សាលា​អន្តរជាតិ​ហ្វ្រេដ​ហ្វ​ត​ប្រកាស​ផ្តល់​ជំនួយ​ដល់​ក្មេង​ប្រុស​រង​ការធ្វើ​ទារុណកម្ម​ដោយសារ​លួច​ផ្លែ​ដូង​​

ដោយ៖​ ថុល ស្រីលក្ខណ៍​
ថ្ងៃសៅរ៍ ទី30 សីហា 2014
http://vodhotnews.com

​នាយក​សាលា​អន្តរជាតិ ហ្វ្រេដ​ហ្វ​ត ប្រកាស​ផ្តល់​ជំនួយជា​ថវិកា និង​ផ្គត់ផ្គង់​ការ​សិក្សា​ជំនាញ​ដល់​កុមារា​ម្នាក់​នៅ​ស្រុក​ពារាំង ខេត្ត​ព្រៃវែង  ដែល​រង​ការធ្វើ​ទារុណកម្ម ដោយសារ​លួច​ផ្លែ​ដូង​។​

​លោក មុំ វ៉ារិន ជា​នាយក​សាលា ហ្វ្រេដ​​ហ្វ​ត និង​ជា​ប្រធាន​ក្រុមហ៊ុន Japan Tech មានប្រសាសន៍​តាមរយៈ​ទូរស័ព្ទ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា  សកម្មភាព​នៃ​ការធ្វើ​ទារុណ​កម្ម​លើ​កុមារ​នេះ គឺ​អំពើ​ឃោរឃៅ និង​អមនុស្សធម៌ ដែល​លោក​មិន​អាច​ទទួលយកបាន​។ លោក​ថា សកម្មភាព​របស់​កុមារ​នេះ មិន​មាន​ឆន្ទៈ ដើម្បី​មាន​បាន​នោះទេ គឺ​ដោយសារតែ​ភាព​ស្រេកឃ្លាន​តែប៉ុណ្ណោះ​។​

​លោក មុំ វ៉ារិន មានប្រសាសន៍ថា សាលា​របស់​លោក​មាន​គោលបំណង​ចង់​ឲ្យ​ក្មេង​ម្នាក់នេះ អាច​ផ្លាស់ប្តូរ​ជីវិត ពី​ស្ថានភាព​លំបាក​នៅពេល​បច្ចុប្បន្ន ឲ្យក្លាយ​ជា​អ្នក​មាន​ជំនាញ​ពិតប្រាកដ​។  លោក​ថា លោក​នឹង​រៀបចំ​ក្រុមការងារ​ចុះ​ទៅ​ជួប​ក្រុមគ្រួសារ​ក្មេង​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ ដើម្បី​សិក្សា​ពី​ស្ថានភាព​មួយចំនួន​របស់​កុមារ​នេះ​ដូចជា ប្រមូល​ជំនួយ​បន្ទាប់បន្សំ​សម្រាប់​ផ្គត់ផ្គង់​ក្នុង​រយៈពេល​៦​ខែ និង​ឲ្យ​គាត់​រៀន​ជំនាញ​ផ្នែក​អេឡិចត្រូនិច​។​

​បើ​តាម​មន្ត្រី​អធិការនគរបាល​ស្រុក​ពារាំង​បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ជនល្មើស​ពីររូប ដែល​បាន​ធ្វើ​ទារុណកម្ម​លើ​ក្មេងប្រុស​អាយុ​១៤​ឆ្នាំនេះ ហើយ​ថតរូប​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ដោយ​ចោទ​ថា​បាន​លួច​ផ្លែ​ដូង​របស់ខ្លួន​នោះ ត្រូវ​អាជ្ញាធរ​បញ្ជូនទៅ​តុលាការ​ខេត្ត​ព្រៃវែង​នៅ​ម៉ោង​៧​ព្រឹក​មិញ​។

​ជនសង្ស័យ​ទាំង​ពីរ​រូប ទី​មួយ​មានឈ្មោះ ហេង ដា​ណេ ជា​ជនដៃដល់ និង​ម្នាក់​ទៀត​ឈ្មោះ ហេង វណ្ណី ជា​អ្នក​ថតរូប ដែល​ជន​ទាំងពីរ​នេះ គឺជា​បងប្អូន​បង្កើត​នឹង​គ្នា​។ ហេតុការណ៍ ហិង្សា​បាន​កើតឡើង​កាលពី​ល្ងាច ថ្ងៃទី​២៨ ខែ​សីហា កន្លងទៅ នៅ​ភូមិសាស្ត្រ ភូមិ​កំពង់​ព​ពិល ឃុំ​កំពង់​ព​ពិល ស្រុក​ពារាំង ខេត្ត​ព្រៃវែង​៕

សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles