​សង្គម​ស៊ីវិល​ថា​គណបក្ស​នយោបាយ​ មិន​ផ្តល់ឱកាស​ឲ្យ​យុវជន​ក្លាយជា​អ្នកនយោបាយ​​

ដោយ៖​ ជន ស្រី​ណុ​ច​
ថ្ងៃសុក្រ ទី29 សីហា 2014
http://vodhotnews.com

​អង្គការ​ឃ្លាំមើល​ការបោះ​ឆ្នោត​មួយចំនួន នៅ​ថ្ងៃ​សុក្រ​នេះ រិះគន់ថា គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ នៅតែ​មិន​ទាន់​ផ្តល់​ឱកាស​ទៅ​ដល់​យុវជន ដើម្បី​ឲ្យ​ពួកគេ​មាន​សមាសភាព​នៅ​ក្នុងគណៈ​កម្មា​ការ​ណាមួយ ចូលប្រឡូក​ក្នុង​ឆាកនយោបាយ។​

​ការរិះគន់​នេះ​ ធ្វើឡើង​ក្នុង​កិច្ច​ពិភាក្សា​តុមូល​រវាង​យុវជន និង​តំណាងរាស្ត្រ​វ័យក្មេង ស្តី​ពី​ការឆ្លុះបញ្ចាំង​លើ​កិច្ចព្រមព្រៀង ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹក​ថ្ងៃទី​២៩​ខែ​សីហា​នេះ។​

​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា បើទោះបីជា​ចលនានយោបាយ​នៅលើ​សកលលោក​ភាគច្រើន​មាន​ការរីកចម្រើន អំពី​ការចូលរួម​ក្នុង​ឆាកនយោបាយ​ពី​យុវជន ប៉ុន្តែ​នៅ​កម្ពុជា​នៅ​មិនទាន់​ផ្តល់​អាទិភាព​ដល់​យុវជន​នៅឡើយ​ទេ ផ្ទុយទៅវិញ​បើ​មាន គឺមាន​តែ​ក្រុម​មនុស្ស​ដែល​មាន​សែ​ស្រ​ឡាយ​ជា​អ្នកធំ។

ជាមួយគ្នានេះ​ដែរ​ មន្ត្រី​ផ្នែក​អង្កេត​អង្គការ​ខុមហ្វ្រែល លោក សៀន ប៊ុន​រិទ្ធ មានប្រសាសន៍ថា ផ្អែក​តាម​កិច្ចព្រមព្រៀង​ថ្ងៃទី​២២ កក្កដា ឃើញថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​លើកឡើង​អំពី​អាទិភាព​យុវជន​នៅឡើយ​ទេ​។ លោក​បន្តថា គណបក្ស​ឈ្នេះឆ្នោត​ទាំងពីរ គួរតែ​ចែង​ឲ្យ​ច្បាស់​នៅ​ក្នុង​កិច្ចព្រមព្រៀង អំពី​សមាសភាព​យុវជន​ដែល​អាច​មាន​លទ្ធភាព​ត្រឹម​កម្រិត​ណាមួយ ដើម្បី​ឲ្យ​ពួកគេ​មាន​សង្ឃឹម និង​ត្រៀម​ខ្លួន​ចូលរួម​លុបបំបាត់​អំពើពុករលួយ​នៅក្នុង​សង្គម។

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ទទួលស្គាល់ថា គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ​មិន​ទាន់​ព្រមព្រៀងគ្នា​ អំពី​សមាសភាព​យុវជន​នៅក្នុង​នយោបាយ​មែន ហើយ​ថា​បច្ចុប្បន្ន​នេះ ឃើញ​ថា​យុវជន​ដែល​មាន​សិទ្ធិ​ក្នុង​នយោបាយ​មាន​តែ​កូន​អ្នកមានអំណាច​ប៉ុណ្ណោះ។

លោក អ៊ុំ សំអាន សាទរ​ចំពោះ​ការលើកឡើង​របស់​សង្គម​ស៊ីវិល និង​ទទួលស្គាល់​ថា​យុវជន​គួរតែ​មាន​ឱកាស​ក្នុង​ឆាក​នយោបាយ​ឲ្យបាន​ច្រើនជាងនេះ។​

​ដោយឡែក​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវបាន​អញ្ជើញ​ឲ្យចូល​រួម​ក្នុង​កម្មវិធី​នេះដែរ តែ​មិន​មាន​វត្តមាន​ទេ ដោយ​ថា​ជាប់រវល់។​

​បើ​តាម​ការសង្កេត​មើល​នៅ​ប្រទេស​កម្ពុជា ឃើញ​ថា​តំណាងរាស្ត្រ​នៅក្នុង​គណបក្ស​នយោបាយ​នី​មួយៗ មិនសូវ​មាន​សមាសភាព​យុវជន​ក្នុង​នោះ​ទេ បើ​ទោះបីជា​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែង​ក្នុង​មាត្រា​៧៦ ថា​អ្នក​ដែល​អាច​ឈរឈ្មោះ​ជា​អ្នកនយោបាយ​បាន គិត​ត្រឹម​អាយុ​ត្រឹម​២៥​ឆ្នាំ​ឡើង​ទៅ​ក៏ដោយ៕

សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles