សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​នគរបាល​គិតគូរ​ពី​សិទ្ធិ​របស់​ពលរដ្ឋ​បន្ទាប់​ពី​ការ​ចាប់​ឬ​ឃាត់​ខ្លួន

ដោយ យាង សុជាមេត្តា
2014-08-29
RFA

កិច្ច​ពិភាក្សា​សិទ្ធិ​បន្ទាប់​ឃាត់​ខ្លួន ៦២០
(ពី​ឆ្វេង) ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ប៊ុន ហុន ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ម៉ក់ សម្បត្តិ អគ្គស្នងការ​រង​នគរបាល​ជាតិ លោក កង សុខន តំណាង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) និង​អគ្គ​ព្រះរាជ​អាជ្ញា​អម​សាលា​ឧទ្ធរណ៍ លោក អ៊ុក សាវុធ ក្នុង​កិច្ច​ពិភាក្សា​ស្ដីពី​សិទ្ធិ​នានា​បន្ទាប់​ពី​ការ​ឃាត់​ខ្លួន និង​ការ​ប្រើប្រាស់​កម្លាំង​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៤។ RFA/Yeang Socheametta

ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា បាន​រៀបចំ​បទ​បង្ហាញ​នៅ​សណ្ឋាគារ​សាន់វ៉េ (Sunway) រាជធានី​ភ្នំពេញ ស្ដីពី​សិទ្ធិ​នានា​បន្ទាប់​ពី​ការ​ឃាត់​ខ្លួន និង​ការ​ប្រើប្រាស់​កម្លាំង​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ និង​ដើម្បី​ចែក​ចាយ​ប័ណ្ណ​ស្ដីពី​សិទ្ធិ​នានា​ក្រោយ​ការ​ឃាត់​ខ្លួន។

ទន្ទឹម​នឹង​នេះ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​នគរបាល​អនុវត្ត​ច្បាប់ គិតគូរ​ពី​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ឲ្យ​បាន​ខ្ពស់ និង​ចូលរួម​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្បាស់​អំពី​សិទ្ធិ​ទាំងអស់​នេះ។

កិច្ច​ពិភាក្សា​រយៈពេល​ពេញ​មួយ​ថ្ងៃ​នេះ មាន​ការ​ចូលរួម​ពី​មន្ត្រី​នគរបាល​ដែល​មាន​ឋានន្តរស័ក្តិ​ចាប់​ពី​ស្នងការ​រង រហូត​ដល់​ឧត្ដមសេនីយ៍ ប្រមាណ ១០០​នាក់ មក​ពី​ទូទាំង​ប្រទេស។

ថ្លែង​ក្នុង​ពេល​បើក​កម្មវិធី​នៅ​ចំពោះ​មុខ​អ្នក​ចូលរួម តំណាង​ការិយាល័យ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ថ្លែង​ថា តាម​រយៈ​បទពិសោធន៍​របស់​ក្រុម​អ្នកស្រី បុគ្គល​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​មន្ត្រី​នគរបាល​យុត្តិធម៌​នៅ​កម្ពុជា ជា​ញឹកញាប់ ការ​យល់​ដឹង​របស់​ពួក​គេ​នៅ​មាន​កម្រិត​នៅ​ឡើយ។ អ្នកស្រី​ថា បុគ្គល​ភាគ​ច្រើន​មិន​បាន​ដឹង​ពី​សិទ្ធិ​របស់​ពួក​គេ នៅ​ក្នុង​ដំណើរ​ការ​នីតិវិធី​ព្រហ្មទណ្ឌ ហើយ​ថា បុគ្គល​ភាគ​ច្រើន​លើសលប់​មិន​ដែល​បាន​ឃើញ បាន​ឮ​ពី​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ឡើយ។

អ្នកស្រី​បន្ត​ថា ការ​យល់​ដឹង​ពី​សិទ្ធិ​នានា​ក្រោយ​ពេល​ចាប់ ឬ​ឃាត់​ខ្លួន គឺ​មាន​សារប្រយោជន៍​ដល់​បុគ្គល​គ្រប់​រូប រួម​ទាំង​មន្ត្រី​នគរបាល​ផង​ដែរ ព្រោះ​ថា ពេល​ដែល​ពលរដ្ឋ​ដឹង​ពី​សិទ្ធិ​របស់​ពួក​គេ​នោះ ការ​គោរព​ច្បាប់​ក៏​កាន់​តែ​ប្រសើរ ហើយ​ជា​លទ្ធផល វា​ជួយ​បង្ការ​ទារុណកម្ម និង​ការ​ប្រព្រឹត្ត​មិន​គប្បី​ផ្សេង​ទៀត​នៅ​តាម​ប៉ុស្តិ៍​នគរបាល។ អ្នកស្រី វ៉ាន់ហ៊ី លី ក៏​ថ្លែង​ដែរ​ថា នគរបាល​មាន​តួនាទី​ស្នូល​ក្នុង​ការ​ការពារ​សង្គម​ពី​អំពើ​ហិង្សា ស្វែងរក​យុត្តិធម៌ និង​ធានា​ឲ្យ​ពលរដ្ឋ​ទាំងអស់ ទទួល​បាន​សិទ្ធិ​របស់​ពួក​គេ ហើយ​ជា​រឿយៗ នគរបាល​ធ្វើ​ការ​នៅ​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់ និង​ថា​គ្មាន​នរណា​ម្នាក់​ជំទាស់​ឡើយ​ថា នគរបាល​ត្រូវ​ប្រើ​កម្លាំង​នៅ​ក្នុង​កាលៈទេសៈ​ជាក់លាក់​ណា​មួយ​នោះ ប៉ុន្តែ​អ្នកស្រី​ថា កម្លាំង​អាច​ប្រើ​ទៅ​បាន លុះ​ណា​តែ​ក្នុង​ករណី​ចាំបាច់​បំផុត​ប៉ុណ្ណោះ។

អ្នកស្រី វ៉ាន់ហ៊ី លី៖ «នៅ​ក្នុង​សង្គម​សម័យ​ទំនើប រដ្ឋ​មាន​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​ប្រើប្រាស់​កម្លាំង​ពលរដ្ឋ ឯកជន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កម្លាំង​ឡើយ មាន​តែ​នគរបាល​ទេ​ដែល​អាច​មាន​អំណាច​ក្នុង​ការ​ប្រើ​កម្លាំង​ក្នុង​នាម​រដ្ឋ ប៉ុន្តែ​អំណាច​នោះ ត្រូវ​ភ្ជាប់​ជាមួយ​នឹង​ការ​ទទួល​ខុស​ត្រូវ នគរបាល​មិន​អាច​ប្រើប្រាស់​កម្លាំង​គ្រប់​ពេល​ដែល​គាត់​ចង់​ប្រើ​ឡើយ នគរបាល​អាច​សម្រេច​យក​ការ​ប្រើ​អំពើ​ហិង្សា​តែ​ក្នុង​ករណី​ដែល​មាន​ចែង​ដោយ​ច្បាប់ និង​នៅ​ពេល​ណា​ដែល​ចាំបាច់​បំផុត​តែ​ប៉ុណ្ណោះ»

ចំណែក​អគ្គស្នងការ​រង​នគរបាល​ជាតិ លោក កង សុខន ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ថ្លែង​បើក​កម្មវិធី​ជំនួស លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​នោះ ថ្លែង​ថា ការ​ផ្សព្វផ្សាយ​ពី​សិទ្ធិ​ក្រោយ​ការ​ឃាត់​ខ្លួន និង​ក្រម​សីលធម៌​របស់​មន្ត្រី​ប្រតិបត្តិ​ច្បាប់​ពេល​នេះ នឹង​ជួយ​ឲ្យ​មន្ត្រី​នគរបាល​បំពេញ​តួនាទី​របស់​ខ្លួន​កាន់​តែ​ប្រសើរ។ លោក​បន្ត​ថា ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ មាន​តួនាទី​សំខាន់​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា មន្ត្រី​ប្រតិបត្តិ​ច្បាប់​ត្រូវ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ត្រឹមត្រូវ មាន​ការ​ទទួល​ខុស​ត្រូវ និង​គោរព​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស។

លោក កង សុខន៖ «មន្ត្រី​ប្រតិបត្តិ​ច្បាប់​ត្រូវ​យល់​ដឹង​ឲ្យ​បាន​ច្បាស់​លាស់​នូវ​គោលការណ៍​នានា ស្ដីពី​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​កម្លាំង អនុលោម​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ យល់​ដឹង​អំពី​កាលៈទេសៈ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​អាវុធ និង​នីតិវិធី​នៅ​ពេល​ដែល​ការ​ប្រើប្រាស់​កម្លាំង និង​អាវុធ​មិន​អាច​ជៀសវាង​បាន និង​ចេះ​កំណត់​វិធានការ​សមស្រប ក្នុង​ការ​ប្រើ​កម្លាំង និង​អាវុធ​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​ដែល​បាន​កើត​ឡើង»

យ៉ាង​ណា​ក៏ដោយ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ សមត្ថកិច្ច​រដ្ឋាភិបាល​ត្រូវ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ពលរដ្ឋ និង​សង្គម​ស៊ីវិល ថា​បាន​ប្រើប្រាស់​កម្លាំង​ហួស​ហេតុ វាយ​បង្ក្រាប និង​បាញ់​ប្រហារ​ទៅ​លើ​ពលរដ្ឋ​របស់​ខ្លួន ពិសេស គឺ​ការ​បង្ក្រាប​លើ​កម្មករ​ដែល​តវ៉ា​ដំឡើង​ប្រាក់​ខែ​កាល​ពី​ខែ​មករា ដែល​នៅ​ពេល​នោះ ធ្វើ​ឲ្យ​កម្មករ ៥​នាក់​បាត់​បង់​ជីវិត និង​ច្រើន​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ខ្លះ​ទៀត​ត្រូវ​ចង​ស្លាប​សេក ឲ្យ​ដេក​ផ្កាប់​មុខ​ផ្ទាល់​ដី ចាក់​ទឹក​លើ​ដូច​សត្វ​ធាតុ។ លើស​ពី​នេះ ការ​ប្រើប្រាស់​កង​សន្តិសុខ​ស៊ី​ស្នួល ឲ្យ​បង្ក្រាប​បាតុករ ក៏​ត្រូវ​រង​ការ​ទិតៀន​ពី​សង្គម​ស៊ីវិល​ផង​ដែរ។

រីឯ​លោក​មេធាវី សុក សំអឿន ប្រធាន​សម្រប​សម្រួល​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) ដែល​ជា​វាគ្មិន​ម្នាក់​ក្នុង​បទ​បង្ហាញ​ដែរ​នោះ កត់​សម្គាល់​ថា ប្រទេស​កម្ពុជា សព្វថ្ងៃ​នៅ​មាន​បញ្ហា​នៅ​ឡើយ ជុំវិញ​ការ​អនុវត្ត​សិទ្ធិ​ក្រោយ​ការ​ចាប់ ឬ​ឃុំ​ខ្លួន​នេះ ទាំង​បញ្ហា​ផ្លូវ​ច្បាប់ និង​ការ​អនុវត្ត។

លោក​មេធាវី សុក សំអឿន៖ «បញ្ហា​ផ្លូវ​ច្បាប់ ឧទាហរណ៍​ដូច​ក្នុង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ គេ​និយាយ​ថា ក្នុង​រយៈពេល ២៤​ម៉ោង នគរបាល​អាច​មិន​ឲ្យ​អ្នក​ផ្សេង​ចូល​ជួប​ជន​ជាប់​ចោទ​បាន ដូច្នេះ​រួម​ទាំង​មេធាវី​ផង ហេតុ​ដូច្នេះ​បើ​យោង​តាម​ផ្លូវ​ច្បាប់​បែប​នេះ​មាន​ន័យ​ថា ជន​ជាប់​ចោទ​មិន​អាច​ជួប​មេធាវី​បាន​ទេ ប៉ុន្តែ​ដល់​ពេល​ទៅ​ដល់​ចៅក្រម​ស៊ើបសួរ យើង​ឃើញ​ថា ច្បាប់​តម្រូវ​ឲ្យ​ថា មេធាវី​ត្រូវ​តែ​មាន​វត្តមាន​ជានិច្ច លើក​លែង​តែ​ជន​ជាប់​ចោទ​បដិសេធ​សិទ្ធិ​របស់​គាត់ ហើយ​ដល់​អ៊ីចឹង វា​បញ្ច្រាស​គ្នា។ ដូច្នេះ បើ​ជន​ជាប់​ចោទ​គាត់​អត់​យល់​ច្បាប់ គាត់​ចេះ​តែ​ឆ្លើយ​ទៅ ព្រោះ​ពាក់ព័ន្ធ​រឿង​ច្បាប់ ខុស​មួយ​ម៉ាត់​ជាប់​គុក មួយ​ម៉ាត់​អាច​រួច​ខ្លួន»

បន្ទាប់​ពី​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា អ្នក​ចូលរួម​ត្រូវ​បាន​ប្រគល់​ប័ណ្ណ​ផ្សព្វផ្សាយ ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​សហការី​របស់​ពួក​គេ​នៅ​មូលដ្ឋាន និង​បិទ​ផ្សាយ​នៅ​ការិយាល័យ​នគរបាល​រៀងៗ​ខ្លួន។ ប័ណ្ណ​ផ្សព្វផ្សាយ​នោះ អប់រំ​ពលរដ្ឋ​ដែល​ត្រូវ​នគរបាល​យុត្តិធម៌​ចាប់​ឃាត់​ខ្លួន ឲ្យ​ដឹង​ពី​សិទ្ធិ​នានា​ដែល​ពួក​គេ​មាន ដូច​ជា សិទ្ធិ​ដឹង​ពី​មូលហេតុ​ឃាត់​ខ្លួន សិទ្ធិ​មាន​មេធាវី សិទ្ធិ​រក្សា​ភាព​ស្ងៀមស្ងាត់ សិទ្ធិ​មិន​ឆ្លើយ​សារភាព សិទ្ធិ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​តុលាការ សិទ្ធិ​ប្រាប់​ដល់​អ្នក​ផ្ទះ​ពី​ការ​ឃាត់​ខ្លួន ឬ​ចាប់​ខ្លួន និង​សិទ្ធិ​ប្ដឹង​ពី​ការ​បដិសេធ​សិទ្ធិ​របស់​ពួក​គេ ជាដើម។

របាយការណ៍​អង្កេត​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លើ​ការ​ជំនុំ​ជម្រះ​ក្តី​នៅ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ ចាប់​ពី​ខែ​មីនា ឆ្នាំ​២០១៣ ដល់​ខែ​មិថុនា ឆ្នាំ​២០១៤ បាន​បង្ហាញ​ថា ក្នុង​ចំណោម ២៧៣​ករណី ដែល​ត្រូវ​បាន​តុលាការ​ជំនុំ​ជម្រះ​មាន​ប្រមាណ ៨២​ភាគរយ​នៃ​ករណី​ទៅ​ហើយ ដែល​ជន​ជាប់​ចោទ​មិន​ត្រូវ​បាន​តុលាការ​ជម្រាប ឬ​ពន្យល់​ពី​សិទ្ធិ​របស់​ពួក​គេ ក្នុង​ការ​ទទួល​បាន​តំណាង​ស្រប​ច្បាប់ ឬ​ការ​ស្វ័យ​ការពារ​ខ្លួន។ ក្នុង​នោះ​ដែរ មាន​ប្រមាណ​ជិត ៨៩​ភាគរយ​ករណី ដែល​ជន​ជាប់​ចោទ​មិន​ត្រូវ​បាន​តុលាការ​ជម្រាប ឬ​ពន្យល់​ពី​សិទ្ធិ​អាច​នៅ​ស្ងៀម​បាន​របស់​ពួក​គេ។ តាម​ច្បាប់ តុលាការ​មិន​ត្រឹម​តែ​ជម្រាប​ប្រាប់​ជន​ជាប់​ចោទ​ពី​សិទ្ធិ​របស់​ពួក​គេ​នោះ​ទេ ប៉ុន្តែ​តុលាការ​ត្រូវ​តែ​ពន្យល់​សិទ្ធិ​ទាំង​នោះ​ដល់​ពួក​គេ​ឲ្យ​ច្បាស់​លាស់​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles