ដោយ សេក បណ្ឌិត
2014-09-21
RFA

១០-វិច្ឆិកា-២០១៣៖ ស្ទឹងអារ៉ែង ស្ថិតក្នុងខេត្តកោះកុង (RFA/Ouk Savborey)
ក្រុមសង្គមស៊ីវិល និងសកម្មជនបរិស្ថាន រៀបចំផែនការជាថ្មីក្នុងការសង្គ្រោះតំបន់ស្ទឹងឆាយអារ៉ែង ក្នុងស្រុកថ្មបាំង ខេត្តកោះកុង អោយរួចផុតពីគម្រោងសាងសង់ទំនប់វារីអគ្គិសនី បន្ទាប់ពីបុណ្យភ្ជុំហើយ។
ចំណែកអាជ្ញាធរ ក៏មានគម្រោងចុះទៅតំបន់នោះជាថ្មីទៀតដែរ ដើម្បីពន្យល់ប្រជាពលរដ្ឋកុំឲ្យជំទាស់នឹងគម្រោងមួយនេះ បន្ទាប់ពីការតវ៉ាយ៉ាងតឹងតែងកាលពីដើមសប្ដាហ៍នេះ។
ក្រុមបណ្ដាញព្រះសង្ឃឯករាជ្យ ក្រុមយុវជនដែលស្រឡាញ់បរិស្ថាន ជាពិសេសនៅតំបន់ស្ទឹងអារ៉ែងខេត្តកោះកុង រួមជាមួយអង្គការដទៃទៀត នឹងធ្វើយុទ្ធនាការស្វែងរកការគាំទ្រប្រឆាំងគម្រោងសាងសង់វារីអគ្គិសនីរបស់ក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ (Sinohydro) នៅតំបន់នោះ។
ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកានៅថ្ងៃទី២០ កញ្ញា ថា ក្រោយបុណ្យភ្ជុំបិណ្ឌហើយ ក្រុមសង្គមស៊ីវិល នឹងរៀបចំឲ្យមានវេទិកាសម្ដែងមតិមួយជុំវិញបញ្ហានេះ៖ «ធ្វើវេទិកានៅស្រុកថ្មបាំង ដើម្បីឲ្យប្រជាជនញាតិញោមដែលរងគ្រោះដោយសារទំនប់វារីអគ្គិសនីហ្នឹង គាត់ចូលរួមសម្ដែងមតិ ហើយក្រោយពីយើងធ្វើវេទិកានៅស្រុកថ្មបាំង ហើយ យើងនាំជាសាររបស់ញាតិញោមដែលចូលរួមហ្នឹង យកមកដាក់ជូនក្រសួងសាមី គឺក្រសួងរ៉ែ និងថាមពល ម្តងទៀត ហើយយើងនឹងដាក់ទៅរដ្ឋសភាព្រឹទ្ធសភា»។
ព្រះតេជព្រះគុណបន្តថា សង្គមស៊ីវិលនឹងរួមគ្នាសិក្សារកព័ត៌មានជាក់លាក់មួយ ស្ដីពីផលប៉ះពាល់បរិស្ថានដ៏មានតម្លៃនៅទីនោះ ដោយសារការសាងសង់ទំនប់វារីអគ្គិសនីដើម្បីបង្ហាញជូនរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដទៃទៀត។
ចំណែកខាងអាជ្ញាធរខេត្ត និងក្រុមគណៈកម្មការជំនាញ មានគម្រោងចុះទៅតំបន់ស្ទឹងអារ៉ែងនោះដែរ ក្រោយបុណ្យភ្ជុំហើយដូចគ្នា បន្ទាប់ពីខកខានម្តងរួចមកហើយ ដោយមានការរារាំងពីក្រុមសហគមន៍កាលពីដើមសប្ដាហ៍នេះ។
ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកោះកុង លោក ប៉ិច ស៊ីយ៉ុន មានប្រសាសន៍ថា ការចុះទៅនេះ ដើម្បីពន្យល់ប្រជាពលរដ្ឋឲ្យយល់ពីផលប្រយោជន៍នៃការសាងសង់ទំនប់វារីអគ្គិសនីនៅទីនោះ និងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ៖ «ឥឡូវនេះយើងនឹងទៅពន្យល់ប្រជាពលរដ្ឋឲ្យយល់ពីអ្វីដែលយើងចង់ធ្វើ ឲ្យគាត់យល់សិន ហើយបន្ទាប់ពីហ្នឹងមក ទើបឲ្យក្រុមការងារយើងចូល»។
លោកឲ្យដឹងទៀតថា ការសិក្សាបន្ថែមស្ដីពីផលប៉ះពាល់ជុំវិញគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅស្ទឹងអារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង ដែលកំពុងដំណើរការនោះ ជិតបញ្ចប់សព្វគ្រប់ហើយ។
ពលរដ្ឋពីរឃុំ គឺឃុំប្រឡាយ និងឃុំជំនាប់ ប្រមាណ ៣០នាក់ នៅក្នុងស្រុកថ្មបាំង កាលពីថ្ងៃទី១៥ កញ្ញា បានរារាំងមិនឲ្យអភិបាលរងខេត្ត គឺលោក ផុន លីវីរៈ ដែលដឹកនាំមន្ត្រីជំនាញកសិកម្ម និងសមត្ថកិច្ចប៉េអិមមួយក្រុម ដើម្បីចុះទៅតំបន់អារ៉ែងនោះ រហូតមានជម្លោះគ្នា និងមានការឃាត់ខ្លួនតំណាងក្រុមអ្នកតវ៉ាប្រមាណជាង ១០នាក់ យកទៅសួរនាំអំពីការដឹកនាំពលរដ្ឋឲ្យមកបិទផ្លូវ បន្ទាប់មកក៏មានការសម្របសម្រួលដោះលែងមកវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលគាំទ្រចំពោះការប្រឆាំងនឹងការទទួលស្គាល់ក្រុមហ៊ុនវៀតណាមរ៉ាប់ប៊ឺគ្រូប
- ពលរដ្ឋនៅត្បូងឃ្មុំរិះគន់អាជ្ញាធរថាពុំមានសមត្ថភាពដោះស្រាយបញ្ហាដីព្រៃសហគមន៍
- ស្រូវជិត១ពាន់ហិកតារក្នុងខេត្តចំនួនពីរប្រឈមនឹងខូចដោយសារទំនប់ក្រុមហ៊ុនចិន
- តើភាពជាដៃគូរវាងកម្ពុជានិងចិនជំរុញសេដ្ឋកិច្ចឬបង្កហានិភ័យដល់កម្ពុជាពេលអនាគត?
- ផលប៉ះពាល់ពីកាកសំណល់ប្លាស្ទិក
- បទល្មើសព្រៃឈើគ្រប់ប្រភេទតាមជួរភ្នំក្រវាញខេត្តពោធិ៍សាត់នៅតែបន្តកើតមាន
- ប៉ូលិសដោះលែងពលរដ្ឋនិងសកម្មជនដែលអាជ្ញាធរឃាត់ខ្លួននៅកោះកុង
- អាជ្ញាធរស្រុកថ្មបាំងឃាត់មនុស្សជាង១០នាក់សួរនាំរឿងរារាំងអាជ្ញាធរមិនឲ្យចូលតំបន់អារ៉ែង
- កងកម្លាំងចម្រុះបណ្ដេញព្រះសង្ឃមិនឲ្យតវ៉ាអត់អាហារមុខស្ថានទូតចិន