​ការរៀបចំ​ខ្លួន​ក្នុងការ​ជូន​ដំណើរ​ដូនតា​ទៅកាន់​ភព​ដើម​វិញ​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​
ថ្ងៃអង្គារ ទី23 កញ្ញា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ជំនឿបួងសួងរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងថ្ងៃភ្ជុំបិណ្ឌ (រូបថត៖ Krishan)

នៅ​ថ្ងៃ​ចុងបញ្ចប់​នៃ​ពិធីបុណ្យ​ភ្ជំបិណ្ឌ រយៈពេល​១៥​ថ្ងៃ ប្រជា​ពលរដ្ឋ​ខ្មែរ​មិន​ដែល​បំភ្លេច​ទេ នូវ​ពិធី​សែន​ជូន​ដំណើរ​ជីដូន​ជីតា​ទៅ​ភព​របស់​ពួកគាត់​វិញ​។ នៅក្នុង​ពិធី​នេះ ប្រជាពលរដ្ឋ​បាន​ធ្វើ​ជា​កន្ទោង ឬ​កាត់​ស្រទបចេក​ចង​ក្បាល និង​កន្ទុយ​ធ្វើជា​ទូក ដែល​មាន​ដាក់​សំ​ណែន ដូចជា​ប្រហុក អំពិល អង្ករ សណ្តែក ល្ងរ និង​គ្រឿង​សំណែន​ផ្សេងៗ​ទៀត ដែល​ដាក់​ជា​កញ្ចប់​តូចៗ និង​មាន​ដុត​ទៀន ធូប ភ្ជាប់​ជាមួយ​ការ​បួងសួង​ផង​នោះ​។​

ព្រះចៅអធិការ​វត្ត​ស៊ឹម ពលី និង​ជា​ទីប្រឹក្សា​ផ្ទាល់​សម្តេច​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះគ្រូ​សិរី​វង្សា សុំ សុខា មាន​ថេរ​ដី​ការបកស្រាយ​ពី​ដំណើរ​នៃ​ពិធី​សែន​ជូន​ដំណើរ​ដូនតា​យ៉ាង​ដូច្នេះ​ថា ពិធី​នេះ​មិនមែន​ជា​ពិធី​របស់​ព្រះ​ពុធទ្ធសាសនា​ទេ ហើយក៏​មិន​មានចែង​នៅក្នុង​តម្រា ឬ​ព្រះ​ត្រៃយ៍បិតក​ដែរ​។

ព្រះអង្គ​មាន​ថេរ​ដីកា​រថា វា​ជា​ទំនៀមទម្លាប់​ប្រពៃណី​ដែល​ខ្មែរ​យើង​និយម​ធ្វើ​តៗ​គ្នា​តែ​ប៉ុណ្ណោះ​។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា «​តាមពិត​ទៅ​ប្រពៃណី​នេះ មិនមែន​ជា​ប្រពៃណី​របស់​ព្រះពុទ្ធសាសនា​យើង ដែល​ព្រះ​ពុទ្ធប​រម្យ​គ្រូ ឬក៏​មាន​ធម៌​វិន័យ​កន្លែង​ណាមួយ បញ្ញត្តិ​ឲ្យ​បរិស័ទ ធ្វើ​ពិធី​នោះទេ​។ ប៉ុន្តែ​ដោយហេតុថា ពិធី​នេះ​ជា​ពិធី​ប្រពៃណី​ខ្មែរ​យើង ដែល​បុរាណកាល​លោក​ពោល​ថា ពុំ​អាច​ខកខាន​ធ្វើ​ពិធី ព្រោះ​ប្រពៃណី​ធំ​ពេក​ក្រៃ ទោះ​ក្រលំបាក​យ៉ាងណាក្តី លៃ​ធ្វើឲ្យ​បានលំ​អានចាស់​។ អ៊ីចឹង​ពិធី​នេះ​ជា​ពិធី​លំ​អាន​ចាស់ ហើយ​ជា​របៀប​បុរាណ​។ តាមពិតទៅ​នៅ​ក្នុង​ពិធី​ភ្ជុំបិណ្ឌ​ខ្មែរ​យើង​មាន​ទស្សនៈ​ថា រយៈកាល​១៥​ថ្ងៃនេះ គឺ​លោក​យមបាល​លោក​ដោះលែង ព្រលឹង​វិញ្ញាណក្ខន្ធ​ញាតកា​របស់​យើង​ដែល​គាត់​បាន​ទៅ​កើត​ជា​ប្រេត ជា​នរក ដោយ​ទុក្ខលំបាក​អត់​មាន​អាហារ​បរិភោគ កន្លះ​ខែ​ហ្នឹង​គឺ​គេ​បើកផ្លូវ​ឲ្យ​គាត់​បើកផ្លូវ​ឲ្យមក​រក​បងប្អូន ញាតិមិត្ត អ៊ីចឹង គ្រប់​ថ្ងៃទី​១៥​ហ្នឹង​គេ​នឹង​នាំ​គាត់​ត្រលប់​ទៅ​វិញ​ហើយ​»​។​

​ព្រះ​តេជគុណ សុំ សុខា បាន​ពន្យល់​បន្ថែម​ថា នៅក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​ជួបជុំ​បងប្អូន​ញាតិ ធ្វើ​ពី​ធី​សែនព្រេន​ដូនតា បន្ទាប់ពីនោះ ពួកគេ​បាន​យក​កន្ទោង​ដាក់​គ្រឿង​សំណែន ដុត​ធូប អុច​ទាន និង​ដាក់​បណ្តែត​តាម​ទឹក​។ ព្រះ​មាន​ថេរ​ដីកា​បន្តថា «​ក្រោយពេល​ដែល​គេ​ធ្វើ​កន្ទោង​រួចហើយ ក្នុងនោះ​គេ​កាត់​នំ ដាក់​បាយ អង្ករ បាយ​ស បាយ​ក្រហម ឲ្យ​ល្មម​សមគួរ​កុំ​ឲ្យ​យើង​ដាក់​ក្នុង​ទឹក​ទៅ​លិច ហើយ​ជីដូន​ជីតា​គាត់​ទៅ​រៀបចំ​ពិធី នៅ​ផ្ទះ​គាត់​រៀបចំ​បាយទឹក នំ​អន្សម ហៅ​ជីដូន​ជីតា​ជួបជុំ​គ្នា​ធ្វើ​ពិធី​សែនព្រេន ហើយ​ពាក្យ​ថា ភ្ជុំភ្ជរ​ហ្នឹង​មានន័យ​ថា ជួបជុំ ដូច្នេះ​បងប្អូន​កូនចៅ​ទាំងអស់​ឈប់​សម្រាក​ពី​ការងារ​ដើម្បី​ជួបជុំ​បងប្អូន ហើយ​ឆ្លៀត​ឱកាស​ពេល​ហ្នឹង​គេ​សែនព្រេន​រំឭក​ដល់​ម៉ែឪ​ដែល​ចែក​ឋាន​ទៅ រួច​យក​កន្ទោង​នោះ​ទៅ​បណ្តែត​ក្នុង​ទឹក រួច​ដុត​ធូប ដុត​ទាន​ឧទ្ធិស​បញ្ជូន ដល់​វិញ្ញាណក្ខន្ធ​របស់​ពួកគាត់​ទៅ ហើយ​ឲ្យ​ពួក​គាត់​ងាក​ក្រោយ​ថែរក្សា​កូនចៅ ឲ្យ​កូនចៅ​រកស៊ី​ត្រជាក់ត្រជុំ ដូច​ទឹក​ក្នុង​បឹង ឬ​ក្នុង​ទន្លេ​អ៊ីចឹង​»​។

សំពៅដាក់គ្រឿងសំនែន ដែលគេរៀបចំក្នុងវត្តអារាម

 

អ្នកស្រី ស្រី​ពៅ នៅ​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍ថា ជា​រៀងរាល់ឆ្នាំ​គាត់​តែងតែ​ធ្វើ​ពិធី​នេះ តែ​គាត់​មិនសូវ​ដឹង​អំពី​ពិធី​នេះ​នោះ​ទេ គឺ​ធ្វើ​តាមតែ​ចាស់ៗ​ប្រាប់​។ អ្នកស្រី​បន្ត​ថា «​ចា៎​! គេ​ធ្វើ​តើ នៅពេល​ភ្ជុំ​ថ្ងៃ​ហ្នឹង​អ៊ីចឹង ស្អែក​ឡើង​គេ​នាំគ្នា​ទៅ​បណ្តែត​ដូនតា ដើម្បី​ជូន​ដំណើរ​គាត់​ឲ្យ​ត្រលប់​ទៅ​កន្លែង​គាត់​ចាស់​វិញ​។ គេ​មាន​ដាក់​អង្ករ សណ្តែក អំបិល ល្ងរ នំ​អន្សម កាត់​កង់ៗ ដុត​ទាន បណ្តែតទូក​ជូន​ដំណើរ​គាត់​ឲ្យ​គាត់​ត្រលប់​ទៅ​វិញ ឲ្យ​គាត់​មាន​ចិត្ត​សប្បាយ​រីករាយ​ជាមួយ​កូនចៅ​»​។​

​សម្រាប់​លោក មាស លី ដែលជា​អាចារ្យវត្ត​រតនៈរង្សី នៅ​ខេត្ត​កំពង់ចាម មានប្រសាសន៍ថា ប្រជាពលរដ្ឋ​តែងតែ​ធ្វើ​ពិធី​នេះ​គ្រប់ៗ​គ្នា ដោយសារ​ពួកគេ​មានជំនឿថា នៅ​ថ្ងៃ​បញ្ចប់​នេះ​ជីដូន​ជីតា ដែល​បាន​មកជួបជុំ​កូនចៅ​នឹង​ត្រលប់​ទៅ​ភព​របស់​ពួកគាត់​វិញ​។ លោក​បញ្ជាក់ថា «​ភ្ជុំ​ហើយ ថ្ងៃ​១​រោច​ហៅថា ថ្ងៃ​ឆ្លង បុរាណ​ពី​ដើម​ធ្វើ​ជា​កន្ទោង រូប​ទូក លោក​ដាក់​អន្សម នំ​គម នំ​បត់ កំពង មាន​ទានធូប មាន​ទង់ជ័យ ទង់​ជ្រុង បណ្តែត​ទៅតាម​ស្រះ បើ​មាន​ទន្លេ​បណ្តែត​តាម​ទន្លេ សំដៅ​ទៅ​យក​ព្រះ​ជង្គង់​កែវ​នៅ​ក្នុងឋាន​នាគ ដើម្បី​អនិ​សង្ឃ​នៃ​ការជូន​កុសល ពពួក​នៃ​ប្រេត​ទាំងឡាយ ជូន​កុសល​ដល់​មាតា​បិតា​ទាំងឡាយ​ផង ដល់​ព្រះ​ជង្គង់​កែវ​ផង​ដែល​ឋិត​នៅឯ​ឋាន​ភុជង្គនាគ​ឯណោះ​»​។  

បើទោះជា​យ៉ាងណា ព្រះ​តេជគុណ សុំ សុខា បាន​ពន្យល់​បន្ថែម​ថា ពី​ធី​នេះ​ជា​ពិធី​បែប​ព្រហ្មញ្ញសាសនា ទើប​ភាគច្រើន​ប្រជាពលរដ្ឋ​ជ្រើសរើស​យក​ពេល​រសៀល​ដើម្បី​ធ្វើ​ពិធី​បណ្តែតកន្ទោង​នេះ​។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា «​ព្រោះ​ពិធី​សែន ពិធី​ព្រេន​នេះ មិនមែនជា​ពិធី​កាន់​របស់​ព្រះពុទ្ធសាសនា​ទេ គឺជា​ពិធី​កាន់​របស់​ព្រហ្ម​សាសនា​។ ខ្មែរ​យើង​ពី​ដើម​គាត់​បាន​គោរព​ទៅលើ​អាទិទេព ទៅលើ​ព្រហ្ម​សាសនា តែ​ក្រោយមក​គឺ​ត្រឹម​ពុទ្ធ​សករាជ​២៣៤​នេះ​ទេ ដែល​មាន​ព្រះពុទ្ធសាសនា​ហូរ​ចូល​ស្រុក​ខ្មែរ​មក ខ្មែរ​យើង​ក៏​មិន​អាច​កាត់ផ្តាច់​នូវ​ព្រហ្ម​សាសនា​ទេ ថ្វី​ត្បិត​តែ​គាត់​បាន​កាន់​ព្រះពុទ្ធសាសនា​មែន តែ​មាន​ចំណុច​ខ្លះ​គឺ​យើង​នូវ​ច្របាច់​បញ្ចូល​គ្នា​ទាំង​វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់ និង​អត្តចរិត ទើប​យើង​អាច​រស់នៅ​ជាមួយគ្នា​បាន​»​។​

ពិធី​សែន​ជូន​ដំណើរ​ដូនតា ជា​ពិធី​ចុង​ក្រោយ​បន្ទាប់ពី​ប្រជា​ពលរដ្ឋ​ខ្មែរ បាន​ធ្វើបុណ្យ​ដាក់​បិណ្ឌ នៅ​តាម​វត្ត​អារាម​នានា​រយៈពេល​១៥​ថ្ងៃ​។  ពិធី​នេះ​ពួកគេ​មាន​ជំនឿ​ថា ជីដូន​ជីតា​ដែល​បាន​ចែក​ឋាន​ទៅ បាន​ធ្លាក់ខ្លួន​កើត​ជា​ប្រេត យមបាល​បាន​ដោះលែង និង​ត្រូវ​ត្រឡប់​ទៅ​ពិភព​របស់​ពួកគាត់​វិញ ដូច្នេះ​ទើប​ពួកគេ​ធ្វើ​ពិធី​ជូន​ដំណើរ​៕

សូមសរសេរមកអ្នកនាង ថុល ស្រី​លក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles