ដោយ៖ ស៊ុន ណារិន និង ប្រែង សត្យាភិរក្ស
ថ្ងៃព្រហស្បតិ៍ ទី28 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ទីស្តីការក្រសួងសុខាភិបាល ថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីគីមអ៊ីលស៊ុង
បុគ្គលិកក្រសួងសុខាភិបាល ប្រហែលជាចាប់ផ្តើមរើសម្ភារៈការងារ ដើម្បីផ្លាស់ប្តូរទៅទីតាំងថ្មី ដែលស្ថិតក្នុងបរិវេណវិទ្យាស្ថានជាតិសុខភាពសាធារណៈ ជាប់ក្លោងទ្វារផ្សារទួលគោក តាមបណ្តោយមហាវិថីគីមអ៊ីលស៊ុង ក្នុងខណ្ឌទួលគោក។
ទីតាំងទីស្តីការក្រសួងសុខាភិបាលថ្មីនេះ កំពុងស្ថិតក្នុងការបញ្ចប់ការសាង់សង់ក្នុងពេលឆាប់ៗខាងមុខនេះ។កម្មករម្នាក់ដែលធ្វើជាជាងសំណង់នៅអគារថ្មីនេះ ឲ្យដឹងថា អគារទីស្តីការក្រសួងសុខាភិបាល ត្រូវបានសាងសង់ជាង៨០ភាគរយហើយ គឺនៅសល់តែដំបូល និងការសម្អាតប៉ុណ្ណោះ។
បុគ្គលិកនារីម្នាក់ដែលធ្វើការនៅក្រសួងសុខាភិបាល សុំមិនបញ្ចេញឈ្មោះ ប្រាប់VODថា បុគ្គលិកកំពុងតែត្រៀមរើសម្ភារៈក្នុងសប្តាហ៍នេះ ឬថ្ងៃចន្ទសប្តាហ៍ក្រោយ ដោយសារការរុះរើត្រូវការពេលវេលា។ កញ្ញាបន្តថា កញ្ញាមិនដឹងពីមូលហេតុនៃការរើនេះទេ ហើយបុគ្គលិកថ្នាក់ក្រោម ក៏មិនដឹងព័ត៌មានច្បាស់លាស់ដែរ ដោយគ្រាន់ដឹងថាមានការផ្លាស់ប្តូរទៅក្រសួងថ្មី តាមការបញ្ជារបស់ថ្នាក់លើ។កញ្ញាថា«បើគេចង់លាក់ [ព័ត៌មាន] គ្មានមន្ត្រីណាហ៊ាននិយាយទេ»។
ប្រភពមិនបញ្ចេញឈ្មោះឲ្យដឹងទៀតថា បុគ្គលិកក្រសួងសុខាភិបាលមានចំនួនជាង៥០០នាក់ ដែលជាបុគ្គលិកពេញសិទ្ធិ ដោយមិនរាប់បញ្ចូលបុគ្គលិកអណ្តែតនោះទេ។
នៅពេលអ្នកយកព័ត៌មានVODសាកសួរសន្តិសុខម្នាក់បម្រើការនៅក្រសួងសុខាភិបាល ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាកម្ពុជា សង្កាត់មនោរម្យ ខណ្ឌ៧មករា បុគ្គលិករូបនោះប្រាប់ថាលោកមិនដឹងច្បាស់ទេពីការផ្លាស់ប្តូរទីតាំងក្រសួងនេះ។
VOD បានទាក់ទងទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង តែលោកមិនលើកទូរស័ព្ទ។ ចំណែករដ្ឋលេខាធិការក្រសួងសុខាភិបាល លោក អេង ហួត បានទទួលទូរស័ព្ទ រួចដឹងថាជាអ្នកយកព័ត៌មានVOD ក៏ប្រាប់ថាជាប់រវល់។
មិនទាន់មានព័ត៌មានថាតើទីតាំងទីស្តីការក្រសួងចាស់ នឹងត្រូវយកទៅធ្វើអ្វីនោះទេ ឬក៏ត្រូវដោះដូរចេញពីដីរដ្ឋ។
ទីស្តីការក្រសួងសុខាភិបាលចាស់ មានទីតាំងនៅជាប់ផ្សារស៊ីដនី ក្រោយវិមានសន្តិភាព។ ផ្សារស៊ីដនី ត្រូវបានបិទឈប់ដំណើរការជាច្រើនខែមកហើយ តែមិនទាន់ដឹងថានឹងត្រូវយកដីតំបន់នោះទៅអភិវឌ្ឍធ្វើអ្វីនោះទេ។
កន្លងទៅ ទីតាំងក្រសួងចាស់ៗមួយចំនួន ត្រូវបានផ្លាស់ប្តូរ តួយ៉ាងដូចជាអគារក្រសួងបរិស្ថានចាស់(នៅលើផ្លូវព្រះសីហនុ ជិតផ្សារកាប់គោ)ជាដើម ដែលនឹងត្រូវផ្លាស់ប្តូរនៅពេលខាងមុខនេះ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com