ដោយ យ៉ង ចាន់តារា
2014-08-30
RFA

អ្នកភូមិឡពាង ៥នាក់ ថតនៅមុខពន្ធនាគារខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤។ RFA/Chin Chetha
អ្នកភូមិឡពាង ៥នាក់ ដែលជាប់ពន្ធនាគារ ត្រូវបានតុលាការខេត្តកំពង់ឆ្នាំង សម្រេចដោះលែងឱ្យនៅក្រៅឃុំហើយនៅរសៀលថ្ងៃទី២៩ ខែសីហា។ អ្នកភូមិដែលទើបចេញពីពន្ធនាគារទាំងនេះ បានអះអាងថា នឹងបន្តការទាមទាររកដំណោះស្រាយបញ្ចប់ជម្លោះជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC)។
អ្នកភូមិឡពាង ចំនួន ៥នាក់ ដែលត្រូវបានដោះលែងឱ្យនៅក្រៅឃុំ នឹងនាំគ្នាធ្វើដំណើរមកភ្នំពេញនៅថ្ងៃទី៣០ ខែសីហា។ គោលបំណងនៃការធ្វើដំណើរមកកាន់ទីក្រុងដែលស្ថិតនៅឆ្ងាយពីស្រុកកំណើតរបស់ពួកគេនេះ គឺដើម្បីមកជួបជុំគ្រួសារ និងបន្តការទាមទាររកយុត្តិធម៌ពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី។
អ្នកភូមិម្នាក់ដែលទើបនឹងចេញពីពន្ធនាគារ លោក សៀង ហេង បានរៀបរាប់ថា លោកមានក្តីនឹករឭកដល់ក្រុមគ្រួសាររបស់លោកជាខ្លាំង បន្ទាប់ពីត្រូវបានតុលាការខេត្តកំពង់ឆ្នាំង ចាប់ខ្លួនដាក់ពន្ធនាគារជាងមួយខែ។ លោកអះអាងថា លោក និងអ្នកភូមិដទៃទៀត នឹងបន្តការទាមទាររកដំណោះស្រាយចំពោះបញ្ហាទំនាស់ដីធ្លីនេះ៖ «ការរំពឹងសម្រាប់ខ្ញុំផ្ទាល់ ខ្ញុំនៅតែសង្ឃឹមឱ្យមានការដោះស្រាយ។ បើសិនជាមិនមានការដោះស្រាយ ខ្ញុំក៏មិនសុខចិត្តដែរ ព្រោះខ្ញុំបាត់បង់ដីធ្លី ហើយដាក់សម្ពាធឃុំខ្លួនខ្ញុំដោយអយុត្តិធម៌អ៊ីចឹងទៀត»។
អ្នកភូមិម្នាក់ទៀត លោក ងួន ញឿន ដែលទើបនឹងត្រូវបានដោះលែងដែរនោះ ហាក់មិនសូវសប្បាយរីករាយប៉ុន្មានទេចំពោះការដោះលែងនេះ ដោយសារតែទំនាស់មិនទាន់ត្រូវបានដោះស្រាយរួច ហើយម្យ៉ាងវិញទៀត លោកត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ៖ «ការរួចខ្លួន ខ្ញុំមានការសប្បាយចិត្ត ដោយសារតែមានគណបក្ស ឬអង្គការផ្សេងៗដែលគាត់ជ្រោមជ្រែងឱ្យខ្ញុំបានចេញពី ពន្ធនាគារនេះ គឺខ្ញុំសប្បាយចិត្ត។ ប៉ុន្តែដែលខ្ញុំមិនសប្បាយចិត្ត ដោយសាររឿងទំនាស់ដីធ្លីរបស់ខ្ញុំ គឺអត់ទាន់បានដោះស្រាយ។ ណាមួយទៀត ខ្ញុំចេញនេះមិនមែនចេញមានសេរីភាពទាំងស្រុងទេ គឺនៅការត្រួតពិនិត្យរបស់តុលាការ និងប៉ូលិសដដែល»។
ចៅក្រមស៊ើបសួរតុលាការខេត្តកំពង់ឆ្នាំង លោក ញូង ចន្ធី បានសម្រេចដោះលែងអ្នកទាំង៥ ឱ្យនៅក្រៅឃុំនៅប្រមាណជាម៉ោង ៤រសៀល ថ្ងៃទី២៩ ខែសីហា ប៉ុន្តែបានដាក់អ្នកទាំង៥ ក្នុងលក្ខខណ្ឌនៃការតាមដាន មានន័យថា ពួកគេត្រូវទៅបំភ្លឺនៅតុលាការនៅពេលត្រូវបានកោះហៅ។ លើសពីនេះ ពួកគេមិនអាចផ្លាស់ប្ដូរទីលំនៅដោយគ្មានការជូនដំណឹងជាមុនដល់ចៅក្រមស៊ើបសួរនោះទេ ហើយជាពិសេស ពួកគេត្រូវទៅបំភ្លឺនៅប៉ុស្តិ៍នគរបាលឃុំតាជេស ជារៀងរាល់ចុងខែ។
អ្វីដែលជាការកត់សម្គាល់នោះ គឺនៅពេលដែលអ្នកភូមិទាំង ៥នាក់ ត្រូវបានដោះលែង មានមន្ត្រីគណបក្សនយោបាយមួយចំនួន បានយករថយន្តមកចាំទទួលពួកគេត្រឡប់ទៅស្រុកវិញ ប៉ុន្តែពួកគេបដិសេធ ហើយសម្រេចចិត្តស្នាក់នៅទីស្នាក់ការសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ខេត្ត កំពង់ឆ្នាំង ក្រោមកិច្ចគាំពារ និងផ្តល់ជាម្ហូបអាហារពី លោក ស៊ុំ ចាន់គា មន្ត្រីអង្គការអាដហុក៖ «ឥឡូវនេះវាមិនមែនជាអាដហុក ទេ។ វាទៅជារឿងមនុស្សធម៌។ ប្រាំនាក់ហ្នឹង គឺបាយផ្ទះខ្ញុំមាន សោហ៊ុយឡើងទៅភ្នំពេញនោះ អាហ្នឹងខ្លួនគាត់ ពីព្រោះក្រុមគ្រួសាររបស់គាត់ បានជជែកគ្នាអម្បាញ់មិញថា ឱ្យតែប្ដីគាត់ឡើងទៅ គេជាអ្នកចេញសោហ៊ុយចេញអីហ្នឹង»។
អ្នកភូមិឡពាង ទាំង ៥នាក់ ត្រូវបានចាប់ខ្លួនដាក់ក្នុងពន្ធនាគារខេត្តជាបន្តបន្ទាប់ ក្រោមបទចោទថាបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនា និងបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ ក្នុងចំណោមអ្នកទាំង ៥នាក់ មាន ២នាក់ត្រូវបានចាប់ខ្លួននៅក្នុងភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង ៣នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួននៅពេលពួកគេធ្វើដំណើរដោយថ្មើរជើងមកកាន់រាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទៅស្ថាប័នជាតិឱ្យជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកភូមិឡពាង ទាំងនេះ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ពួកគេឱ្យមានប្រសិទ្ធភាព។
លោក ងួន ញឿន៖ «គម្រោងរបស់ខ្ញុំ គឺខ្ញុំនៅតែទាមទារតវ៉ារឿងដីធ្លីរបស់ខ្ញុំ។ សូមឱ្យរាជរដ្ឋាភិបាល និងអង្គការផ្សេងៗមេត្តាជួយអន្តរាគមន៍ជួយដោះស្រាយរឿងទំនាស់ដីធ្លីរបស់ពួកខ្ញុំផងដែរ។ ហើយជាពិសេស អង្គការជាតិ និងអន្តរជាតិ មេត្តាដាក់សម្ពាធដល់ក្រុមហ៊ុន ខេ.ឌី.ស៊ី ដែលកំពុងតែរំលោភយកដីរបស់ពួកខ្ញុំនេះផង»។
ទំនាស់ដីធ្លីនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លើផ្ទៃដីទំហំ ១៨២ហិកតារ ជាទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃដែលបានអូសបន្លាយអស់រយៈពេលជិត ១០ឆ្នាំមកហើយ រវាងអ្នកភូមិ និងក្រុមហ៊ុន ខេ.ឌី.ស៊ី របស់លោកស្រី ជា ខេង ភរិយារបស់ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកភូមិនៅសៀមរាបទាមទារឲ្យអាជ្ញាធរពន្លឿនដោះស្រាយសំណងដីធ្លីឲ្យបានឆាប់
- ពលរដ្ឋមានជម្លោះដីធ្លីនៅក្រចេះឡើងមកតវ៉ានៅភ្នំពេញជាថ្មី
- ដីធ្លីរបស់អតីតទាហានពិការដែលកាត់រំសាយត្រូវមេទាហានយកទៅលក់ឲ្យក្រុមហ៊ុន
- ស្ត្រីបឹងកក់ម្នាក់សន្លប់និងបញ្ជូនទៅសង្គ្រោះបន្ទាន់ដោយប៉ះទង្គិចជាមួយប៉ូលិស
- ពលរដ្ឋមានទំនាស់ដីធ្លីនៅក្រចេះមិនទទួលយករបៀបដោះស្រាយដោយអាជ្ញាធរថ្នាក់ជាតិ
- អ្នកភូមិនៅព្រៃវែងចោទអាជ្ញាធរមូលដ្ឋានថាឃុបឃិតគ្នាលក់ដីសាលាឆទាន
- ក្រសួងមហាផ្ទៃព្រមានចាត់វិធានការចំពោះអ្នកគប់ពងមាន់លើស្ថានទូតសិង្ហបុរី
- ក្រុមហ៊ុនចិនគ្រោងជម្លៀសពលរដ្ឋចេញពីតំបន់ស្ទឹងឆាយអារ៉ែងដើម្បីសង់ទំនប់វារីអគ្គិសនី
- ជនជាតិដើមភាគតិចនៅកំពង់ធំបារម្ភខ្លាចបាត់បង់ដីព្រៃចម្ការវិលជុំ
បានដោះលែងអោយនៅក្រៅឃុំបុ៉ណ្ណឹង អរគុណ ហុ៊ន សែន រកពុទ្ធោហើយ…តែនេះជាល្បិច អាមួយអ្នកវាយ អាមួយបកចេកបញ្ចុក…!?