ADB៖ សេដ្ឋកិច្ច​កម្ពុជា​នឹង​នៅតែ​បន្ត​មាន​ស្ថានភាព​ល្អប្រសើរ​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃព្រហស្បតិ៍ ទី25 កញ្ញា 2014
http://vodhotnews.com

​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB) ព្យាករ​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​នៅតែ​បន្ត​មាន​ស្ថានភាព​ល្អប្រសើរ ស្រប​ពេល​ភាព​តានតឹង​ផ្នែក​នយោបាយ​បាន​ធូរស្រាល​។​

​សេចក្តីប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃទី​២៥​ខែកញ្ញា​នេះ ឲ្យដឹង​ថា​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​អត្រា​៧​ភាគរយ សម្រាប់​ឆ្នាំ​២០១៤ និង​៧,៣​ភាគរយ​ក្នុង​ឆ្នាំ​២០១៥​។ ADB បន្ត​ថា​ការ នាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង មាន​ការកើនឡើង​១៤,៥​ភាគរយ រហូត​ដល់​តម្លៃ​២៨០០​លាន​ដុល្លារ នៅក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៤ បើ​ប្រៀបធៀប​ជាមួយ​កំណើន​១៧​ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា​នេះ​កាលពី​ឆ្នាំមុន​។​កំណើន​នៃ​ការនាំ​ចេញ​ទំនិញ​ជារួម​មាន​ការ​ថមថយ​មក​នៅ​២០​ភាគរយ ពី​២៧​ភាគរយ នៅក្នុង​រយៈពេល​ដូចគ្នា​នេះ​។​កំណើន​នៃ​ការនាំ​ចូល​ថយ​ចុះ​មក​នៅ​៦,៧​ភាគរយ​ពី​២៤,៧​ភាគរយ​។​

​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​វិញ ADB​ឲ្យដឹងថា​ចំនួន​ភ្ញៀវទេសចរ​មកកាន់​កម្ពុ​ជា កើនឡើង​៥,២​ភាគរយ ដល់​២,២​លាន​នាក់​ចាប់ពី​ខែ​មករា មក​ដល់​ខែ​មិថុនា បើ​ធៀប​ជាមួយ​កំណើន​១៩,១​ភាគរយ​នៅក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៣​។​

​ចំណែក​កំណើន​នៃ​ការ​ផ្តល់​ឥណទាន​ដល់​វិស័យ​ឯកជន​មាន​អត្រា​១២​ភាគរយ​នៅក្នុង​ខែមិថុនា ធៀប​នឹង​ឆ្នាំមុន ពោល​គឺ​ស្ថិត​នៅក្រោម​អត្រាកំណើន​កាលពី​ឆ្នាំ​កន្លង​ទៅ​។​

​អតិផរណា​ត្រូវបាន​ព្យាករ​ថា​មាន​កម្រិត​ខ្ពស់​ជាង​កម្រិត​ដែល​រំពឹង​ទុក​កន្លងមក ដោយសារ​តែ​តម្លៃ​ស្បៀងអាហារ​ខ្ពស់ជាង​មុន និង​ការ​រឹតបន្តឹង​ការប្រមូល​ពន្ធគយ កាលពី​ចុងឆ្នាំ​២០១៣ ដែល​មួយ​ផ្នែក​ជា​សម្ពាធ​ធ្វើឲ្យ​តម្លៃ​ទំនិញ​នាំ​ចូល​មាន​ការកើនឡើង​។​ADB​រំពឹង​ថា​អតិផរណា​មាន​កម្រិត​៤,៤​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៤ និង​៤​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៤​។​

​លោក Jan Hansen សេដ្ឋវិទូ​ជាន់ខ្ពស់​របស់​ADB​មានប្រសាសន៍ថា​«​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​រំពឹង​នឹង​នៅតែ​បន្ត​មាន​ស្ថានភាព​ល្អប្រសើរ​នៅក្នុង​រយៈពេល​២​ឆ្នាំ​បន្ទាប់ ដែល​ជា​ការឆ្លុះបញ្ចាំង​ពី​កំណើន​ស្ថិរភាព​នយោបាយ និង​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ប្រាកដ​ដោយ​ស្ថិរភាព ដែល​គួរ​ជា​កត្តា​ជំរុញ​ឲ្យ​វិនិយោគិន​កាន់តែ​មាន​ទំនុកចិត្ត​បន្ថែមទៀត​»

​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles