សមាគម​គ្រូបង្រៀន​ស្នើ​ក្រសួង​អប់រំ​រឹត​បន្តឹង​ការ​ប្រឡង​លើក​ទី២​ឲ្យ​ដូច​ការ​ប្រឡង​លើក​ទី១

ដោយ ដែន អយុធ្យា
2014-09-24
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ប្រឡង​បាក់ឌុប ភ្នំពេញ ៦១០
សិស្ស​ចេញ​ពី​មណ្ឌល​ប្រឡង​បាក់ឌុប វិទ្យាល័យ ទួល ទំពូង នា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០១៤។ RFA/Uon Chhin

មេដឹកនាំ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ស្នើ​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​បន្ត​អនុវត្តន៍​ការ​ប្រឡង សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ឲ្យ​ដូចគ្នា​នឹង​សកម្មភាព​ប្រឡង​លើក​ទី​១ ដើម្បី​ធានា​គុណភាព​នៃ​ការ​ប្រឡង អោយ​ស្រប​នឹង​ការកែទម្រង់ គុណភាព​អប់រំ ដែល​ក្រសួង​តែង​អះអាង។

បញ្ហា​នេះ​សម្រាប់​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​ធ្វើការ​ពាក់ព័ន្ធ​យុវជន​ក្នុង​វិស័យ​អប់រំ ក៏បាន​ត្រៀម​ដាក់​ភ្នាក់ងារ​អង្កេត​ការ​រាប់​រយ​នាក់ ដើម្បី​ឃ្លាំមើល​ដំណើរ​ការ​ប្រឡង​សញ្ញាប័ត្រ​បាក់​ឌុប ជា​លើក​ទី​២​នេះ​ដែរ។

កាល​នៅ​លើក​ទី​១ មាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចូលរួម​ដែរ ហើយ​នៅ​លើក​ទី​២ ក៏​ស្ថាប័ន​នេះ​នៅ​បន្ត​សកម្មភាព​ដដែល។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ មានប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​២៤ ខែ​កញ្ញា​ថា សកម្មជន​របស់​សមាគម​គ្រូបង្រៀន នឹង​បន្ត​ឃ្លាំមើល​សកម្មភាព​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​លើក​ទី​២ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ដោយ​យកចិត្តទុកដាក់។

ដើម្បី​ជៀសវាង នូវ​រាល់​ការរិះគន់ លោក រ៉ុង ឈុន បាន​ស្នើ​ដល់ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ត្រូវ​ធ្វើ​យ៉ាងណា ឲ្យ​ការ​ប្រឡង​សញ្ញាប័ត្រ​បាក់​ឌុប ជា​លើក​ទី​២ ត្រូវ​អនុវត្តន៍​ឲ្យ​ដូចគ្នា​លើក​ទី​១​ដែរ។ មាន​ដូចជា​៖ មិន​ត្រូវ​ធ្វើ​ឲ្យ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង អំពើពុករលួយ​ឬ​សំណូក​លុយកាក់ និង​ការ​បើក​ចំលង​ចម្លើយ​វិញ្ញាសា​ជាដើម គឺ​មិន​ត្រូវ​ឲ្យ​កើតមាន​នៅ​តាម​មណ្ឌល ឬ​បន្ទប់​ប្រឡង​នីមួយៗ​នោះ​ទេ ៖«យើង​ចង់​ឲ្យ​ការ​ប្រឡង​ហ្នឹង​វា​ត្រូវតែ​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ប្រសើរ កុំ​ឲ្យ​មាន​ការ​បើក​ចំលង​ចម្លើយ​វិញ្ញាសា។ អំពើ​ពុករលួយ ឬ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង​ជាដើម។ ហើយ​ការ​ប្រឡង​លើក​ទី​២​នេះ ក៏​ត្រូវ​តែ​ធ្វើ​ឲ្យ​ដូច​ការ​ប្រឡង​លើក​ទី​១​ដែរ ជៀសវាង​កុំ​ឲ្យ​មានការ​ដឺ​ដង​ដាក់គ្នា រវាង​សិស្ស​ប្រឡង​លើក​ទី​១ និង​សិស្ស​ប្រឡង​លើក​ទី​២»

ទាក់ទិន​បញ្ហា​នេះ​ដែរ សម្រាប់​មន្ត្រី​សង្គម​ស៊ីវិល មិនមែន​រដ្ឋាភិបាល​ចំនួន ២​ស្ថាប័ន ក៏បាន​សហការ ដាក់​ភ្នាក់ងារ​អង្កេត​ការ របស់​ខ្លួន ជាមួយ​ក្រសួង​អប់រំ និង​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃ​ប្រឡង​បាក់​ឌុប​លើក​ទី​២ នា​ខែ​តុលា​ខាងមុខ​ដែរ។

លោក សន ជ័យ មន្ត្រី​សម្របសម្រួល​បណ្ដាញ​រួបរួម ដើម្បី​គណនេយ្យ​ភាព​សង្គម ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក។ លោក​មានប្រសាសន៍ថា ការ​ប្រឡង​សញ្ញាប័ត្រ​បាក់​ឌុប​លើក​ទី​២​នេះ អង្គការ​លោក បាន​សហការ​ជាមួយ វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ ត្រៀម​ដាក់​ភ្នាក់ងារ​អង្កេត ដើម្បី​ឃ្លាំមើល​ដំណើរការ​ប្រឡង​នេះ ចន្លោះ​ពី ១​រយ ទៅ​១​រយ ៥០​នាក់ នៅ​តាម​មណ្ឌល​នានា​ទូទាំង​រាជធានី​ភ្នំពេញ​៖ «ប្រឡង​លើក​ទី​២​យើង​នឹង​បន្ថែមចំនួន​អ្នក​អង្កេត​ការណ៍​ទៀត ហើយ​រហូត​មក​ដល់​ពេល​នេះ​ការ​ចុះ​ឈ្មោះ​អ្នក​អង្កេត​ការណ៍​ហ្នឹង​គឺ​មិន​ទាន់​បាន​បញ្ចប់​នៅឡើយ​ទេ។ ហើយ​យើង​រំពឹង​ថា នឹង​មាន​អ្នកចូលរួម​ច្រើន ធ្វើ​ម៉េច​ឲ្យ​ការ​ប្រឡង​ទាំង​លើក​ទី​១ និង​លើក​ទី​២​ហ្នឹង​ធ្វើជា​គំរូ និង​ជា​បទពិសោធន៍​ល្អ​សម្រាប់​ឆ្នាំក្រោយៗ​ទៀត»

នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ ហៅ​កាត់​ថា​ខាញដ៍ (KIND) លោក សេង រិទ្ធី មាន​ប្រសាសន៍​ថា ទិដ្ឋភាព​ទូទៅ នៃ​ការ​ប្រលង​សញ្ញាប័ត្រ​បាក់​ឌុប លើក​ទី​១ កាលពី​ថ្ងៃ​ទី​៤ ខែ​សីហា ពិសេស​នៅ​តាម​មណ្ឌល​ក្នុង​រាជធានី​ភ្នំពេញ មាន​លក្ខណៈ​ល្អ​ប្រសើរ​ច្រើនជាង​ឆ្នាំ​មុន​ៗ។ លោក​បន្ត​ថា ការ​ប្រឡង​នេះ មិន​មាន​ភាព​រញ៉េរញ៉ៃ ឬ​មិន​មាន​សកម្មភាព​ប្រមូល​លុយ របស់​សិស្ស នៅ​ក្នុង​បន្ទប់​ប្រឡង ដើម្បី​សូក​គ្រូ​អនុរក្ស និង​មិន​មាន​បែក​ធ្លាយ​វិញ្ញាសា​នោះ​ទេ។

ផ្ដើម​ពី​បញ្ហា​នេះ លោក សេង រិទ្ធី ក៏​ចង់​ឃើញ​ក្រសួង​អប់រំ និង​ផ្នែក​ពាក់ព័ន្ធ​ជួយ​សហការ​គ្នា ដើម្បី​ឲ្យ ការ​ប្រឡង​សញ្ញាប័ត្រ​បាក់​ឌុប​លើក​ទី​២ មាន​សកម្មភាព​រលូន​ដូច​លើក​ទី​១​ដែរ​៖ «យើង​សង្ឃឹម​ថា​មាន​ការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្វើ​ឲ្យ​ដំណើរការ​ប្រឡង​ហ្នឹង​ប្រព្រឹត្ត​ទៅ​បាន​រលូន។ គ្មាន​អំពើពុករលួយ គ្មាន​ការ​បែក​ធ្លាយ​វិញ្ញាសា ហើយ​យុត្តិធម៌ ត្រូវ​បាន​កើតមាន​សម្រាប់​សិស្ស​មាន​ចំណេះ​វិជ្ជា គឺ​ជាប់។ រីឯ​អ្នក​រៀន​ខ្សោយ គឺ​គាត់​មិន​មាន​ឱកាស​ប្រឡង​ជាប់​ទេ»

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ថា ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប លើក​ទី​២ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៤។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​ប្រកាស​ថា ការ​ប្រឡង​នេះ នឹង​មិន​ឲ្យ​មាន​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង​ជាដាច់ខាត​។ លោក​សង្កត់​ធ្ងន់​ថា ការ​ប្រឡង​សញ្ញាប័ត្រ​បាក់​ឌុប ជា​លើក​ទី​២​នេះ ក៏​ត្រូវ​អនុវត្តន៍​ឲ្យ​ដូចគ្នា លើក​ទី​១​ដែរ ព្រោះ​ក្រសួង បាន​ត្រៀម​ធ្វើ​យ៉ាង​ណា ឲ្យ​ដំណើរ​ការ​ប្រឡង​នេះ ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ត្រឹមត្រូវ។

ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះដឹង​ទូទៅ និង​បំពេញវិជ្ជា ចែក​ជា​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម។ ការ​ប្រឡង​សញ្ញាប័ត្រ​បាក់​ឌុប​ឆ្នាំនេះ មាន​បេក្ខជន​សរុប​ជាង ៩​ម៉ឺន ៣​ពាន់ ៤​រយ​នាក់ (៩៣៤៥៦) និង​មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​ជាង ២​ម៉ឺន​នាក់ ឬ​ស្មើ ២៥,៧២​ភាគរយ។

ចំនួន​អ្នកសង្កេតការណ៍​ប្រឡង​សញ្ញាប័ត្រ​បាក់​ឌុប លើក​ទី​១ របស់ អង្គការ​សង្គម​ស៊ីវិល​ទាំងពីរ​ស្ថាប័ន​ខាងលើ មាន​ចំនួន​ជិត ១​រយ​នាក់​។

រហូតមកដល់​ពេលនេះ មិន​ទាន់​មាន​តួលេខ របស់ បេក្ខជន​ដាក់ពាក្យ​ប្រឡង​បាក់​ឌុប ជា​លើក​ទី​២ ថា​មាន​ចំនួន​ប៉ុន្មាន​នាក់ នៅឡើយ​ទេ ប៉ុន្តែ​បេក្ខជន ដែល​ប្រឡង​ធ្លាក់ លើក​ទី​១ មាន​ចំនួន​សរុប​ជាង ៧៤​ភាគរយ ឬ ស្នើ​ជាង ៦​ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles