សិស្ស​ជាង​២​ម៉ឺន​នាក់​ប្រឡង​ជាប់​បាក់​ឌុប​ក្នុង​ចំណោម​សិស្ស​ជិត​៩​ម៉ឺន​នាក់

ដោយ អ៊ុង សេរីវុទ្ធ
2014-08-29
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សិស្ស​បាក់ឌុប ៦២០

បេក្ខជន​មើលផល​ប្រឡង​បាក់ឌុប នៅ​​វិទ្យាល័យ ជា ស៊ីម​ សាមគ្គី នា​រាជធានី​ភ្នំពេញ នៅ​រសៀល​​ថ្ងៃ​ទី​ ២៩ សីហា ឆ្នាំ​២០១៤។ RFA/Oung Sereyvuth

បេក្ខជន​ជាង ២​ម៉ឺន​នាក់ (២៣.១២៦​នាក់) ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ដែល​ស្មើ​នឹង ២៥,៧២% ក្នុង​ចំណោម​បេក្ខជន​ជិត ៩​ម៉ឺន​នាក់ (៨៩.៩៣៧​នាក់) ដែល​ចូល​រួម​ក្នុង​ការ​ប្រឡង​ឆ្នាំ​នេះ។ ចំនួន​សិស្ស​ដែល​ប្រឡង​ជាប់​បាន​ថយ​ចុះ​ប្រមាណ​៦០​ភាគរយ​ប្រើ​ប្រៀប​ធៀប​នឹង​ការ​ប្រឡង​នៅ​ឆ្នាំ​កន្លង​ទៅ។ ការ​ថយ​ចុះ​នេះ​គឺ​បន្ទាប់​ពី​ក្រសួង​អប់រំ​ដាក់​វិធានការ​កំណែ​ទម្រង់​វិស័យ​អប់រំ ក្រោម​ពាក្យ​ស្លោក «អ្នក​ចេះ​គឺ​ជាប់»

ខុសប្លែក​ពី​រាល់​ឆ្នាំ ​សិស្ស​ ប្រមាណ​ពី ៧០ ទៅ ៨០ ភាគរយ បាន​ប្រឡង​បាក់ឌុប​ជាប់ បើ​ទោះ​បី​បាន​និទ្ទេស​ល្អ ឬ​មិន​សូវ​ល្អ​ក្ដី នៅ​ឆ្នាំ ២០១៤ បេក្ខជន ប្រមាណ​៧០​ភាគ​រយ​បាន​ប្រឡង​ធ្លាក់។

សិស្ស​មួយ​ចំនួន​ឃើញ​ឈ្មោះ​របស់​ខ្លួន បិទ​នៅ​លើ​ក្ដារ​​ប្រកាស​លទ្ធផល ដែល​មិន​គូស​ប៉ិច​ក្រហម ពិត​ជា​សប្បាយ​រីក​រាយ និង​មាន​មោទនភាព ចំពោះ​ខ្លួន​ឯង​ក្រៃលែង។ ក្នុង​ទឹក​មុខ​ញញឹម​ញញែម កញ្ញា សន ឆវីវតី បេក្ខនារី ប្រឡង​មណ្ឌល​វិទ្យាល័យ ជា ស៊ីម សាមគ្គី សង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក ទើប​នឹង​ឃើញ​លទ្ធផល​ប្រឡង​របស់​ខ្លួន ជាប់​បាន​និទ្ទេស​ល្អ​ផង​ទៀត​នោះ ឲ្យ​ដឹង​ថា​នេះ​ជា​លទ្ធផល​ល្អ សម្រាប់​អ្នក​ដែល​ខិតខំ​ប្រឹង​ប្រែង ​រៀន​សូត្រ​គ្រប់​គ្នា៖ «ផ្ដាំ​ផ្ញើ​ដល់​​ប្រឡង​ធ្លាក់​ទាំងអស់ កុំ​បាក់​ទឹក​ចិត្ត​អី ព្រោះ​នៅ​មាន​ឱកាស​ជា​លើក​ទីពីរ​ទៀត ហើយ​រយៈ​ពេល​មួយ​ខែ​ជាង គួរ​តែ​ខំ​ប្រឹង​រៀន ទាំង​ថ្ងៃ​ទាំង​​យប់ គួរ​តែ​ជឿ​ជាក់​ខ្លួន​​ឯង ថា​ខ្លួន​​ឯង​​អាច​ធ្វើ​បាន ទោះ​កាល​​មុខ​ពី​សូន្យ​ភាគរយ អាច​ឡើង​ដល់ ២០ ទៅ ៣០​អ៊ីចឹង​ដែរ»

សិស្ស​បាក់ឌុប ៦២០-១
បេក្ខ​ជន​កំពុង​មើល​លទ្ធផល នៅ​វិទ្យាល័យជាស៊ីម សាមគ្គី រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០១៤។ RFA/Oung Sereyvuth

លោក ឈន់ អេងទ្រី គ្រូ​បង្រៀន​ម្នាក់​ក្នុង​វិទ្យាល័យ ជា ស៊ីម សាមគ្គី បាន​សាទរ ចំពោះ​ចំណាត់​ការ​ដ៏​មាន​ប្រសិទ្ធភាព របស់​ក្រសួង​អប់រំ ហើយ​ជំរុញ​ឲ្យ​មាន ការ​រឹត​បន្តឹង​បែប​នេះ រាល់​ៗ​ឆ្នាំ​ទៅមុខ​ទៀត ដោយ​រួម​ទាំង​ការ​ប្រឡង លើក​ទី២ ខាង​មុខ​នេះ។ លោក​បញ្ជាក់​ថា សិស្ស​ដែល​ប្រឡង​ធ្លាក់ ត្រូវ​គិត​គូរ​ពី​ការ​រៀន​សូត្រ​របស់​ខ្លួន​ឡើង​វិញ៖ «ទីមួយ​គឺ​ធ្វើ​ឲ្យ​សិស្ស​ខាង​ក្រោម​ៗ ទី​១១ ប្រឹង​រៀន​ណាស់​ឥឡូវ គាត់​ខំ​ប្រឹង​រៀន​ណាស់ សព្វ​ថ្ងៃ​នៅ​សាលា​ខ្ញុំ​សិស្ស​រៀន​គួរ​ពេញ​ៗ»

ក្នុង​បរិយាកាស​អាប់អួរ​បន្តិច ហើយ​មេឃ​ក៏​កំពុង​បង្អុរ​ផង​នោះ កញ្ញា សៀក រាសី ​កំពុង​អង្គុយ សញ្ជប់​សញ្ជឹង កែវ​ភ្នែក​រលីង​រលោង។ នាង​ថ្លែង​ទាំង​អួល​ដើម​ក​ថា កាល​ពី​ថ្ងៃ​ប្រឡង​នាង​ពិត​ជា​ខំ​បញ្ចេញ​អស់​ពី​សមត្ថភាព​របស់​ខ្លួន តែ​លទ្ធផល​នៅ​តែ​ធ្លាក់។ ឆ្លើយ​នឹង​សំណួរ​ថា​​តើ​នាង​នឹង​ចូល​ប្រឡង​លើក​ទី​ពីរ​ឬទេ? ​រាសី​ហាក់​នៅ​ស្ទាក់​ស្ទើរ​មិន​ដឹង​ថា អាច​ប្រឡង​ជាប់ ឬ​ធ្លាក់​នៅ​លើក​ទី២ ត្បិត​នៅ​សល់​ពេល​ជាង​១ខែ​ប៉ុណ្ណោះ។

លោក ផាន់ ណិល នាយក​សាលា​វិទ្យាល័យ​ជា ស៊ីម សាមគ្គី ឲ្យ​ដឹង​ថា​ការ​រៀបចំ ការ​ប្រឡង​បាក់ឌុប​​នៅ​ឆ្នាំ​នេះ​ជា​លទ្ធផល​ល្អ​បំផុត សម្រាប់​ដាស់​ស្មារតី ដល់​សិស្ស​គ្រប់​រូប ឲ្យ​ប្រឹង​រៀន។ ចំណែក​អាណាព្យាបាល​ទាំង​អស់ ត្រូវ​យក​ចិត្ត​ទុក​ដាក់ ​ជំរុញ និង​ចូលរួម​តាមដាន​គ្រប់​សកម្មភាព ការ​សិក្សា​របស់​កូន។

ចំពោះ​សិស្ស​ដែល​ប្រឡង​ធ្លាក់​វិញ ក្រសួង​នឹង​រៀប​ចំ​ផ្ដល់ វគ្គ​បំប៉ន​បន្ថែម​គ្រប់​មុខ​វិជ្ជា តាម​បណ្ដា​ខេត្ត​ក្រុង ដើម្បី​ត្រៀម​ខ្លួន​ប្រឡង​លើក​ទីពីរ នៅ​ថ្ងៃ​ទី ១៣ ទី ១៤ ខែ តុលា​ខាង​មុខ លើក​លែង​តែ​បេក្ខជន​ដែល​ក្រសួង​ពិន័យ៕

ក្នុង​ចំណោម​បេក្ខជន​ដែល​ប្រឡង​ជាប់​នោះ សិស្ស​ដែល​បាន​និទ្ទេស A មាន​ចំនួន ១១​នាក់ និង​និទ្ទេស B មាន​ចំនួន ២៨០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

3 Responses to "សិស្ស​ជាង​២​ម៉ឺន​នាក់​ប្រឡង​ជាប់​បាក់​ឌុប​ក្នុង​ចំណោម​សិស្ស​ជិត​៩​ម៉ឺន​នាក់"

  1. pingpong says:

    ១. ហេតុអ្វី សម័យសម្តេចជោរហ៊ុនសែនសិស្សប្រឡង់ធ្លាក់ច្រើនម្ល៉េះ? តើមកពីកត្តាអ្វី?
    ២. ខ្ញុំក៍ធ្លាប់រៀនដែរ ហើយធ្លាប់មានអារម្មណ័ជាសិស្សដែរ!! កត្តាសំខាន់ គឺ អយុត្តិធម៌នៃសង្គមហ៊ុនសែន ឬអាចនិយាយបញ្ច្រាសទៅវិញថា អត់អោយតម្លៃអ្នករៀនទេ!! អោយតម្លៃតែបក្ខពួកគ្រួសារហ៊ុនសែនប៉ុណ្ណោះ នេះជាសច្ចៈភាពដែរយើងទាំងអស៉គ្នាសុទ្ធតែដឹងឮ?
    ៣. ឥឡូវមកប៉ះរដ្ឋមន្រ្តីអប់រំស្ទាវ គ្មានបទពិសោធន័ពីសច្ចះភាពនៃសង្គមហ៊ុនសែន បានមកហែកខោហ៊ុនសែនអោយគេឃើញពងគ្រប់គ្នា! ព្រះអើយធ្លាក់ដល់ក មិនដែលមានទេលើលោក!!
    ៤. ពង្រឹងគុណភាព អ្នកពូកែជាប់! ចំណែកអ្នកខ្សោយធ្លាក់ នេះជាជោគជ័យដ៍មហាលោតផ្លោះមហាអស្ចារ្យ!!
    ៥. ស្រាប់តែមានប្រឡងបាក់ឌុបលើកទី២ ដើម្បីចម្រាញ់សិស្សគ្មានគុណភាពអោយជាប់ដែរ!! ម្តាយអើយ !!!

  2. Anonymous says:

    បើទោះជាគ្មានសញ្ញាប័ត្រមធ្យមសិក្សាក៏អាចកាន់តំណែងជានាយករដ្ផមន្ត្រីនិងជាប្រធានសភាបាន
    តើ???ចាំបាច់យំតូចចិត្តធ្វើអ្វី??????មានសញ្ញាប័ត្របានធ្វើជាស្មៀនគេតែដដែលហ្នឹង????

  3. Hun Nal says:

    Anonymous: យោបល់លោក ពិតជាត្រឹមត្រូវ…តែមិនសុទ្ធតែត្រូវ១០០%នោះទេ នេះដោយសារតែ យួនទេ កុំអីមេដឹកនាំសព្វថ្ងៃនេះ នៅជំតិត ស្ទូងស្រូវកណ្តាលវាលស្រែនៅឡើយទេ …!?
    ចំណែកលទ្ធផលប្រលង បាក់ឌុប ឆ្នាំនេះ បញ្ជាក់អោយឃើញពីភាពល្ងង់ខ្លៅរបស់មេដឹកនាំអវិជ្ជានេះហើយ!