អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នឹង​រៀបចំ​វេទិកា​ស្ដីពី​សមាជិកភាព​និង​គោលការណ៍​របស់​ខ្លួន

ដោយ យាង សុជាមេត្តា
2014-09-24
RFA

ខ្មែរ​ក្រោម តវ៉ា ៦២០
ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ឈរ​កាន់​ញត្តិ​រង់ចាំ​ដាក់​ជូន​ស្ថានទូត នា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ សីហា ២០១៤។ RFA/Mom Sophon

លេខាធិការដ្ឋាន នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​រៀបចំ​វេទិកា​ពិភាក្សា​ស្ដី​អំពី សមាជិកភាព និង​គោលការណ៍ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​អង្គការ​តំណាង​ប្រជាជាតិ គ្មាន​អ្នក​តំណាង ហៅ​កាត់​ថា យូ.អិន.ភី.អូ (UNPO) នៅថ្ងៃទី២៧ ខែ​កញ្ញា ឆ្នាំ ២០១៤។

តំណាង​លេខាធិការដ្ឋាន នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា វេទិកា​សាធារណៈ​នេះ​មាន​បំណង ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ទូទៅ​បាន​ដឹង អំពី​គោលការណ៍​សំខាន់ៗ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ធ្វើ និង​ដើម្បី​បង្ហាញ​អំពី​សកម្មភាព​ដែល​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា​កំពុង​អនុវត្ត ព្រមទាំង​បញ្ហា​ប្រឈម​ផ្សេងៗ​របស់​ខ្មែរ​ក្រោម៖ «យើង​មាន​ការ​ថ្លែង​អំពី​គោលការណ៍​របស់​សហព័ន្ធ​ដែល​បាន​ចូល​ជា​សមាជិកភាព របស់​អង្គការ UNPO ហ្នឹង​គឺ​គណៈកម្មការ​នាយក​របស់​សហព័ន្ធ​នៅ​ក្រៅ​ប្រទេស ហើយ​នៅ​កម្ពុជា​យើង​មាន​វាគ្មិន​មួយ​ចំនួន​ដែរ ទាក់ទង​ទៅ​នឹង​សកម្មភាព​សំខាន់ៗ​របស់​សហព័ន្ធ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ទាក់ទង​រឿង​ជនជាតិ​ដើម ហើយ​នឹង​យើង​មាន​វាគ្មិន ដែល​និយាយ​អំពី សកម្មភាព​សំខាន់ៗ​របស់​សហព័ន្ធ​ប្រចាំ​នៅ​ទ្វីប​អឺរ៉ុប ក្នុង​ហ្នឹង​ជា​ការទាក់ទង ការងារ​ជាមួយ​សហគមន៍​អឺរ៉ុប ជាមួយ​អង្គការ យូ.អិន.ភី.អូ ជា​ពិសេស​ជាមួយ​អង្គការ​សហប្រជាជាតិ។

វេទិកា​សាធារណៈ​នេះ នឹង​រៀបចំ​ឡើង​នៅ​ទីស្នាក់ការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ មនុស្ស​និង​អភិវឌ្ឍន៍ នៅ​ភូមិ​គោកឃ្លាំង សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ចាប់​ពី​ម៉ោង៧ ព្រឹក​ដល់​១២​ថ្ងៃ​ត្រង់ ដោយ​មាន​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​១​រយនាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles