​ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង​ចោទ​អាជ្ញាធរ​មូលដ្ឋានថា​រើសអើង​មិន​ធ្វើ​ប្លង់​ដី​ស្រែ​ឲ្យ​ពួកគេ​​

ដោយ៖​ ថុល ស្រីលក្ខណ៍​
ថ្ងៃសៅរ៍ ទី30 សីហា 2014
http://vodhotnews.com

ប្រជាពលរដ្ឋ​៤​គ្រួសារ នៅ​ភូមិ ជ្រៃ​ធំ សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​សៅរ៍ នេះ ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា រើសអើង ដោយ​មិន​ព្រម​វាស់វែង​ដីស្រែ​ធ្វើ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដី​ស្រែ​ឲ្យ​ពួកគេ​។​

អ្នកស្រី ឃួន សុខុម អាយុ​៥៤​ឆ្នាំ បានឲ្យ​VOD​ដឹង​នៅ​ថ្ងៃនេះ​ថា អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​សុរិយោដី​ក្នុង​ខេត្ត​នេះ មិន​ព្រម​វាស់វែង​ដី​ស្រែ​ឲ្យ​គាត់​និង​អ្នកភូមិ​ចំនួន​៣​គ្រួសារ​ទៀត ដើម្បី​ធ្វើ​ប្លង់​កម្មសិទ្ធិឲ្យ​នោះ​ទេ​គឺ​វាស់​តែ​ដី​ភូមិ​តែ​ប៉ុណ្ណោះ​។ អ្នកស្រី​ថា ការ​មិន​វាស់វែង​ដី​ឲ្យ​នេះ​អាច​ជា​ការរើសអើង​ពួកគាត់​ជា​អ្នកក្រីក្រ  ហើយ​គាត់​ព្រួយបារម្ភ​ថា អាជ្ញាធរ​ឃុបឃិត​គ្នា បន្លំ​ធ្វើ​ប្លង់​លើ​ដី​គាត់​ប្រគល់​ឲ្យ​អ្នក​ផ្សេង​កាន់កាប់​។​

ឆ្លើយតប​ទៅនឹង​ការលើកឡើង​នេះ មេភូមិ​ជ្រៃ​ធំ លោក អួន ឡុញ មានប្រសាសន៍ថា មិនមែន​មាន​តែ​បួន​នោះទេ​ដែល​មិន​បាន​វាស់វែង​គឺ​មាន​ប្រជាជន​ជាច្រើន​ទៀត​ក៏​នៅ​ដូចគ្នា ដោយសារ​ដី​ស្រែ​ទាំងនោះ ស្ថិត​នៅជាប់​បឹង ដែល​ជំនាញ​សុរិយោដី​ចាត់ទុកថា នៅក្រោម​ខ្នើយ​ទឹក​។ លោក​ថា ដី​នោះ​គឺ​មិន​ទាន់​អាច​វាស់វែង​បានទេ លុះត្រាតែ​ខាង​សុរិយោដី​កំណត់​ពី​ទំហំ​បឹង និង​ទំនប់​ឲ្យ​ច្បាស់លាស់​សិន​។​

លោក អួន ឡុញ បញ្ជាក់ថា ដី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បឹង​នៅក្នុង​ភូមិ​នេះ មាន​ទំហំ​ប្រមាណ​ជា​៤​គីឡូម៉ែត្រ​ក្រឡា តែ​ប្រជាពលរដ្ឋ​នៅតែ​អាច​ធ្វើស្រែ​លើ​ដី​នោះ​ជាធម្មតា​៕

សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles