Sat, 13 September 2014
ស៊ីវ ម៉េង
ភ្នំពេញប៉ុស្តិ៍
តម្រូវការដី និងកម្រិតជីវភាពរបស់ប្រជាជនកើនឡើងបានធ្វើឲ្យតម្លៃដីនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី មានកំណើនក្នុងរង្វង់ពី ១០ ទៅ ២០ ភាគរយ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០១៤ នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈសាលាក្រុងនឹងដាក់ឲ្យមានរថយន្តក្រុងធ្វើដំណើរនៅតាមមហាវិថីនេះផងដែរ។
លោក គីម ហ៊ាង នាយកក្រុមហ៊ុន ខ្មែរ រៀលអេស្ទេត បានប្រាប់ថា តម្លៃដីបានឡើងថ្លៃស្ទើរនៅគ្រប់កន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា ពិសេសក្នុងរាជធានីភ្នំពេញ។ ជាក់ស្តែងដីនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ដែលជាមហាវិថីមួយមានចរាចរណ៍មមាញឹក ដោយតំបន់ខ្លះកាលពីឆ្នាំមុនមានតម្លៃចន្លោះពី ១០០០ ទៅ ១២០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ប៉ុន្តែនៅពេលនេះតម្លៃបានកើនឡើងដល់ជាងពី ២០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកបានអះអាងថា៖ «ការដាក់ឲ្យដំណើរការរថយន្តក្រុងធ្វើដំណើរនៅផ្លូវនេះនៅ ខែកញ្ញា នេះ ហាក់មិនមានឥទ្ធិពលចំពោះការកើនឡើងតម្លៃដីធ្លីនៅតាមបណ្តោយមហាវិថីនេះទេ ព្រោះដីនៅតាមបណ្តោយមហាវិថីនេះបានកើនឡើងខ្ពស់រួចទៅហើយ»។
លោក ប៉ូ អ៊ាវគង់ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អេស៊ា រៀលអេស្ទេត បាននិយាយថា ជាទូទៅតម្លៃដីនៅមហាវិថីសហព័ន្ធរុស្ស៊ី មានកំណើនក្នុងរង្វង់ពី ១០ ទៅ ១៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនៗ។ តម្លៃដីតាមផ្លូវនេះមានភាពខុសគ្នាច្រើនដូចជា ដីចាប់ពីភ្លើងស្តុបវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដល់ចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស ដីមានតម្លៃចន្លោះពី ១៥០០ ដល់ ២៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ចំណែកចាប់ពីភ្លើងស្តុបសាលាតិចណូ ទៅដល់ភ្លើងស្តុបផ្សារដីហុយ ដីមានតម្លៃពី ១០០០ ទៅ ១៥០០ ដុល្លារ។ ចាប់ពីភ្លើងស្តុបផ្សារដីហុយ ដល់ ផ្សារសេនជូរី ផ្លាហ្សា ដីមានតម្លៃចន្លោះពី ៧០០ ដល់ ១០០០ ដុល្លារនិងចាប់ពីផ្សារ សេនជូរី ដល់រង្វង់មូលចោមចៅដីមានតម្លៃចន្លោះពី ៣០០ ទៅ ៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
អគ្គនាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប លោក ស៊ឹង ប៊ុណ្ណា បានប្រាប់ថា តម្លៃដីធ្លីនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី បានកើនឡើងដោយសារមានគម្រោងមួយចំនួនស្ថិតនៅតាមបណ្តោយផ្លូវនេះដូចជា គម្រោងអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្ម Booyoung គម្រោង Bangkok Hospital និងកន្លែងតាំងលក់រថយន្តទំនើបៗជាច្រើន។ ការដាក់ឲ្យដំណើរការនូវសេវារថយន្តក្រុងនាពេលខាងមុខ គឺហាក់មិនពាក់ព័ន្ធគ្នានឹងវិស័យអចលនទ្រព្យនោះទេ បើទោះបីជាសេវាកម្មរថយន្តក្រុងជួយសម្រួលការកកស្ទះចរាចរណ៍បានមួយចំនួនក្តី។
លោកមានប្រសាសន៍ថា៖ «មហាវិថីនេះជាតំបន់ពាណិជ្ជកម្មដែលធ្វើឲ្យតម្លៃដីកើនឡើងប្រមាណ ២០-៣០ ភាគរយក្នុងឆ្នាំនេះ ប៉ុន្តែបើសួរថា វានឹងឡើងថ្លៃទៀត ឬអត់ ខ្ញុំគិតថា អ្វីៗវាអាស្រ័យលើការអភិវឌ្ឍ បើទុកដីចោលគ្មានគម្រោងអភិវឌ្ឍន៍តម្លៃដីនឹងមិនឡើងថ្លៃទេ»។
លោក ចេង ខេង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បាននិយាយថា ការដាក់ឲ្យចរាចរណ៍រថយន្តក្រុងនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីមិនជួយធ្វើឲ្យតម្លៃអចលនទ្រព្យកើនឡើងទេ ព្រោះតាមពិតតម្លៃដីបានឡើងថ្លៃប្រមាណ ១៥ ភាគរយរួចហើយនៅឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកបន្តថា កំណើនសេដ្ឋកិច្ច និងស្ថិរភាពនយោបាយគឺ មានឥទ្ធិពលខ្លាំងចំពោះការកើនឡើងនៃតម្លៃអចលនទ្រព្យ»។
លោកថ្លែងថា៖ «មហាវិថីនេះជាផ្លូវដ៏សំខាន់ព្រោះទាំងគណៈប្រតិភូបរទេស និងភ្ញៀវទេសចរចេញពីព្រលានយន្តហោះសុទ្ធតែធ្វើដំណើរតាមផ្លូវនេះ ហេតុនេះទើបមានកន្លែងលក់រថយន្តទំនើបៗជាច្រើននៅតាមផ្លូវនេះ»។
លោកបន្តថា៖ «វាជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ ប៉ុន្តែបើយកផ្លូវនេះប្រៀបធៀបជាមួយមហាវិថីព្រះមុនីវង្ស និងនរោត្តមផ្លូវនេះអាចស្ថិតក្នុងចំណាត់ថ្នាក់លេខរៀង ទី៣ នៅរាជធានីភ្នំពេញ»៕

តើការកើនឡើងតំលៃដីធ្លីនៅស្រុកខែ្មរ បង្ហាញការដឹកនាំរបស់ ហ៊ុន សែនយ៉ាងម៉េចដែរ?