សែនសូនីតា និង ពិសិដ្ឋ គ្មាន​អ្វី​លើស​ពី​មិត្តភាព​ដៃគូ

Content image - Phnom Penh Post




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ បន្ថែម​លើ​ភាព​ស្និទ្ធស្នាល​រវាង ម៉ាក សែនសូនីតា និង រតនៈ ពិសិដ្ឋ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ ក៏​មាន​ការ​រំលេច​ចេញ​ដំណឹង​ក្នុង​គេហទំព័រ​មួយ ដោយ​អះអាង​ថា​នោះ​ជា​សម្តី កញ្ញា ម៉ាក សែនសូនីតា ថា នាង និង​រតនៈ ពិសិដ្ឋ ជា​គូស្នេហ៍​នឹង​គ្នា​ពិត ហើយ​ក៏​មាន​គម្រោង​ដឹកដៃ​គ្នា​ចូល​រោងការ​នឹង​គ្នា​ទៀត​ផង​។

យ៉ាងណា​ការ​ងាក​មក​ភ្ជាប់ស្នេហ៍​ជាមួយ​អ្នក​មាន​អាជីព​ដូច​គ្នា​របស់​កញ្ញា ម៉ាក សែនសូនីតា ដែល​មហាជន​មើល​ឃើញ​ថា មិនមែន​ជា​អ្នក​សម្បូរ​ទ្រព្យធន​ហូរចូល​ដូច​អ្នក​ជំនួញ​នោះ មិន​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ ទទួល​ស្គាល់​ថា ជា​ទំនាក់ទំនង​ក្នុង​ន័យ​ស្នេហ៍​ឆ្ពោះ​ទៅ​ត្រើយ​អនាគត​ទេ នោះ​គ្រាន់តែ​ជា​ឆាកល្ខោន បន្លំភ្នែក ស្វែងរក​ការ​ចាប់​អារម្មណ៍​តែ​ប៉ុណ្ណោះ​។

ជាមួយ​គ្នា​នោះ មាន​ការ​លើកឡើង​ក្នុង​ន័យ​ធ្ងន់ៗ​ថា៖​«បុរសៗ​ក្នុង​ថ្នាល​សិល្បៈ មិនមែន​ជា​គោលដៅ​ត្រូវ​ប្រមាញ់​ស្នេហ៍​របស់​តារា​សិល្បៈ​ស្រីៗ​នោះ​ទេ»។

ស្រប​ពេល​នេះ​ការ​លើក​ឡើង​ខាងលើ ស្រាប់តែ​មាន​ការ​ភ្ញាក់​ស្រកាំង​ផង​ដែរ ខណៈ​មាន​គេហទំព័រ​ក្នុង​ស្រុក​មួយ ចេញ​ផ្សាយ​ថា កញ្ញា ម៉ាក សែនសូនីតា បាន​បដិសេធ​ការ​យល់ឃើញ​របស់​មហាជន ហើយ តូតា​ក៏​បាន​ចោទ​ថា ការ​គិត​នោះ​គឺជា​ការ​យល់​ខុសស្រឡះ​។

ម៉ាក សែនសូនីតា បាន​ចេញ​មុខ​បដិសេធ​ដោយ​ផ្ទាល់​ចំពោះ​ការ​លើក​ឡើង ហើយ​នាង​បាន​ប្រាប់​ថា រូបនាង និង​លោក រតនៈ ពិសិដ្ឋ​ពិតជា​ស្រឡាញ់​គ្នា​ចិត្ត​នឹង​ចិត្ត គ្មាន​ការ​កុហក​បោកប្រាស់​មហាជន​ឡើយ។

យោងតាម​គេហទំព័រ​នោះ ម៉ាក សែនសូនីតា បាន​អះអាង​ដោយ​ភាព​មុតមាំ​ថា នាង​នឹង​ម្ចាស់​ស្នេហ៍ រតនៈ ពិសិដ្ឋ មាន​គម្រោង​រៀបការ​សាង​សុភមង្គល​ជាមួយ​គ្នា​ថែម​ទៀត​ផង​។

ដោយឡែក​ជាមួយ​ភ្នំពេញ ប៉ុស្តិ៍ ស្រីស្រស់ ម៉ាក សែនសូនីតា បែរ​ជា​បដិសេធ​ការ​បរិយាយ​ខាង​លើ​នោះ​យ៉ាង​ដាច់អហង្ការ​ទៅវិញ ដោយ​នាង​អះអាង​ថា ពាក្យសម្តី​បែប​នេះ នាង​មិន​ដែល​បាន​លាតត្រដាង​ប្រាប់​ទៅ​បណ្តាញ​សារព័ត៌មាន​ណា​ឡើយ។

តូតា និយាយ​ថា៖​«​ខ្ញុំ​មិន​ដែល​និយាយ​ទេ ម៉េច​បាន​ជា​មាន​ពាក្យ​ហ្នឹង​ចេញ​ផ្សាយ​»។ បើ​ទោះជា ម៉ាក សែនសូនីតា បដិសេធ​យ៉ាង​ដូច​នេះ​ក្តី ប៉ុន្តែ​នាង​ទទួល​ស្គាល់​ថា ពេល​នេះ​ទំនាក់ទំនង​នាង​ជាមួយ តារាសម្តែង រតនៈ ពិសិដ្ឋ ពិតជា​មាន​ភាពស្និទ្ធស្នាល​នឹង​គ្នា​មែន ប៉ុន្តែ​ទំនាក់ទំនង​នេះ នៅ​មាន​ព្រំដែន​។

តូតា បាន​ពន្យល់​ថា៖​«កាល​ដែល​ខ្ញុំ​ចាប់​ទំនាក់ទំនង​ជាមួយ​បង​រតនៈ ពិសិដ្ឋ គឺ​ក្នុង​ន័យ​សិល្បៈ ព្រោះ​គាត់​ជា​តារា​ប្រុស​ម្នាក់ ដែល​ខ្ញុំ​ចាប់​ដៃគូ​ជាមួយ​គាត់​ទាំង​សម្តែង ទាំង​ការ​ច្រៀង ដូចជា​សង់តង់​គ្នា​បាន​ល្អ ទើប​ពួកយើង ចាប់​ដៃគូ​គ្នា​បាន​យូរ មិន​តែ​ប៉ុណ្ណោះ ពួកយើង​ក៏​ជា​តារាម៉ូដែល​ប្រចាំ​ក្រុម​ជាមួយ​គ្នា​ផង​»។

ម៉ាក សែនសូនីតា បាន​បញ្ជាក់​ថា ទោះបី​ជា​យ៉ាង​ណា​រវាង នាង និង ពិសិដ្ឋ នឹង​មិន​រំកិល​លើស​ពី​នេះ​បាន​ឡើយ ពោល​គឺ​នៅ​ត្រឹម​តែ​ជា​ដៃគូ​សម្តែង​តែ​ប៉ុណ្ណោះ៕


What Next?

Recent Articles