រូបចម្លាក់​ខ្មែរ​រំលេច​រូបរាង​លើ​ដើមឈើ​តាម​ដងវិថី​នៃ​ប្រទេស​សិង្ហបុរី

លោក ក្លេម៉ង់ ត្រូវ​ជ្រើសរើស​ប្រភេទ​ដើមឈើ​ឲ្យ​ស័ក្ដិសម​ទៅ​នឹង​រូបចម្លាក់​ដែល​ត្រូវ​បញ្ចាំង​។

លោក ក្លេម៉ង់ ត្រូវ​ជ្រើសរើស​ប្រភេទ​ដើមឈើ​ឲ្យ​ស័ក្ដិសម​ទៅ​នឹង​រូបចម្លាក់​ដែល​ត្រូវ​បញ្ចាំង​។ រូបថត AFP



ភ្នំពេញប៉ុស្តិ៍

សិង្ហបុរី: រូបចម្លាក់​ព្រះអាទិទេព និង​ទេវតា​របស់​ខ្មែរ​ត្រូវ​បាន​សិល្បករ​បារាំង​ដ៏ល្បីល្បាញ​ប្រើ​បច្ចេកទេស​បញ្ចាំង​ពន្លឺ រំលេច​ជា​រូបភាព​ផុស​ប្រភេទ 3D នៅលើ​ដើមឈើ​នានា នៅ​ដងវិថី​នៃ​ប្រទេស​សិង្ហបុរី។

ការ​បញ្ចាំង​រូបចម្លាក់​ខ្មែរ​ពេល​រាត្រី​នៅ​សិង្ហបុរី​ចាប់ផ្ដើម​ពី​ម៉ោង​៧​យប់ រហូត​ដល់​២​ទៀបភ្លឺ​។ រូបថត AFP

យោងតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ស្នាដៃ​សិល្បៈ​ឈ្មោះ​ថា «ដើមឈើ​អាទិទេព» (Divine Trees) របស់​សិល្បករ​ជនជាតិ​បារាំង​លោក ក្លេម៉ង់ ប្រ៊ីយ៉ង់ដ៍ (Clement Briend) បាន​រំលេច​រូបរាង​លើ​មែក​រុក្ខជាតិ​នានា​នៅ​ដងវិថី នា​កម្មវិធី​មហោស្រព​រាត្រី​សិង្ហបុរី ដែល​បាន​ចាប់ផ្ដើម​រួច​មក​ហើយ​កាលពី​ចុងសប្ដាហ៍​មុន និង​បន្ត​បង្ហាញ​វត្តមាន​ជាថ្មី​នៅ​យប់​ថ្ងៃ​ទី​២៩ និង​៣០ ខែ​សីហា​ខាង​មុខ​នេះ។

ស្ថិត​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង លោក ក្លេម៉ង់ ជា​គ្រូបង្រៀន​ផ្នែក​ថតរូប​នៅ​សាកលវិទ្យាល័យ វ៉ាឡង់ស្យង់ណេស (Valenciennes)។

យោងតាម​គេហទំព័រ​ផ្ទាល់​ខ្លួន​របស់​លោក www.clementbriend.com ស្នាដៃ​សិល្បៈ​របស់​លោក ក្លេម៉ង់ ភាគច្រើន​គឺជា​ការ​ប្រើ​ទេសភាព​ជុំវិញ​ខ្លួន​ជា​ផ្ទាំង​ក្រណាត់​ក្នុង​ការ​បញ្ចាំង​រូបភាព ដើម្បី​ញ៉ាំង​ឲ្យ​មនុស្ស​ហាក់​ស្ថិត​ក្នុង​បរិយាកាស​ពោរពេញ​ដោយ​ថាមពល ទេវមន្ត និង​អារម្មណ៍​ផ្សារភ្ជាប់​ទៅ​នឹង​សាសនា។

រូបភាព​ចម្លាក់​ខ្មែរ​ប្រភេទ 3D ផុស​នៅលើ​ដើមឈើ​នៅ​សិង្ហបុរី​។ រូបថត AFP

ដោយ​ប្រើ​ទេសភាព​នា​ពេល​រាត្រី​នៅ​បណ្ដា​ទីក្រុង​នានា លោក ក្លេម៉ង់ ប្រ៊ីយ៉ង់ដ៍ ធ្លាប់​បាន​ប្រើ​បច្ចេកទេស​បញ្ចាំង​រូបភាព​ផុស 3D ទៅលើ​ដើមរុក្ខជាតិ​នៅ​ដងវិថី​ឯ​ទីក្រុង​ប៉ារីស និង រាជធានី​ភ្នំពេញ ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជាច្រើន​ក្នុង​ពិភពលោក។

លោក​បាន​ជ្រើសរើស​ទិដ្ឋភាព សណ្ឋាន​មែក​រុក្ខជាតិ និង​ប្រភេទ​ស្លឹក​របស់​វា មុន​នឹង​ធ្វើការ​បញ្ជាំង​រូបភាព​ទៅលើ​ដើមឈើ​ទាំងនោះ​យ៉ាង​ស្រស់ស្អាត។

ក្រៅពី​ស្នាដៃ​រំលេច​រូបភាព​ចម្លាក់​បុរាណ ឬ​រូបវត្ត​អារាម​ខ្មែរ​ផុស​នៅលើ​ដើមឈើ​នោះ លោក​ក៏​បាន​ប្រើ​បច្ចេកទេស​បញ្ចាំង​ពន្លឺ​នេះ​បញ្ចាំង​ចំ​ពី​លើ​អគារ បង្កើត​បាន​ជា​រូបភាព ​3D ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ផង​ដែរ​។

ដោយឡែក​សម្រាប់​ការ​តាំង​បង្ហាញ​ស្នាដៃ​របស់​លោក​នៅក្នុង​កម្មវិធី​មហោស្រព​រាត្រី​សិង្ហបុរី​ឆ្នាំ​២០១៤ ដែល​រៀបចំ​ឡើង​ដោយសារ​មន្ទីរជាតិ​របស់​ប្រទេស​នេះ​វិញ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជា​៥០​ម៉ឺន​នាក់ នៅ​ទីតាំង​ចំនួន​ ១០​នៃ​ប្រទេស​សិង្ហបុរី គិត​ចាប់ពី​ចុងសប្ដាហ៍​មុន​ដល់​ចុង​សប្ដាហ៍​នេះ៕


What Next?

Recent Articles