ម្ចាស់​ជំនួយ​អភិវឌ្ឍន៍​តំបន់​បឹងប្រាំ​សោកស្ដាយ​ចំពោះ​តំបន់​នោះ​ក្លាយ​ជា​តំបន់​ជម្លោះ

ដោយ ម៉ម មុនីរតន៍
2014-09-21
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ជម្លោះ​ដី​បឹងប្រាំ ៦២០-១
លោក យិន ម៉េងលី (រូប​កណ្តាល) កំពុង​ពន្យល់​ផ្លូវ​ច្បាប់ ដល់​អ្នក​រងគ្រោះ​រឿង​ទិញ​ដី​សម្បទាន​សង្គមកិច្ច ពី​មេឃុំ​បឹងប្រាំង លោក ឈា នី តែ​ពុំ​មាន​ដី​កាន់​កាប់​ជាក់ស្ដែង រូប​ថត​ថ្ងៃ​ទី ១៣ កញ្ញា ២០១៤។ RFA/Morm Moniroth

ការ​អភិវឌ្ឍ​នៅ​តំបន់​បឹងប្រាំ ក្នុង​ស្រុក​បវេល បាន​ក្លាយ​ជា​តំបន់​ដែល​ជម្លោះ​ដ៏​ស្រួច​ស្រាវ​មួយ ក្នុង​ចំណោម​តំបន់​ដែល​មាន​ជម្លោះ​ដទៃ​ផ្សេង​ទៀត​នៅ​ខេត្ត​បាត់ដំបង។

ម្ចាស់​គម្រោង​មួយ​ចំនួន ដែល​បាន​ផ្ដល់​ជំនួយ​លើ​ទឹក​ប្រាក់​ប្រមាណ ១​លាន​ដុល្លារ​អាមេរិក អភិវឌ្ឍ​នៅ​ទីតាំង​នោះ អះអាង​ថា គេ​ពិត​ជា​មាន​ការ​សោកស្ដាយ​ណាស់ ក្រោយ​ពី​ដឹង​ថា ជម្លោះ​នេះ​បាន​ក្លាយ​ជា​ចំណុច​ដ៏​រសើប​ហើយ​នាំ​ឲ្យ​មាន​ការ​រិះគន់​ប្រឆាំង​គម្រោង​នេះ​ថែម​ទៀត ដែល​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា មិន​បាន​កាត់​បន្ថយ​ជម្លោះ​នោះ​ឡើយ តាម​រយៈ​គម្រោង​នេះ។

មន្ត្រី​គម្រោង​របស់​អង្គការ ឌីស៊ីអេ (DCA) ទម្លាក់​បញ្ហា​ទាំង​នេះ​ទៅ​លើ​កំហុស​បច្ចេកទេស​ថា គឺ​ជា​ដើម​ចម​មួយ​ផ្នែក​ទៀត​ដែល​សិក្សា​រក​ឫសគល់ និង​ការ​ចុះ​អង្កេត​របស់​ម្ចាស់​មូលនិធិ ព្រម​ទាំង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន​ទៀត​ពុំ​បាន​ដិតដល់ គឺ​ជា​ផ្នែក​មួយ​ដែល​នាំ​ឲ្យ​មាន​កំហុស ក្នុង​ការ​អភិវឌ្ឍ​នៅ​តំបន់​បឹងប្រាំ នេះ​ដែរ។

លោក ជឿង យសវុឌ្ឍន៍ មន្ត្រី​គម្រោង​នៃ​អង្គការ ឌីសេអេ ដែល​ជា​ស្ថាប័ន​ម្ចាស់​ជំនួយ​មួយ​ក្នុង​ចំណោម​អង្គការ​ជា​ដៃគូ​ផ្សេង​ទៀត ដែល​បាន​ផ្ដល់​លុយ​អភិវឌ្ឍ​នៅ​តំបន់​បឹងប្រាំ ថ្លែង​ថា វា​ពិត​ជា​មេរៀន​មួយ ដែល​ការ​សិក្សា​រក​មិន​គ្រប់​ជ្រុងជ្រោយ ហើយ​វា​ក៏​ជា​ហេតុផល​សម្រាប់​គម្រោង​នៅ​ថ្ងៃ​ខាង​មុខ​ទៀត។ លោក​ថ្លែង​បន្ត​ថា ពិត​ណាស់ ទាំង​ស្ថាប័ន​របស់​លោក និង​អង្គការ​ដៃគូ​ផ្សេង​ទៀត ប្រសិន​បើ​រក​ឃើញ​ថា ស្ថានភាព​នៅ​បឹងប្រាំ អាច​ក្លាយ​ទៅ​ជា​ជម្លោះ​ដ៏​រសើប​បែប​នេះ ទំនង​ជា​ពិចារណា​ក្នុង​ការ​បង្កក​លុយ​ជាង ១​លាន​ដុល្លារ​នេះ មិន​ផ្ដល់​ក្នុង​ការ​អភិវឌ្ឍ​នៅ​តំបន់​នោះ​ទេ។

លោក ជឿង យសវុឌ្ឍន៍៖ «ការ​សិក្សា​នេះ​ពុំ​បាន​ជា​លក្ខណៈ​ឲ្យ​បាន​ទូលំទូលាយ​ទេ។ យើង​បាន​ធ្វើ​ការ​សិក្សា ហើយ​ខ្ញុំ​បាន​មើល​របាយការណ៍​ដែល​ចុះ​ទៅ​វាយ​តម្លៃ​នោះ គឺ​គេ​ដឹង​ថា នឹង​អាច​ប្រឈម​ចំពោះ​បញ្ហា​ពាក់ព័ន្ធ​ទៅ​នឹង​ជម្លោះ​ដីធ្លី​នេះ​ដែរ។ ប៉ុន្តែ​ឥត​នឹក​ស្មាន​ថា សង្គម​ដែល​ពាក់ព័ន្ធ​ជម្លោះ​នោះ វា​ធំ​ដល់​ថ្នាក់​នេះ។ យើង​គិត​ថា​ក្រែងលោ​ដាក់​គម្រោង​ហ្នឹង​អាច​ជួយ​ដោះស្រាយ​បញ្ហា​ជួយ​ប្រជាពលរដ្ឋ​បាន។ បើ​សិន​ជា​យើង​ដឹង​ជម្លោះ​វា​ធំ​ដល់​ម្ល៉ឹង ប្រហែល​ជា​ខាង​ខ្ញុំ ហើយ​និង​អង្គការ​ដៃគូ ប្រហែល​ជា​មិន​បាន​ពិចារណា​នៅ​ក្នុង​ការ​អនុវត្ត​គម្រោង​ហ្នឹង​មើល​ទៅ​បាទ»

ការ​ឆ្លើយ​បំភ្លឺ​របស់​ម្ចាស់​គម្រោង​នៃ​អង្គការ ឌីស៊ីអេ នៅ​ពេល​នេះ ធ្វើ​ឡើង ៤​ថ្ងៃ​បន្ទាប់​ពី​មន្ត្រី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) រិះគន់​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ថា គម្រោង​ដែល​ម្ចាស់​ជំនួញ និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍ ផ្ដល់​លុយ​ដើម្បី​អភិវឌ្ឍ​នៅ​តំបន់​បឹងប្រាំ នោះ គឺ​មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​សហគមន៍​ទេ ហើយ​ថែម​ទាំង​ជា​គម្រោង​ដែល​បរាជ័យ​ទៀត​ផង។

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ ក៏ លោក ជឿង យសវុឌ្ឍន៍ យល់​ឃើញ​ថា គម្រោង​នេះ​មិន​បាន​បរាជ័យ​ទាំង​ស្រុង​នោះ​ឡើយ ដោយ​ហេតុ​ថា ស្ថាប័ន​អង្គការ​ដៃគូ​បាន​ផ្ដល់​បំណិន​ជីវិត​មួយ​ចំនួន​រួច​ទៅ​ហើយ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍ ក្រៅ​ពី​ប្រព័ន្ធ​ធារាសាស្ត្រ និង​គមនាគមន៍​នោះ។ ក៏ប៉ុន្តែ លោក​ចាត់​ទុក​ថា អ្វី​ដែល​នាំ​ឲ្យ​មាន​ការ​សោកសៅ​នោះ គឺ​នៅ​ក្រោយ​រឿង​ទាំង​នេះ​បរាជ័យ​ដ៏​ធំ សម្រាប់​បេសកកម្ម​របស់​អង្គការ​លោក និង​ស្ថាប័ន​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត គឺ​ជម្លោះ​ដីធ្លី​បន្ត​ជាប់​គាំង​ដោះ​មិន​ចេញ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។

ជឿង យសវុឌ្ឍន៍៖ «ខ្ញុំ​គិត​ថា វា​មិន​បាន​ជោគជ័យ​ល្អ​ប្រសើរ​ទេ ក៏ប៉ុន្តែ​វា​ក៏​មិន​បរាជ័យ​មួយ​រយ​ភាគរយ​ដែរ អ៊ីចឹង​ណា​លោក ដោយសារ​តែ​គម្រោង​នេះ យើង​មិន​មែន​មាន​សកម្មភាព​រឿង​ដីធ្លី​តែ​មួយ​ទេ។ យើង​មាន​សកម្មភាព​ទាំង​ដីធ្លី មាន​សកម្មភាព​ខាង​ផ្លូវ​ហេដ្ឋារចនាសម្ព័ន្ធ មាន​ខាង​ក្រុម​សន្សំ មាន​ខាង​ស្រះ​ទឹក ហើយ​និង​ក៏ដូចជា​បង្កើត​ជំនាញ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ហ្នឹង»

កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ មាន​អង្គការ​ដៃគូ​មួយ​ចំនួន ក្នុង​នោះ​មាន​អង្គការ ឌីស៊ីអេ អង្គការ អ៊ិល.ដាប់ប៊លយូ.ឌី (LWD) និង​អង្គការ​សេដាក (CEDAC) ផង បាន​ចុះ​សិក្សា​នៅ​តំបន់​បឹងប្រាំ ហើយ​សម្រេច​ចិត្ត​ផ្ដល់​ជំនួញ​ភ្លាមៗ​ក្នុង​ការ​អភិវឌ្ឍ​តំបន់​នោះ នូវ​ទឹក​ប្រាក់​ប្រមាណ​ជាង ១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ទន្ទឹម​នឹង​នេះ របាយការណ៍​របស់​អង្គការ ឌីស៊ីអេ ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឲ្យ​ដឹង​ថា គម្រោង​អភិវឌ្ឍន៍​កាល​ណោះ​មិន​ត្រឹម​តែ​ពង្រឹង​សមត្ថភាព​ដល់​សហគមន៍​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​បណ្ដុះបណ្ដាល​ដល់​អាជ្ញាធរ​មូលដ្ឋាន​របស់​រដ្ឋាភិបាល​ទៀត​ផង។ របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​បំប៉ន​ផ្នែក​ចំណេះ​ដឹង​ហើយ លើស​ពី​នេះ​ទៀត គម្រោង​អភិវឌ្ឍន៍​ទាំង​នោះ បាន​ជួយ​គាំពារ​ដល់​ក្រុម​គ្រួសារ​ដែល​ងាយ​រងគ្រោះ​ជាង ១០០​គ្រួសារ​ថែម​ទៀត​នៅ​តំបន់​បឹងប្រាំ ទៅ​លើ​សន្តិសុខ​ស្បៀង។ បន្ថែម​ពី​លើ​នេះ កសាង​ផ្លូវ​លំ​នៅ​ក្នុង​សហគមន៍​បាន ៧​ខ្សែ និង​ស្រះ​ទឹក​សម្រាប់​ផ្គត់ផ្គង់​នៅ​ក្នុង​សហគមន៍​បាន​ជាង ១៤​ស្រះ​ទៀត​ផង។

ពាក់ព័ន្ធ​រឿងរ៉ាវ​នេះ មេ​ឃុំ​បឹងប្រាំ លោក ឈា នី ទទួល​ស្គាល់​ថា អ្វី​ដែល​មន្ត្រី​គម្រោង​របស់​អង្គការ ឌីស៊ីអេ លើក​ឡើង វា​គឺ​ជា​រឿង​ត្រឹមត្រូវ។ លោក​បន្ថែម​ថា លុយ​ប្រមាណ ១​លាន​ដុល្លារ កាល​ណោះ គឺ​មិន​បាន​យក​ទៅ​ប្រើប្រាស់​ដូច​អ្វី​ដែល​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​រក​ឃើញ​ថា ជា​គម្រោង​ដែល​បរាជ័យ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​អះអាង​ថា គម្រោង​ទាំង​នោះ​បាន​ជួយ​ច្រើន​សម្បើម​ណាស់​នៅ​ក្នុង​សហគមន៍​បឹងប្រាំ នៅ​មុន​ពេល​កកើត​ជា​ឃុំ​បឹងប្រាំ នេះ៖ «ការ​ចូលរួម​របស់​ពួក​គាត់​ទាំងអស់​គ្នា​ហ្នឹង មិន​មែន​ដូច​តាម​ការ​ចោទ​ប្រកាន់​របស់ លោក យិន ម៉េងលី ថា ឈា នី ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យក​ពី​ប្រជាពលរដ្ឋ​បួន​ប្រាំ​រយ​គ្រួសារ។ ឥត​មាន​ទេ រាប់​ពាន់​គ្រួសារ ដែល​ចូលរួម​អភិវឌ្ឍ​ដែល​ចូលរួម​ធ្វើ​ផ្លូវ​នេះ។ ការ​ដែល​យើង​បង្កើត​ហៅ​ថា​សហគមន៍ ទាមទារ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ទទួល​ស្គាល់​ដី​នេះ។ ទទួល​ស្គាល់​បឹងប្រាំ​នេះ។ ឥឡូវ​នេះ មាន​ការ​អភិវឌ្ឍ​អស់​ហើយ ហើយ​ទៅ​ជា​ផ្ទុយ​ស្រឡះ​មក​វិញ​ថា តំបន់​បឹងប្រាំ មក​ពី​ជាប់​គាំង​រឿង​ដីធ្លី។ វា​ជា​រឿង​អំពើ​ពុក​រលួយ​ណា​មួយ ដែល​ធ្វើ​ឲ្យ​បឹងប្រាំ នេះ​ជាប់​គាំង។ ខាង​ខ្ញុំ​ឥត​ទទួល​ទេ ខាង​រដ្ឋ​អំណាច​យើង​ទាំង​មូល ទាំង​ក្រុម​ការងារ​ចម្រុះ​ទាំងអស់ ក៏​គេ​មិន​ទទួល​ដែរ»

ជុំវិញ​វិវាទ​នេះ កាល​ពី​ដើម​ឆ្នាំ​២០១៤ កន្លង​ទៅ គណៈកម្មការ​មួយ​ត្រូវ​បាន​បង្កើត​ភ្លាម​ដែរ ដើម្បី​រក​ឲ្យ​ឃើញ​ពី​បញ្ហា​ដែល​កំពុង​ប្រឈម និង​ចាក់ស្រេះ ដែល​បាន​បន្ត​អូស​បន្លាយ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦ កន្លង​ទៅ។ គណៈកម្មការ​ដែល​មាន​សមាសភាព​មក​ពី​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ផង ហាក់​បង្ហាញ​លទ្ធផល​បញ្ច្រាស​គ្នា។ របាយការណ៍​របស់​សង្គម​ស៊ីវិល ហាក់​មើល​ឃើញ​ការ​ផ្ដល់​ដី​តាម​កម្មវិធី​នយោបាយ​សមាហរណកម្ម គឺ​ទំនង​មាន​ទម្ងន់​ផ្នែក​ផ្លូវ​ច្បាប់​ជាង ព្រោះ​គោល​នយោបាយ​ផ្ដល់​សម្បទាន​ដី​សង្គមកិច្ច ហាក់​ពុំ​បាន​សិក្សា​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​ល្អិតល្អន់​នោះ​ទេ។ ស្ថិត​ក្រោម​ហេតុផល​នេះ​ហើយ ទើប​បន្ត​បញ្ហា​រហូត​ដល់​បច្ចុប្បន្ន។

ឆ្លើយ​តប​បញ្ហា​នេះ មេ​ឃុំ​បឹងប្រាំ លោក ឈា នី បំភ្លឺ​ថា បន្ទាប់​ពី​លោក​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​បង្កើត​ឃុំ​បឹងប្រាំ ក្រោម​គោល​នយោបាយ​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ជិត ៤​ពាន់​ហិកតារ គឺ​ជម្លោះ​ដណ្ដើម​ដី​ចាប់​មាន​ភ្លាម​ដែរ។ លោក​បន្ត​ថា ដីធ្លី​ក៏​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​ក្នុង​ដំណាក់​នោះ ខណៈ​ដែល​ក្រុម​ការងារ​ឃុំ ចុះ​វាស់វែង​កំណត់​ព្រំ​ដី​ដើម្បី​បែង​ចែក​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍៖ «ចាប់​ផ្ដើម​បោះ​ព្រំ​បោះ​អី មាន​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ពេល​នោះ​ឯង។ អ៊ីចឹង​ណា! ចាប់​ផ្ដើម​បោះ​ព្រំ​ទាំង ៣.៦៣៨​ហិកតារ វា​ទំនាស់​គ្នា​បែក​អូរ​ហូរ​ស្ទឹង រហូត​ដល់​វ៉ស​សមត្ថកិច្ច រហូត​ដល់​ស្អីៗ​ហូរហែ​អ៊ីចឹង​ទៅ។ រហូត​ដល់​វ៉ៃ​កម្ទេច​បង្គោល​ព្រំ​បង្គោល​អី​ហ្នឹង បាន​រដ្ឋាភិបាល​យើង​ហ្នឹង តាម​រយៈ​របាយការណ៍​របស់​ខេត្ត​ហ្នឹង ដែល​មាន​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត តាម​បទបញ្ជា​លេខ​០១​មក។ យើង​ក៏​អនុវត្ត​បន្ត​ទៀត​មក»

ក៏ប៉ុន្តែ ប្រជាពលរដ្ឋ ១២៣​គ្រួសារ តំណាង​ឲ្យ ៣០៣​គ្រួសារ ដែល​បន្ត​សកម្មភាព​ត​វ៉ា​ប្រឆាំង លោក ឈា នី វិញ អះអាង​ថា មេ​ឃុំ​បឹងប្រាំ នេះ បាន​បង្កើត​ឃុំ​ដោយ​ជាន់​លើ​ដី​សមាហរណកម្ម​របស់​យោធិន​រំសាយ​នៃ​ទាហាន​ខ្មែរ​ក្រហម ដែល​រដ្ឋាភិបាល​បាន​ប្រគល់​រួច​ហើយ​ចាប់​តាំង​ពី​ក្រោយ​ឆ្នាំ​១៩៩៨ កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles