ដោយ៖ ឡាយ សាមាន
ថ្ងៃសុក្រ ទី29 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
អ្នកមានជម្លោះដីធ្លី ដែលអាជ្ញាធរទប់ស្កាត់មិនឲ្យហែក្បួន (រូបថត៖ ឧស្សាហ៍)
អាជ្ញាធរទប់ស្កាត់ ប្រជាពលរដ្ឋជិត ១០០នាក់ មានទំនាស់ដីធ្លី មកពី៣ខេត្ត ដែលកំពុងស្នាក់នៅវត្តចាស់ ក្នុងខណ្ឌជ្រោយចង្វា មិនឲ្យហែក្បួនទៅកាន់ផ្ទះនាយករដ្ឋមន្ត្រី ដើម្បីដាក់ញត្តិសុំអន្តរាគមន៍ឲ្យមានដំណោះស្រាយ។
ប្រជាពលរដ្ឋជិត ១០០នាក់ មកពីខេត្ត ប៉ៃលិ បាត់ដំបង និងបន្ទាយមានជ័យ បានឡើងមករាជធានីភ្នំពេញច្រើនថ្ងៃមកហើយដើម្បីស្វែងរកអន្តរាគមន៍ពីមន្ត្រីពាក់ព័ន្ធ ឲ្យមានដំណោះស្រាយជម្លោះដីធ្លីជាមួយអ្នកមាអំនណាច។ ប៉ុន្តែគម្រោងហែក្បួននោះ ត្រូវបានទប់ស្កាត់ និងចាប់ខ្លួនអ្នកមានជម្លោះដីធ្លីបឹងកក់ ៤ នាក់រយៈពេលខ្លី ខណៈពួកគេទៅគាំទ្រពលរដ្ឋមកខេត្តបីនោះ។
ពលរដ្ឋមកពីភូមិ ទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អ្នកស្រី ម៉ម ផេត មានប្រសាសន៍ថា ទំនាស់ដីធ្លីនោះកើតតាំងពីឆ្នាំ ២០០៧ ប៉ុន្តែអត់មានដំណោះស្រាយទេ។ អ្នកស្រី បន្តថា ការរារាំងមិនឲ្យពួកគេរកដំណោះស្រាយនេះ ជាការបិទសិទ្ធិសេរីភាព គ្រាន់តែចង់ជួបនាយករដ្ឋមន្ត្រី ក្នុងនាមជាឪពុកម្តាយ ឲ្យជួយដោះស្រាយប៉ុណ្ណោះ ។
អ្នកស្រី ផន សារឿន មកពីឃុំបឹង៥ ស្រុកបវេល ខេត្តបាត់ដំបង អះអាងថា ទំនាស់ដីធ្លីជាមួយអ្នកមានអំណាចនេះ បានអូសបន្លាយជាង១០ឆ្នាំហើយពុំមានទាន់មានដំណោះស្រាយឡើយ ហើយបានប៉ះពាល់ដល់ ដី ៦១២ ហិកតា របស់ប្រជាពលរដ្ឋ១២៨គ្រួសារ។
អ្នកស្រី បញ្ជាក់ថាជំហរថា ពលរដ្ឋទាំងអស់តាំងចិត្តហើយថា នឹងនៅបន្តដាក់ញត្តិឲ្យដល់នាយករដ្ឋមមន្ត្រីឲ្យមានដំណោះស្រាយទើបត្រឡប់ទៅខេត្តវិញ។
ចំណែកសកម្មជនដីធ្លីតំបន់បឹងកក់ដែលចូលរួមការតវ៉ានេះអ្នកស្រី ទេព វន្នី យល់ឃើញថា ការរាំងនេះជារូបភាពគំរាមកំហែងថ្មីមួយទៀត ដែលប្រឆាំងនឹងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិផងដែរ ជាពិសេសគឺផ្គើនទៅនឹងអនុសាសន៍របស់នាយករដ្ឋមន្ត្រីកន្លងមក។
កន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា មិនចង់ឃើញមានចាប់ខ្លួនអ្នកមានជម្លោះដីធ្លីបន្តទៀតទេ និងបានបញ្ជារឲ្យអាជ្ញាធរខេត្តចេញមុខដោះស្រាយជូនប្រជាពលរដ្ឋ។
ប៉ុន្តែនៅក្នុងការតវ៉ាព្រឹកមិញនេះ មានសកម្មជនដីធ្លីតំបន់បឹងកក់៤នាក់ត្រូវបានចាប់ខ្លួនរួមមាន អ្នកស្រី ទេព វន្នី អ្នកស្រី សុង ស្រីលាភ អ្នកស្រី គង់ ចន្ថា និងអ្នកស្រី ខែក ច័ន្ទរស្មី ប៉ុន្តែត្រូវបានដោះលែងវិញបន្ទាប់ពីស្ត្រីម្នាក់ក្នុងចំណោមនោះសន្លប់ ដោយសារសមត្ថកិច្ចចាប់ញាត់ចូលរថយន្ត៕
សូមសរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com