ដោយ៖ ណាត សុភាព
ថ្ងៃសុក្រ ទី29 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
រូបភាពពីអង្គការលីកាដូ
ស្ត្រីសកម្មជនជម្លោះដីធ្លីមកពីតំបន់បឹងកក់៤នាក់ត្រូវអាជ្ញាធរខណ្ឌជ្រោយចង្វារចាប់ខ្លួន ពេលចុះទៅចូលរួមតវ៉ានៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារជាមួយអ្នកមានទំនាស់ដីធ្លីមកពី៣ខេត្ត ។
នាព្រឹកថ្ងៃសុក្រនេះ ប្រជាពលរដ្ឋមានទំនាស់ដីធ្លីជិត១០០នាក់មកពីខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ដែលកំពុងស្នាក់នៅក្នុងវត្តពុទ្ធិយារាម ហៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានគម្រោងហែញត្តិចេញពីវត្តទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំអន្តរាគមន៍ តែត្រូវសមត្ថកិច្ចចម្រុះចុះមករារាំងមិនឲ្យចេញពីវត្ត ទើបធ្វើឲ្យមានការរុញគ្នាទៅវិញទៅមក។ អាជ្ញាធរបានចាក់សោបិទទ្វាររបង ដើម្បីរារាំងមិនឲ្យប្រជាពលរដ្ឋចេញពីវត្ត ។
សកម្មជនជម្លោះដីធ្លីមកពីតំបន់បឹងកក់៤នាក់បានធ្វើដំណើរទៅកាន់វត្តចាស់ដើម្បីចូលរួមការតវ៉ានេះ តែត្រូវអាជ្ញាធរហាមឃាត់ ដោយអះអាងថា ពួកគាត់មកពីខណ្ឌដូនពេញ មិនមានសិទ្ធិមកតវ៉ានៅក្នុងខណ្ឌជ្រោយចង្វារទេ ហើយបានដេញឲ្យពួកគាត់ត្រឡប់ទៅវិញ។ សកម្មជនម្នាក់ អ្នកស្រី ទេព វន្នី សួរតបទៅកាន់អាជ្ញាធរថា តើមានច្បាប់ណាដែលហាមពួកគាត់មិនឲ្យមកតវ៉ាឆ្លងខណ្ឌ ហើយមិនព្រមត្រឡប់ទៅវិញ ទើបអាជ្ញាធរចាប់បង្ខំស្ត្រីជាសកម្មជនទាំង៤នាក់ឡើងឡាន មិនដឹងយកទៅទីណាទេ ។
ស្ត្រីដែលត្រូវបានចាប់ខ្លួនទាំង៤នាក់រួមមាន អ្នកស្រី ទេព វន្នី អ្នកស្រី សុង ស្រីលាភ អ្នកស្រីគង់ ចន្ថា និងអ្នកស្រីខែក ច័ន្ទរស្មី។
អង្គការលីកាដូ ឲ្យដឹងថាអ្នកទាំងនោះបច្ចុប្បន្ន កំពុងឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលជ្រោយចង្វារ ហើយឥឡូវនេះអាជ្ញាធរបានបិទផ្លូវ ដោយមិនឲ្យអ្នកសហគមន៍ចេញទៅខាងក្រៅវត្តចាស់នោះទេ។

អាជ្ញាធរប្រដាប់ដោយខែល កាំភ្លើងអាកា ដំបងឆក់ និងបំពង់ទីប ជាង១០នាក់ រួមជាមួយសន្តិសុខខណ្ឌជាង២០នាក់ ក៏បានហាមប្រជាពលរដ្ឋនៅក្បែរវត្តចាស់ មិនឲ្យទៅឈរមើលនៅក្បែរនោះផងដែរ ។
នាម៉ោងប្រមាណជិត១០ព្រឹកនេះ ពលរដ្ឋមកពីខេត្តបាត់ដំបង២នាក់ ខ្យល់គរសន្លប់ ត្រូវបានដឹកតាមរ៉ឺម៉កម៉ូតូចេញទៅរកពេទ្យ តែអាជ្ញាធរមិនបើកទ្វាររបងឲ្យចេញ ទើបពលរដ្ឋត្រូវអៀវដើរចេញទៅរកពេទ្យនៅក្បែរនោះ ។
កាលពីដើមសប្ដាហ៍នេះ ក្រុមអ្នកមានជម្លោះដីធ្លីមកពីខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ បានឡើងមកតវ៉ានៅរាជធានីដើម្បីរកអន្តរាគមន៍ ដោយពួកគេអះអាងថា អាជ្ញាធរនៅខេត្តមិនអាចដោះស្រាយបញ្ហាឲ្យពួកគាត់បាន ។ បច្ចុប្បន្នពួកគាត់ស្នាក់នៅវត្តពុទ្ធិយារាម ហៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ៕
សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com