សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ដាក់​ញត្តិ​ទៅ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី កុំឲ្យ​បញ្ជូន​ជនភៀសខ្លួន​មក​កម្ពុ​ជា​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃសុក្រ ទី29 សីហា 2014
http://vodhotnews.com

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ដាក់​ញត្តិ​ទៅ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក Tony Abbott តាមរយៈ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា កុំឲ្យ​បញ្ជូន​ជនភៀសខ្លួន​មក​កម្ពុ​ជា ក្រោម​ហេតុផល​ថា​កម្ពុជា​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​កិច្ចការ​នេះ​។​

​ញត្តិ​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​២៨​ខែ​សីហា ឆ្នាំ​២០១៤ ដាក់​ទៅ​ស្ថានទូត​អូស្ត្រាលី ឲ្យដឹងថា យោង​តាម​ការស្រាវជ្រាវ និង​ការវិភាគ​ហ្មត់ចត់​មួយ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ស្នើ​កុំ​ឲ្យ​ប្រទេស​អូស្ត្រាលី​បញ្ជូន​ជនភៀសខ្លួន​មក​កម្ពុជា ដោយសារ​កម្ពុជា​មិន​មាន​សមត្ថ​កាព​គ្រប់គ្រាន់ និង​មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ការទទួលយក​ជ​ន​ភៀសខ្លួន​ពី​អូស្ត្រាលី​មក​ស្នាក់នៅ​នៅពេលនេះ​។ ញត្តិ​បន្តថា​ប្រទេស​កម្ពុជា ត្រូវបាន​ចំណាត់ថ្នាក់​ជា​ប្រទេស​អភិវឌ្ឍន៍​តិច​បំផុត​នៅក្នុង​ពិភពលោក និង​មាន​តំបន់​ជាច្រើន​ដែល​កម្ពុជា មិនទាន់​ត្រូវបាន​ពង្រឹង និង​អភិវឌ្ឍ​ខ្លួន​ឲ្យ​ប្រសើរ​ជាង​នេះ ដើម្បី​អាច​ទទួល​ជនភៀសខ្លួន​បាន ក្នុង​ការ​ឲ្យ​ពួកគេ​អាច​មក និង​រស់នៅ​ដោយ​ភាពថ្លៃថ្នូរ​។​

​ញត្តិ​នេះ​បាន​បង្ហាញ​ពី​កង្វះខាត​មួយចំនួន​ដែល​កម្ពុជា​មិន​អាច​ទទួលយក​ជនភៀសខ្លួន​បាន ដូចជា​ប្រទេស​ក្រីក្រ អត្រា​មិន​មាន​ការងារ​ធ្វើ​ខ្ពស់ ប្រព័ន្ធ​អប់រំ​នៅ​មាន​កម្សោយ ប្រព័ន្ធ​សុខាភិបាល​មិន​គ្រប់គ្រាន់ បញ្ហា​អំពើ​ពុករលួយ ការគោរព​សិទ្ធិមនុស្ស​នៅមានកម្រិត និង​បញ្ហា​ដីធ្លី​។​

​ញត្តិ​បញ្ជាក់ថា​«​យោង​តាម​កម្សោយ​បច្ចុប្បន្ន​របស់​ប្រទេស​កម្ពុជា និង​រដ្ឋាភិបាល​កម្ពុជា​យើង​អាច​ឃើញ​ថា​ប្រទេស​កម្ពុជា​ក្រ​ជាង​ប្រទេស​អូស្ត្រាលី​គ្រប់ផ្នែក​។​ខណៈពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​អាច​បម្រើ​ប្រជាជន​ខ្លួន​ឲ្យបាន​គ្រប់​គ្រាន់ប្រសើរ​នៅឡើយ ចុះ​ទម្រាំ​ទទួល​ជនភៀសខ្លួន​ឲ្យមក​ស្នាក់នៅ​?»​។​

​ញត្តិ​ឲ្យដឹង​ទៀតថា ជនភៀសខ្លួន​ទាំងនោះ​មាន​ឆន្ទៈ​ក្នុង​ការរស់នៅ​ប្រទេស​អូស្ត្រាលី និង​ចង់​បាន​សញ្ជាតិ​អូស្ត្រាលី មិនមែន​សញ្ជាតិ​កម្ពុជា​ទេ​។ ញត្តិ​បញ្ជាក់ថា​«​ប្រសិនបើ​អ្នក​បញ្ជូន​ជនភៀសខ្លួន​ម​កម្ពុជា អ្នក​មិន​ត្រឹមតែ​មិន​ជួយ​ជនភៀសខ្លួន​ទេ តែ​មិន​បាន​ជួយ​កម្ពុជា និង​ប្រជាជន​កម្ពុជា​»​។​

​កាលពី​ថ្ងៃ​ពុធ ទី​២៧​ខែ​សីហា លោក អ៊ុច បូររិ​ទ្ធ រដ្ឋ​លេខ​ខា​ធិកា​ក្រសួងការបរទេសក​ម្ពុ​ជា មានប្រសាសន៍ថា ដំណាក់កាល​នេះ​ជា​ការចរចា​នៅ​ឡើយ​ឡើយ​រវាង​កម្ពុជា និង​អូស្ត្រាលី  ដោយ​ប្រទេស​ទាំង​ពីរ​កំពុង​តែ​ផ្លាស់ប្តូរ​សំណូមពរ​មុន​នឹង​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​។ លោក​បញ្ជាក់ថា​អ្វី​ដែល​កម្ពុជា​សម្រេច​គឺ​ផ្អែកលើ​មូលដ្ឋាន​នៃ​ការស្ម័គ្រចិត្ត និង​មនុស្សធម៌​តែប៉ុណ្ណោះ​។​

​កន្លង​ទៅ​អង្គការ​ជាតិ និង​អន្តរជាតិ ស្នើ​ឲ្យ​កម្ពុជា​ពិចារណា​ឡើងវិញ​ពី​សំណើរ​សុំ​តាំង​លំនៅ​របស់​ជនភៀសខ្លួន​អូស្ដ្រាលី ដោយ​លើកឡើង​ថា ប្រទេស​ទាំង​ពីរ មិន​គួរ​មាន​កិច្ចព្រមព្រៀង​នេះ​ទេ​។​

 គួរបញ្ជាក់​ថា រដ្ឋាភិបាល​អូស្ត្រាលី គ្រោង​នឹង​ផ្ទេរ​ជនភៀសខ្លួន​ចំនួន​១.០០០​នាក់ ចេញពី​មណ្ឌល​ឃុំឃាំង Nauru ដើម្បី​ធ្វើឲ្យ​មណ្ឌល​នេះ ទូលាយ​ជំ​ជាង​មុន ដោយសារ​តែ​បច្ចុប្បន្ន​មាន​មនុស្ស​ជាប់​ឃុំ​នៅក្នុង​នោះ រហូតដល់​ទៅ​១.១៤៦ នាក់​៕

​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles