​បទ​យក​ការណ៍​៖ ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​ និង​ការព្យាយាម​ប្រឹងប្រែង​ក្នុង​ជីវិត​នាំមក​សេចក្តីសុខ​​

ដោយ៖​ ពៅ មេត្តា​
ថ្ងៃពុធ ទី24 កញ្ញា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ពិធីរាប់បាត្រ ក្នុងថ្ងៃកាន់បិណ្ឌ (រូបថត៖ Krishan)

​រដូវ​ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យ​ធំ​មួយ​ក្នុងចំណោម​បុណ្យ​ធំ​ផ្សេងៗ​ទៀត របស់​ប្រជា ពលរដ្ឋ​ខ្មែរ​។  ចាប់ពី​ថ្ងៃ​១​រោជ​ដល់​១៥ រោជ​ខែ​ភទ្របទ ជា​រៀងរាល់ឆ្នាំ នៅ​គ្រប់​វត្ត​អារាម​ទូទាំង​ប្រទេស​មាន​ជាង​៤០០០​ពាន់​(​បួន​ពាន់​) ត្រូវបាន​គេ​ប្រារព្ធ​ពិធី​បុណ្យ​នេះ​។​

​ការចំណាយ​ពេលវេលា និង​ទ្រព្យសម្បត្តិ​ដើម្បី​ធ្វើបុណ្យ​នេះ ដោយ​ពួកគេ​មានការ​រំពឹងថា ផល​បុណ្យ​មួយចំណែក​អាច​ឧទ្ទិសដល់​ញាតិសន្តាន​ដែល​ស្លាប់​ទៅ ឯ​មួយវិញទៀត​ក៏សុំ​សេចក្តីសុខ​ខ្លួនឯង​ផងដែរ​។​

​អ្នកស្រី ស្រី ពៅ ជា​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ និយាយថា​ពេល​ដែល​គាត់​រាប់បាត្រ ឬ​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ គាត់​តែង​រំឭក​ដល់​ឈ្មោះ​សាច់ញាតិ​ដែល​បាន​ស្លាប់​ទៅ​។ ការធ្វើ​បែប​នេះ ដោយសារ​អ្នកស្រី​ជឿថា បើ​មិន​រំឭក​ឈ្មោះ​ទេនោះ សាច់ញាតិ​មិន​បាន​ទទួល​កុសលផល​បុណ្យ​ឡើយ​។ អ្នកស្រី​បញ្ជាក់ថា «​នៅពេលដែល​យើង​រាប់បាត្រ រាប់​អី​អ៊ីចឹង យើង​ត្រូង​យក​ចង្ហាន់​ហ្នឹង​ទៅ​ប្រគេន​លោក ដើម្បី​ឲ្យ​លោក​ឧទ្ទិស​កុសល​ទៅដល់​ដូនតា ហើយ​យើង​ហ្នឹង​ក៏​ពេល​រាប់បាត្រ​ហ្នឹង​ក៏​យើង​និយាយ​ដែរ យើង​ហៅ​ឈ្មោះ​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ ទាំង​អម្បាលម៉ាន ឬក៏​ញាតិ​ការ​ទាំង​៧​សន្តាន​អ៊ីចឹង​ណា​។ បើសិនជា​អត់​បាន​រំឭក​ឈ្មោះ​គាត់ អត់​បាន​ហៅ​គាត់ ខ្ញុំ​ឮ​ចាស់ៗ​និយាយថា គាត់​អត់​បាន​មក​ទទួល​ទេ ទោះបី​គាត់​មក​ទទួល​ក៏​ទទួល​អត់​បាន​ដែរ​ព្រោះ​អត់​មានឈ្មោះ​គាត់​»​។​

​មាន​ក្បួន​គម្ពីរ​ជាច្រើន ដែល​បាន​សរសេរ​រៀបរាប់​ពី​ទំនាក់ទំនង​ផល​បុណ្យ​បាប​ពី​មនុស្ស​នៅរស់ និង​អ្នក​ដែល​បាន​ស្លាប់ទៅ ដូចជា​ទាន​កថា អនុបុព្វីធថា​ទាំង​៥ ប​ទានុ​សូត្រ និងគម្ពីរ​អវិច្ច័​យចនៈក​ម្ម​ជា​ដើម​។​

​លោក​អាចារ្យ​នៅ​វត្ត​រតនៈ​រង្ស៊ី ស្រុក​កោះ​សុទិន ខេត្ត​កំពង់ចាម ជា​អ្នក​ធ្លាប់​បាន​សិក្សា​លើ​គម្ពីរ​ដីកា​ជា​ច្រើន​គឺ លោក មាស លី ពន្យល់​ថា​កាលណា​សាច់ញាតិ​ឧទ្ទិស​ឬ​ហៅ​ឈ្មោះ នោះ​ប្រេត​នឹង​អាច​មក​ទទួលយក​ផល​បុណ្យ​ក្នុងឱកាស​រដូវ​ភ្ជុំបិណ្ឌ​បាន​។ លោក​បន្តថា «​ជា​អនិ​សង្ឃពីការ​កាន់បិណ្ឌ​មាន ហេតុ​ដូច​ទៅ​ទីមួយ បុព្វការី​ជន​ទាំងឡាយ​ដែល​បាន​លះ​លោក​នេះ ទៅកាន់​លោក បាន​ដល់​ប្រេត​ម្យ៉ាង​ហៅថា បរប្រេ​តូប​ជីវីក​តែត ប្រេត​ហ្នឹង​រស់​ដោយសារ​អ្នកដទៃ​គេ​ឲ្យ វា​មាន​កូន​មាន​ចៅ មាន​បង មាន​ប្អូន​ឧទ្ទិស​ជូន​ចំពោះមុខ​ទៅ​»​។​

​ប៉ុន្តែ​លោក​អាចារ្យ មាស លី បាន​បញ្ជាក់ទៀតថា ផល​បុណ្យ​ដែល​ពលរដ្ឋ​ធ្វើ​នេះ មិនមែន​បាន​តែ អ្នក​ដែល​ស្លាប់​នោះទេ អ្នក​ដែល​នៅ​រស់​ក៏​បាន​ទទួល​ដែរ​។ លោក​បញ្ជាក់​យ៉ាង​ដូចនេះ​ថា «​ដូច​ជា​យើង​សរសេរ​សំបុត្រ​មួយ​ទៅ​សហរដ្ឋអាមេរិក អត់​មាន​អាឌ្រេ​ស​(Address) អត់​មាន​អាស័យដ្ឋាន​អី​ត្រឹមត្រូវ គេ​តែង​សរសេរ​ផ្ញើ​មក​វិញ​ហើយ ថា​សំបុត្រ​នេះ​យើង​មិន​អាច​រកឃើញ បាន​មក​ដល់​អ្នកសរសេ​រ​វិញ យ៉ាងណាមិញ បុណ្យ​កុសល​ដែល​យើង​បាន​បំពេញ បាន​ធ្លាក់​ត្រលប់​មក​ខ្លួន​វិញ​ហើយ​»​។​

​វត្ត​នៅ​តាម​ស្រុកស្រែ​ជនបទ  ប្រជាពលរដ្ឋ​ចែក​១៤​វេណ ដើម្បី​ដាក់​បិណ្ឌ​។ សមាជិក​វេន​នីមួយៗ នាំគ្នា​សម្រាក​នៅ​វត្ត​មួយ​យប់​នៃ​យប់​ចាប់ផ្តើម ដើម្បី​រៀបចំ​គ្រឿង​សក្ការៈ និង​ម្ហូបអាហារ​។ សម្រាប់​នៅ​ទីក្រុង ឬ​ទីប្រជុំជន​វិញ ក៏​គេ​ចែក​ជា​វេន​ដែរ តែ​ពុទ្ធបរិស័ទ​ធ្វើ​ម្ហូបអាហារ​រៀងៗ​ខ្លួន​យក​ទៅ​វត្ត​តែ​ម្តង​។ ដោយសារ​ភាព​មមាញឹក​នឹង​ការងារ ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភាគច្រើន​និយម​ទៅ​វត្ត តែ​ថ្ងៃ សៅរ៍ ឬ​ថ្ងៃ​អាទិត្យ ដោយ​មិន​ប្រកាន់​វេន​ឡើយ ព្រោះ​ជា​ពេលទំនេរ​ពី​ការងារ ឬ​ការ​សិក្សា​។​

​ព្រះចៅអធិការ​វត្ត សុគន្ធា​រាម ហៅ​វត្ត​ស្គន់ នៅ​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ព្រះ​តេជគុណ សយ សំអុល មាន​សង្ឃដីកា​ថា ឆ្នាំ​នេះ​មាន​ពុទ្ធបរិស័ទ​ធ្វើបុណ្យ​ច្រើន​ដូច​ឆ្នាំមុនៗ​ដែរ​។ ព្រះអង្គ​មាន​សង្ឃដីកា​បន្តថា  ការ​ធ្វើ​បុណ្យ​នាំមក​នូវ​សេចក្តីសុខ​។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា «​ពរ​! នេះ​ការប្រព្រឹត្ត​នូវ​សេចក្តី​ល្អ វា​នាំ​ឲ្យ​ខុស ព្រោះ​ព្រះពុទ្ធ​លោក​ទ្រង់ សម្តែង​ហើយ ថា​សុ​ខោ​ព​ញ្ញាត​ឧត​យោ កា​សន្សំ​នូវ​បុណ្យ​ជា​ហេតុ​នាំមក​នូវ​សេចក្តីសុខ កាលណា​យើង​ប្រាសចាក​នូវ​បុណ្យ ប្រាសចាក​នូវ​សុចរិត​ហើយ វា​នាំ​មក​នូវ​សេចក្តី​ទុក្ខ​ហើយ​»​។

រៀបរាប់​ដល់​ចំណុច​ថា  គ្រប់​សត្វលោក​សុទ្ទតែ​ប្រាថ្នា​ចង់បាន​សេចក្តីសុ​ខនោះ ព្រះ​តេជគុណ សយ សំអុល ក្រើនរំឭក​ថា ទន្ទឹម​នឹង​ការ​ប្រាថ្នា​បួងសួង គឺ​ត្រូវ​មាន​ការប្រព្រឹត្តឲ្យ​ត្រឹមត្រូវ​ផងដែរ ទើប​ទទួលបាន​សេចក្តីសុខ​ពិតប្រាកដ​។  ព្រះអង្គ​មាន​សង្ឃដីកា​ថា «​អ៊ីចឹង​បើ​ចង់​ចម្រើន​នូវ​ជីវិត​របស់​យើង មាន​ការបំពេញ​នូវ​សេចក្តី​ល្អ ទោះបី​យើង​បំពេញ​មុខរបរ​ចិញ្ចឹមជីវិត​យ៉ាង​ណា ក៏​យើង​ធ្វើ​ដោយ​ត្រង់​ទៅ អាហ្នឹង​សេចក្តីសុខ​របស់​យើង ស្រប​ពេល​បាន​មក​ហ្នឹង​វា អត់​មាន​ខូចចិត្ត​។ កាលណា​ទ្រព្យ​បាន​មក​ដោយ ទុច្ចរិត បាន​មក​ដោយ​អំពើ​អាក្រក​ហ្នឹង ទ្រព្យ​ហ្នឹង​វា​អត់​បាន​សេចក្តីសុខ​ប៉ុន្មាន​ទេ​»​។​

ការលើកឡើង​ថា សេចក្តីសុខ ឬ​ទុក្ខ​ផ្អែក​លើ​សកម្មភាព​ផ្ទាល់​ខ្លួន​នោះ ស្រប​នឹង​ពុទ្ធភាសិត​មួយ​ពោលថា  អត្តា​ហិ អត្ត​នោ នា​ថោ គឺ​មានន័យថា ខ្លួន​ទីពឹង​ខ្លួន​។ តាម​សុភាសិត​នេះ ព្រះពុទ្ធ​ចង់​ក្រើនរំឭក ដល់​ពុទ្ធបរិស័ទ​ទាំងអស់ ត្រូវ​ពឹងផ្អែក​លើ​សកម្មភាព​ផ្ទាល់ខ្លួន​ដើម្បី​សម្រេច​បំណង​នៃ​ជីវិត គឺ​មិន​មាន​អាទិទេព ឬ​មនុស្ស​ណា​មក​ជួយ​យើង​ឡើយ ប្រសិន​យើង​មិន​ជួយ​ខ្លួនឯង​នោះ​ទេ​។​

ជា​ការពិត​ណាស់ បើ​និយាយ​ថា សុខទុក្ខ​អាស្រ័យ​ខ្លួនឯង​គឺ​ជាក់ស្តែង មិនមាន អ្នកណា​ម្នាក់​អាច​ជួយ​ធ្វើបុណ្យ​ជំនួស​មនុស្ស​ម្នាក់​ទៀត​បា​ន​ទេ​។ ម្យ៉ាងទៀត​ការប្រកប​របរ​ចិញ្ចឹមជីវិត គឺ​ម្នាក់ៗ​ត្រូវ​មាន​ការប្រឹងប្រែង​ទើប​ទទួលបាន​ផល ហើយ​សម្រាប​ការ បើកបរ​នៅលើ​ដងផ្លូវ​នោះ​ទៀត​សោត​គឺ​បុគ្គលៗ​ត្រូវមាន​ការប្រុងប្រយ័ត្ន ដោយ​ស្មារតី​ខ្ពស់​ដោយ​ខ្លួនឯង ទើប​ទទួលបាន​សេចក្តីសុខ​។​

អាចារ្យវត្ត​កោះទាវ នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល លោក សំ អឿន  មានប្រសាសន៍ថា ពុទ្ធបរិស័ទ​នៅ​ទីនោះ ធ្វើបុណ្យ​ភ្ជុំបិណ្ឌ ក៏​មាន​បំណង​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​ជីដូន​ជីតា​ដែល​ស្លាប់​ទៅ ដូច​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេងៗ​ទៀត​ដែរ​។ តែ​លោក​អាចារ្យ​រូបនេះ  បញ្ជាក់ថា ដើម្បី​ឲ្យ​ឧទ្ធិស​ផល​បុណ្យបាន លុះត្រាតែ​ការប្រតិបត្តិ​នោះ​បាន​ត្រឹមត្រូវ​។ លោក​បញ្ជាក់ថា «​ការ​ដែល​ភ្ជុំបិណ្ឌ​នេះ ដើម្បី​ឧទ្ទិស​កុសល​ជួន​ដល់​បុព្វការី​ជន​របស់​យើង ដែល​បាន​ចែក​ឋាន ដែល​បាន​រំលាយ​ខណ្ឌ​ទៅកាន់​បរលោក​ខាងមុខ ដើម្បី​ទទួលបាន ដើម្បី​ទទួលបាន​ភោគផល​ចំណែក ដែល​កូនចៅ​បាន​ធ្វើ​ក្នុង​ឱកាស​នេះ អ្នក​ដែល​ធ្វើបុណ្យ​នេះ​គឺថា យើង​តាំងចិត្ត​ឲ្យមាន​សណ្តាប់ធ្នាប់ ល្អ​សមរម្យ ដែលជា​អ្នក​កាន់​នូវ​ព្រះពុទ្ធសាសនា គឺថា​ក្នុង​ការ រាប់បាត្រ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ ឬក៏​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន យើង​ថា​ដូចជា​ដាក់​បាយបិណ្ឌ ទៅតាម​ទំនៀម​ទំលាប់​»​។​

បើ​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​នានា បាន​គត់​ត្រា​ថា បុណ្យ​ភ្ជុំបិណ្ឌ​បាន​ប្រារព្ធ​ជា​ផ្លូវការនៅ​កម្ពុជា តាំងពី​សម័យ​ព្រះបាទ​អង្គឌួង​មក​ម្លេះ​។ ប្រណៃ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ចំនួន​ពី​៨៥ ទៅ​៩០% ជំនឿ​លើ​ព្រះពុទ្ធ​សាសនា​នោះ ស្រលាញ់​ចូលចិត្ត និង គោរព​ប្រតិបត្តិ​រហូតដល់​បច្ចុប្បន្ន៕

សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles