ដោយ រដ្ឋា វិសាល
2014-09-23
RFA
ក្នុងឱកាលបុណ្យភ្ជុំបិណ្ឌឆ្នាំនេះរាជរដ្ឋាភិបាលយកចិត្តទុកដាក់បើកប្រាក់ខែជូនមន្ត្រីរាជការមុនពេលកំណត់សូម្បីតាមស្ថាប័នឯកជននានា ក៏ក្រសួងពាក់ព័ន្ធស្នើសុំឲ្យនិយោជកបើកប្រាក់ ៥០ភាគរយនៃប្រាក់ខែឲ្យកម្មករនិយោជិតខ្ចីដើម្បីធ្វើបុណ្យទានតាមប្រពៃណីដូចគ្នាដែរ។ ក៏ប៉ុន្តែនៅឯខេត្តរតនគិរី មន្ត្រីរាជការមួយរូបអះអាងថា ប្រាក់ខែគាត់ត្រូវគេកាត់រៀងរាល់ខែ ហើយរយៈពេលពីរខែមុនរដូវភ្ជុំ
នេះ មន្ត្រីហិរញ្ញវត្ថុស្រុកក៏មិនបានបើកប្រាក់ខែនោះទៀត។
អតីតអនុប្រធានការិយាល័យសេដ្ឋកិច្ចនិងជានាយលេខាធិការដ្ឋានរដ្ឋបាលសាលាស្រុកអូរជុំ បច្ចុប្បន្នជាមន្ត្រីធម្មតាសាលាស្រុកអូរជុំ លោក ចំភ្លុក ហួន អំពាវនាវសុំឲ្យអាជ្ញាធរខេត្តរតនគិរី ស៊ើបអង្កេតនិងស្វែងរកយុត្តិធម៌ចំពោះការកិបកេងប្រាប់បៀវត្សរបស់លោក។
លោក ចំភ្លុក ហូន អាយុ ៥១ឆ្នាំ រស់នៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ នៅថ្ងៃទី២៣ ខែកញ្ញា ជាថ្ងៃភ្ជុំបិណ្ឌ លោកសំដែងទុទិដ្ឋិនិយម ដោយសារតែគ្មានប្រាក់ចូលរួមធ្វើបុណ្យបានគ្រប់គ្រាន់។
លោករៀបរាប់ថា បានបម្រើការជាមន្ត្រីសាលាស្រុកតាំងពីឆ្នាំ១៩៩៦ រហូតបច្ចុប្បន្ន បានទទួលប្រាក់បៀវត្សជិត ៥០ម៉ឺនរៀល ក៏ប៉ុន្តែប្រមាណ ១៦ខែកន្លងទៅនេះ មន្ត្រីហិរញ្ញវត្ថុស្រុកបានកាត់ប្រាក់ ១០ម៉ឺនរៀលក្នុងមួយខែ ជាពិសេសចាប់ពីខែកក្កដា និងខែសីហា មន្ត្រីស្រុកមិនព្រមបើកប្រាក់ខែជូនលោកនៅឡើយ៖ «មិនបើកលុយឲ្យសោះពីខែ៧ ទល់ខែ ៨ ហើយគេកាត់ ១០ម៉ឺនៗតាំងពី២០១៣ ដល់ ២០១៤ហ្នឹង។ ប្រាក់ខែហ្នឹងខែរដូវប្រពៃណីហើយអត់ដឹងយើងអត់អង្ករខ្វះខាត អានេះវាបៀតបៀន ជាន់ឈ្លីសិទ្ធិសេរីភាពរបស់យើងស្រេចតែចិត្ត មិនដឹងមានផែនការពីលើ ឬមួយធ្វើដើម្បីខ្លួនវា»។
កាលពីថ្ងៃទី១០ ខែកញ្ញា លោក ចំភ្លុក ហួន បានស្វែងរកកិច្ចអន្តរាគមន៍ពីការិយាល័យការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្ត ដើម្បីអន្តរាគមន៍ពាក្យប្ដឹងចោទប្រកាន់ប្រធានការិយាល័យហិរញ្ញវត្ថុស្រុកអូរជុំ លោក ព្រាប ប៊ុនធៀន ពីបទលួចកិបកេងប្រាក់ខែមន្ត្រីរាជការ។
វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ ខែកញ្ញា មិនអាចទាក់ទងសុំការបំភ្លឺពីលោក ព្រាប ប៊ុនធឿន និងអភិបាលស្រុកអូរជុំ ស្តីទីលោក យ៉ាត គី ទាក់ទិនការចោទប្រកាន់បាននៅឡើយ។ ចំណែកអតីតអភិបាលស្រុកអូរជុំ លោក សាក់ សុន បដិសេធថា មិនបានដឹងពីរឿងនេះទេ ក៏ប៉ុន្តែលោកបញ្ជាក់ថា លោក ចំភ្លុក ហួន អវត្តមានមិនមកធ្វើការច្រើនខែមកហើយ បើទោះបីសាលាស្រុកបានធ្វើលិខិតកោះហៅលោកឲ្យមកធ្វើការយ៉ាងណាក្តី។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី កាលពីថ្ងៃទី១២ ខែកញ្ញា បានអន្តរាគមន៍ពាក្យប្តឹងរបស់លោក ចំភ្លុក ហួន ជូនអាជ្ញាធរខេត្តជួយដោះស្រាយរួចហើយ ក៏ប៉ុន្តែមិនទាន់ដឹងថា តើអាជ្ញាធរខេត្តមានចំណាត់ការបែបណានៅឡើយ។
មន្ត្រីផ្នែកអង្កេតសមាគមអាដហុកខេត្ត លោក មាន ព្រហ្មមុនី ចាត់ទុកការកាត់ប្រាក់ខែមន្ត្រីរាជការថា ជាអំពើពុករលួយក្នុងស្ថាប័នមន្ត្រីរាជការសាធារណៈ។ លោកថា បើមន្ត្រីរាជការអវត្តមានមិនមកធ្វើការមន្ត្រីស្ថាប័ននោះត្រូវស្នើសុំលុបឈ្មោះមន្ត្រីនោះចេញពីបញ្ជីក្របខ័ណ្ឌមន្ត្រីរាជការ។ ប្រសិនខកខានមិនធ្វើដូច្នេះនោះគឺជាចេតនាប្រព្រឹត្តអំពើពុករលួយលាក់ទុកក្របខ័ណ្ឌឈ្មោះមន្ត្រីខ្មោច៖ «ខេត្តហ្នឹងជួយធ្វើម៉េចឲ្យគាត់បានបើកប្រាក់ខែវិញ។ បើសិនអត់ធ្វើការយើងសុំឲ្យលុបឈ្មោះខ្មោច អ្នកណាអត់ឆន្ទៈធ្វើការលុបឈ្មោះខ្មោចចេញឈប់កេងពុករលួយយកឈ្មោះខ្មោចតទៅទៀត។ យើងសុំឲ្យចាត់ការបោសសំអាតអំពើពុករលួយ អ្នករាជការសាធារណៈ កេងយកផលប្រយោជន៍ពីអ្នកដទៃ»។
ទោះជាយ៉ាងនេះក្តី លោក ចំភ្លុក ហួន អះអាងថា លោកនឹងដាក់ពាក្យប្ដឹងបន្តទៅអង្គភាពប្រឆាំងអំពើពុករលួយ ប្រសិនមន្ត្រីអាជ្ញាធរខេត្តមិនដោះស្រាយផ្ដល់យុត្តិធម៌ក្នុងរឿងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ្រូនិងសិស្សនៅវិទ្យាល័យសិរីសោភ័ណប្រតិកម្មការតម្រូវឲ្យសិស្សកាត់ឯកសារបែបថ្មី
- ពលរដ្ឋរិះគន់មន្ត្រីសាឡាងអ្នកលឿងថាយកលុយពីអ្នកដំណើរថ្ងៃបុណ្យខ្ពស់
- ពលរដ្ឋខេត្តកំពង់ធំរិះគន់អំពីការប្រព្រឹត្តអំពើពុករលួយដើម្បីការពារក្រុមឈ្មួញរំលោភដីធ្លី
- លោក ហូរ វ៉ាន់៖ ប្រសិទ្ធភាពប្រឆាំងអំពើពុករលួយនៅមានកម្រិតនៅឡើយ
- ក្រុមគ្រួសារសពនៅកំពង់ចាមគ្រោងប្ដឹងមន្ទីរពេទ្យកាល់ម៉ែតថាទុកឲ្យអ្នកជំងឺស្លាប់
- លោក ឱម យ៉ិនទៀង មិនទាន់កំណត់ថ្ងៃចូលបំភ្លឺនៅរដ្ឋសភាពីការប្រឆាំងអំពើពុករលួយ
- អង្គការតម្លាភាពកម្ពុជារៀបចំវេទិកាប្រឆាំងអំពើពុករលួយនិងវប្បធម៌និទណ្ឌភាព
- អង្គការតម្លាភាពកម្ពុជាត្រៀមផ្ដល់បច្ចេកទេសនិងឯកសារពុករលួយជូនរដ្ឋសភា
- ប្រធានការិយាល័យអប់រំស្រុកពួករងការរិះគន់ថាប្រព្រឹត្តអំពើពុករលួយ