​កម្មករសំណង់​របស់​ក្រុមហ៊ុន​ KDC ដាក់​ញត្តិ​តវ៉ា​ជំទាស់​ការដោះលែង​អ្នកភូមិ​ឡ​ពាង​​

ដោយ៖​ បាន វិទ្យា​
ថ្ងៃព្រហស្បតិ៍ ទី28 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ក្រុមកម្មករស៊ីឈ្នួលរបស់ក្រុមហ៊ុនខេឌីស៊ី ដាក់ញត្ក់នៅស្នាក់ការណ្តាលសមាគម អាដហុក(រូបភាពពី ADHOC)

កម្មករសំណង់​៦​នាក់ របស់​ក្រុមហ៊ុន​KDC នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ឡើង​មក​ដាក់​ញត្តិ​នៅ​ភ្នំពេញ ដើម្បី​តវ៉ា​ជំទាស់​ការទាមទារ​ទម្លាក់​ការចោទប្រកាន់​លើ​ប្រជាពល​រដ្ឋ​អ្នកភូមិ​ឡ​ពាង​ទាំង​៥​នាក់។​

​តំណាង​ក្រុម​កម្មករ​សំណង់​លោក ស៊ិន ឃីម រស់នៅ​ក្នុង​ភូមិ​សូ​វង្ស ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​ VOD ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ឲ្យដឹងថា កម្មករ​រងគ្រោះ​៦​នាក់ ដាក់​ញត្តិ​បាន​៦​កន្លែង​ហើយ​ចាប់ពី​ថ្ងៃ​ម្សិលមិញ​រហូត​ដល់​ថ្ងៃនេះ ដើម្បី​តវ៉ា​ជំទាស់​ទៅ​នឹង​ការទាមទារ​ឲ្យ​ទម្លាក់​ការចោទប្រកាន់​លើ​អ្នកភូមិ​ឡ​ពាង​៥​នាក់ ពី​បទ​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា ព្រមទាំង​បទ​ប្រើ​ហិង្សា​មកលើ​ក្រុមកម្មករ​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤​កន្លងទៅ ដោយ​អ្នក​ភូមិ​ឡ​ពាង បាន​ប្រើ​ចម្ពាម​កៅស៊ូ​គ្រាប់​ដែក និង​គប់​ដុំ​ថ្ម​លើ​ពួក​គាត់ ដែល​បណ្តាល​ពួកគាត់​ត្រូវរបួស ដោយ​អ្នកខ្លះ​របួស​ដៃ និង​អ្នកខ្លះ​របួស​ដងខ្លួន ហើយ​ជាក់ស្តែង​ដូចជា​រូប​លោក​ផ្ទាល់​ត្រូវ​រងរបួស​ក្បាល ដែល​ដួលសន្លប់​នៅនឹងកន្លែង និង​ត្រូវបាន​ដេរ​ចំនួន​៧​ថ្នេរ​ផងដែរ​។​

ស្ថាប័ន​ទាំង​៦​កន្លែង​ដែល​ក្រុមកម្មករ​បាន​ដាក់​ញត្តិ​រួមមាន ព្រឹទ្ធសភា រដ្ឋសភា ក្រសួង​យុត្តិធម៌ អង្គការ​សិទ្ធិមនុស្ស​លីកាដូ អង្គការសហប្រជាជាតិ និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ។ លោក ស៊ិន ឃីម ថា​ក្រុម​កម្មករ​នឹង​បន្ត​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​បន្ថែមទៀត។​

កម្មករសំណង់​៦​នាក់ ដែល​បាន​ផ្តិតមេដៃ​ដាក់​ញ្ញ​តិ្ត​ជំទាស់ដោះលែង​អ្នកភូមិ​ឡ​ពាង​រួមមាន លោក ស៊ិន ឃីម លោក លី ភ្លី លោក អឿន វណ្ណី លោក អ៊ុង សួង លោក ជុ​ក ស្រស់  និង​លោក សាន ម៉ៅ​។

ទោះជា​យ៉ាងណា​ក៏ដោយ តំណាង​អ្នក​ភូមិ​ឡ​ពាង អ្នកស្រី អ៊ុំ សូ​ធី បាន​មានប្រសាសន៍ថា ការអះអាង​របស់​ក្រុម​កម្មករ​សំណង់​របស់​ក្រុមហ៊ុន KDC ជាការ​បំផ្លើសការពិត ដោយ​សកម្មភាព​នេះ​គឺ​ចង់​ទម្លាក់​ទម្ងន់ទោស​កាន់តែខ្លាំង ដើម្បី​កុំឲ្យ​មាន​ការដោះលែង​អ្នកភូមិរ​ង​គ្រោះ​៥​នាក់​។​

អ្នកស្រី​បន្ថែមថា ក្នុងស្ថានភាព​នោះ​អ្នកភូមិ​ឡ​ពាង ក៏​បាន​រងគ្រោះ​ដូចគ្នា​ដែរ ហើយ​ការ​តតាំង​នោះ​គឺ​ជា​ទង្វើ​របស់​កម្មករ​សំណង់​នៃ​ក្រុមហ៊ុន​KDC ពីព្រោះ​អ្នកភូមិ​ឡ​ពាង​មិន​មាន​លទ្ធភាព​ណា​ទិញ​សម្ភារៈដូច​ជា​គ្រាប់​ដែក ដូច​ដែល​ការ​ចោទ​របស់​កម្មករ​សំណង់​ឡើយ​។​

សមាគមអាដហុក ឲ្យដឹងថាក្រុមកម្មករ​ស៊ីឈ្នួល​របស់​ក្រុមហ៊ុន​ខេ​ឌី​ស៊ី បាន​យក​ញត្តិជំទាស់​របស់​ពួកគេ​មក​ដាក់​នៅ​ស្នាក់កា​រណ្តាល​សមាគម អាដហុក ភ្នំពេញ ដើម្បី​សុំ​ជួយ​អន្តរាគមន៍ កុំឲ្យ​មាន​ការដោះលែង​អ្នកភូមិចំ​នួន​៥​នាក់​។ ញត្តិនោះ​ចាត់ទុកថា ករណី​ចាប់ខ្លួន​ជន​ទាំង​៥​នាក់​ដោយ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​ដីធ្លី​នោះទេ គឺជា​ការប្រព្រឹត្ត​បទល្មើស។ សមាគមអាដហុក​យល់ថានេះ​ជា​សេរីភាព​របស់​ប្រជាជន​ក្នុងការ​ធ្វើ​បណ្តឹងតវ៉ា​ឬ​បណ្តឹង​បរិហារ ដើម្បី​ទាមទារ​ភាពយុត្តិធម៌ ។ អាដហុកចាត់ទុកថា​នេះជា​ករណី​ស្មុគស្មាញ ដោយសារ​ជម្លោះ​រវាងប្រជា​ពលរដ្ឋ​​ឡ​ពាង​ជាមួយ​ក្រុមហ៊ុន​ខេ​ឌី​ស៊ី មិនទាន់​​ចប់​សព្វគ្រប់​ផង រួចក្រុមហ៊ុនជួល​កម្មករ​មកឲ្យ​ធ្វើ​របង​ព័ទ្ធ​ព្រំ​ដី​ដែល​មាន​ជម្លោះ។ 

អ្នកឃ្លាំមើល​ការរំលោភ​សិទិ្ធមនុស្ស​នៅ​អង្គការ​លីកាដូ លោក ឆេង សុភ័ស្ត មានប្រសាសន៍ថា កាលពី​ព្រឹក​មិញ​នេះ អង្គការ​លោក​បាន​ទទួល​ញត្តិ​ពី​កម្មករសំណង់ ស្រុក​កំពង់ត្រឡាច ប៉ុន្តែ​ក្នុងនាម​ជា​អង្គការ​សិទិ្ធមនុស្ស គឺ​មិន​មាន​តួនាទី​ក្នុង​ការសម្រេច​ឲ្យ​ភាគី​ណា​ខុស​ឬ​ត្រូវ​ទេ គ្រាន់តែ​មាន​សិទិ្ធ​ឃ្លាំ​មើល​ករណី​ដែល​បាន​កើតឡើង ហើយ​រាល់​ការសម្រេច​គឺ​តុលាការ​ជា​អ្នក​វិនិច្ឆ័យ​។

ទំនាស់​ដីធ្លី​រវាង​ក្រុមហ៊ុន KDC របស់​លោកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ជាមួយ​អ្នកភូមិ​ឡ​ពាង ភូមិ​សូរ​វង្ស ភូមិ​បឹងកក់ និង​ភូមិ​សំរោង បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ ២០០៦​មក​ម្លេះ​។ តំណាង​ប្រជាពលរដ្ឋ​ដែល​តស៊ូ​ក្នុងករណី​ដីធ្លី​នេះ ​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ដែល​មក​ដល់ពេលនេះ មាន​ពលរដ្ឋ​៥​នាក់​ហើយ​ត្រូវបាន​ចាប់ខ្លួន​។ ពលរដ្ឋ​អះអាងថា ពួកគាត់​បាន​ស្វែងរក​ដំណោះស្រាយ​ទៅ​អាជ្ញាធរ​គ្រប់​ថ្នាក់ និង​តុលាការ​ផងដែរ តែ​រហូតមកទល់​ពេលនេះ​នៅតែ​មិនមាន​ដំណោះស្រាយ​៕

សូម​សរសេរ​មកកាន់​កញ្ញា បាន វិទ្យា តាមរយៈ vitcheaban77@gmail.com

What Next?

Recent Articles

One Response to "​កម្មករសំណង់​របស់​ក្រុមហ៊ុន​ KDC ដាក់​ញត្តិ​តវ៉ា​ជំទាស់​ការដោះលែង​អ្នកភូមិ​ឡ​ពាង​​"

  1. ខ្មែរអង្គរ says:

    គ្រាន់តែគេជួលមកបង្រ្គប់កិច្ចហ្នឹង ចុះបើក្រុមហ៊ុនមកយកដីអ្នកស្រុកទទេរ ប្រហែលកម្មករមិនដឹង

    សួរថាតើបើក្រុមហ៊ុនយកដីពួកកម្មករវិញ តើកម្មករចេញតវ៉ាដែរឬទេ ។​ សំខាន់តុលាការកាត់ក្តីដោយ

    យុត្តិធម៌ឬអត់ បើសិនជាក្រុមហ៊ុនមិនយកដីអ្នកស្រុក ច្បាស់ជាពួកគាត់មិនតវ៉ាទេ ៕