនមួយមានភាពហ្មត់ចត់ណាស់។ ជនបរទេសភាគច្រើន គឺជនជាតិវៀតណាម និងពលករបរទេសផងដែរ»។
រដ្ឋាភិបាលជានិច្ចជាកាល រងការរិះគន់ថា បណ្តោយឲ្យជនជាតិវៀតណាម ចូលមកកម្ពុជា ដោយមិនបានអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យមានប្រសិទ្ធិភាព។ បក្សប្រឆាំងអះអាងថា មកដល់ពេលនេះ យ៉ាងតិចមានអន្តោប្រវេសន៍វៀតណាមខុសច្បាប់រស់នៅលើទឹកដីកម្ពុជា ដល់ទៅ៣លាននាក់។ ចំណែកបក្សកាន់អំណាចវិញអះអាងថា ជនជាតិវៀតណាមនៅកម្ពុជា មានតែប្រហែល១០ម៉ឺននាក់ទេ៕
សូមសរសេរមកលោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com