ដោយ៖ ស៊ុន ណារិន
ថ្ងៃព្រហស្បតិ៍ ទី28 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ទាហានប៉ារ៉ា ចុះប្រមូលរបស់របរធ្វើបាតុកម្មរបស់កម្មកររោងចក្រស៊ីនហ្វាងនៅចោមចៅ(រូបថតពី CLC)
កម្មករជាង១០០នាក់មកពីរោងចក្រស៊ីនហ្វាង ខេមបូឌា ហ្គាមមែន ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃព្រសហ្បតិ៍នេះ បន្តធ្វើបាតុកម្ម ដើម្បីស្វែងរកដំណោះស្រាយការបញ្ឈប់កម្មករ និងលក្ខខណ្ឌការងារមួយចំនួនទៀត។
អ្នកស្រី ឆេន វណ្ណា អាយុ៣៤ឆ្នាំ ជាប្រធានសហជីពនៅក្នុងរោងចក្រ និងត្រូវបានបញ្ឈប់កាលពីថ្ងៃទី០៧ខែឧសភាឆ្នាំ២០១៤ មានប្រសាសន៍ថា កម្មករបានចាប់ផ្តើមធ្វើបាតុកម្មតាំងពីព្រឹក ដោយមានសម្ភារៈមួយចំនួននៅកន្លែងតវ៉ា ដូចជាមេក្រូ អំភ្លី បាស អាគុយ និងកង់ឡានជាដើម។អ្នកស្រីបន្តថាការធ្វើបាតុកម្មនេះ ត្រូវបានរំខានដោយកម្លាំងទាហានប៉ារ៉ាជិត១០នាក់ នៅម៉ោងប្រមាណ១០និង៤៥នាទី ដោយបានប្រមូលយកសម្ភារៈទាំងនោះ ទៅដាក់នៅម្តុំសួនឧស្សាហកម្មកាណាឌីយ៉ា។
អ្នកស្រី ឆេន វណ្ណា ឲ្យដឹងទៀតថា កម្មករជាង១០០នាក់ បានដើរទៅម្តុំសួនកាណាឌីយ៉ា រហូតទាមទារសម្ភារៈទាំងនោះបានមកវិញពី។ កម្មករបានចោទថាក្រុមហ៊ុនជាអ្នកជួលកម្លាំងទាហានទាំងនោះមករំខានការធ្វើបាតុកម្ម ដោយចាត់ទុកនេះថានេះជាទង្វើខុសច្បាប់។
កម្មកររោងចក្រស៊ីនហ្វាង បានតវ៉ាតាំងពីថ្ងៃទី១៨ខែសីហា ដោយទាមទារឲ្យយកកម្មករបីនាក់ចូលធ្វើការវិញ រួមមានអ្នកស្រី ឆេន វណ្ណា អ្នកស្រី ហង្ស ដានី ជាប្រធានផ្នែក និងអ្នកស្រីសុត ចន្ធូ ជាសកម្មជនសហជីព ដែលត្រូវបានបញ្ឈប់អំឡុងពេលធ្វើបាតុកម្ម។ កម្មករក៏ទាមទារលុយថ្លៃបាយថ្ងៃត្រង់ចំនួន២០០០រៀល លុយធ្វើដំណើរចំនួន១៥ដុល្លារ និងលក្ខខណ្ឌជាង១០ចំណុចផ្សេងទៀត ដូចជាការបញ្ឈប់គំរាមកំហែងសហជីព ការគោរពសិទ្ធិកម្មករ និងការផ្លាស់ប្តូរធុងញ៉ាំទឹកជាដើម។

លោក វង់ ថាវិន ដែលអះអាងថាជាលេខាថៅកែរោងចក្រ មានប្រសាសន៍ថា រោងចក្រមិនបានជួលកម្លាំងទាហានឲ្យទៅរំខានបាតុកម្មនោះទេ តែលោកសង្ស័យថាម្ចាស់ស្ថានីយប្រេងនៅជិតនោះ។លោកបន្តថារូបលោកជាបុគ្គលិកថ្នាក់ក្រោម មិនអាចដោះស្រាយបញ្ហាទាក់ទងនឹងលុយកាក់បានទេ ដោយស្នើកម្មករឲ្យរង់ចាំការដោះស្រាយពីថៅកែរោងចក្រនៅថ្ងៃទី១២ខែកញ្ញា។
តែកម្មករថាពួកគាត់មិនអាចរង់ចាំបានទេ និងទាមទារដំណោះស្រាយឲ្យបានមុនពេលបើកប្រាក់ខែនៅថ្ងៃទី១០ខែកញ្ញាខាងមុខ។
ភាគីរោងចក្របានស្នើឲ្យកម្មករធ្វើបាតុកម្មដោយសន្តិវិធី អហិង្សា និងស្របច្បាប់ កុំឲ្យមានការដុតកង់រថយន្ត ដើម្បីជៀសវាងប៉ះពាល់ដល់ស្ថានីយប្រេងនៅក្បែរនោះ និងអ្នកជិតខាង។
VODមិនទាន់អាចទាក់ទងភ្លាមៗពីម្ចាស់ស្ថានីយប្រេងនៅក្បែររោងចក្រនោះបាននៅឡើយទេ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com