ដោយ៖ ឡាយ សាមាន
ថ្ងៃពុធ ទី8 តុលា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
យុទ្ធនាការទាមទារប្រាក់ខែគោល១៧៧ដុល្លារ របស់កម្មករនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា នាពេលកន្លងមក (រូបថត៖ Krishan)
ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) អះអាងថា រោងចក្រមួយចំនួនប្រឈមការបិទទ្វារ ព្រោះការបញ្ជាទិញពីក្រៅប្រទេសមានការធ្លាក់ចុះ ដោយសារកម្មករទាមទារប្រាក់ខែគោលមានកម្រិតខ្ពស់។
ប្រធានសមាគមGMAC បានលើកឡើងដូចនេះ គឺក្រោយពីជំនួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤។
ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក វ៉ាន់ ស៊ូអៀង មានប្រសាសន៍ថា ការលើកឡើងរបស់លោកមិនមែនជាការបិទសេរីភាពមិនឲ្យកម្មករទាមទារដំឡើងប្រាក់ខែទេ ប៉ុន្តែការទាមទារគួរតែធ្វើឡើងក្នុងភាពសមរម្យ។ លោកអះអាងថា គ្មានប្រទេសណាទាមទារឡើងខ្ពស់ដូចកម្ពុជានោះទេ។លោកបញ្ជាក់ថា«បិទ ត្រូវតែមានបិទ ខ្ញុំខ្លាចតែបិទរួចហើយគេអត់មានលុយ ឲ្យប្រាក់ខែទៀត ខ្ញុំខ្លាចអញ្ចឹងទៀតណា ពីព្រោះOrder (អ្នកបញ្ជាទិញ)ឥឡូវអស់ហើយ បានជាខ្ញុំថាចឹង។ ខ្ញុំសូមឲ្យកម្មករសហជីពយល់ការពិតគឺសហជីពឲ្យគេពន្យល់កម្មករថា យើងទារត្រូវតែមានហេតុផលសមរម្យ»។
ប្រធានសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា អ្វីដែលប្រធានសមាគម GMAC បានលើកឡើងនេះគ្រាន់តែជាការគេចវេសមិនចង់ដំឡើងប្រាក់ខែជូនកម្មករប៉ុណ្ណោះ។ លោកបន្តថាតាមការពិនិត្យស្រាវជ្រាវជាមួយភាគីពាក់ព័ន្ធ ជាពិសេសអ្នកបញ្ជាទិញក៏បានគាំទ្រឲ្យមានការដំឡើងប្រាក់ឈ្នួលសមរម្យ។ លោកបញ្ជាក់ជំហរថា ក្រុមសហជីពនឹងបន្តធ្វើយុទ្ធនាការទាមទារប្រាក់ខែគោល១៧៧ដុលា្លរ នៅថ្ងៃទី១២ ខែតុលា តាមការគ្រោងទុកដែលមានកម្មករចូលរួមប្រមាណ៣០០០នាក់។លោកមានប្រសាសន៍ថា«ការលើកឡើងរបស់ GMAC វាហាក់ដូចជាផ្ទុយទៅនឹងជំហររបស់អ្នកបញ្ជាទិញ ។ ដូច្នេះហើយសម្រាប់ខ្ញុំ សម្តី GMACគ្រាន់តែជាលេសមួយដើម្បីគេចវេសពីការដំឡើងប្រាក់ឈ្នួលទេ សម្រាប់អ្វីដែលយើងមើលឃើញ យើងឃើញថាគ្រាប់ភាគីគឺមានជំហរក្នុងការចូលតុក្នុងការចរចា ជាពិសេសខាងសហជីពបានត្រៀមខ្លួនក្នុងការចរចាដោយរូបភាពមួយគេហៅថា យោគយោល់ក៏ដូចជាការចរចាមួយដោយមានភាពស្មោះត្រង់»។
ប៉ុន្តែក្នុងជំនួបជាមួយប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជានេះដែរ លោក ស ខេង ក៏បានកោតសរសើរ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលលោកអះអាងថាមានឆន្ទៈក្នុងការបញ្ចប់ជម្លោះនយោបាយ បញ្ចៀសនូវអស្ថេរភាពសង្គមដែលអាចប៉ះពាល់សេដ្ឋកិច្ចកម្ពុជា៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com