ដោយ៖ ប៉ែន ប៉ូលីន
ថ្ងៃសៅរ៍ ទី30 សីហា 2014
http://vodhotnews.com
ក្រសួងអប់រំយុវជននិងកីឡានឹងប្រកាសផ្សព្វផ្សាយជាផ្លូវការស្ដីពីគោលនយោបាយជាតិគាំពារនិងអភិវឌ្ឍន៍កុមារតូចនៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះក្នុងគោលបំណងពង្រឹងជំនាញ និងការអភិវឌ្ឍផ្នែកសង្គមនិងបញ្ញាស្មារតីរបស់កុមារ។
សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍន៍កុមារតូចបានឲ្យដឹងថា ក្រសួងនឹងរៀបចំពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការនៃគោលនយោបាយជាតិ និងផែនការសកម្មភាពជាតិស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូចនៅថ្ងៃចន្ទទី១ខែកញ្ញាឆ្នាំ២០១៤គឺសប្ដាហ៍ក្រោយនេះនៅវិទ្យាស្ថានជាតិអប់រំក្បែរវិមានឯករាជ្យ។
ពិធីនោះនឹងមានការចូលរួមពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងពីតំណាងក្រសួងដែលពាក់ព័ន្ធចំនួន១១ ពិសេសគឺ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍កសិកម្មនិងជនបទ គណៈរដ្ឋមន្ដ្រីអភិបាលខេត្ត និងដៃគូអភិវឌ្ឍន៍ផ្សេងទៀតផងដែរ។
មូលហេតុដែលនាំឲ្យមានពិធីនេះឡើងគឺដោយសារតែកម្ពុជាបច្ចុប្បន្ន មានកុមារតូចក្រោមអាយុ៦ឆ្នាំ ៤០%មានបញ្ហាក្រិន ២៨%មានទម្ងន់មិនគ្រប់ ១១%ស្គមស្គាំង ៤៥%ប្រឈមនឹងករណីមរណភាពខ្ពស់ រួមនិងបញ្ហាដទៃទៀតផងដែរពិសេសគឺបញ្ហាកង្វះអាហាររូបត្ថម្ភគឺជាមូលហេតុចម្បង។
គួរបញ្ជាក់ថាប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូង នៅតំបន់អាស៊ាន ដែលបានរៀបចំគោលនយោបាយនេះឡើងតាំងពីឆ្នាំ២០១៣មកម្លេះ៕
សរសេរមកកាន់លោក ប៉ែន ប៉ូលីន តាមរយៈ penpoline@yahoo.com.au