ក្រុមសហជីពសុំជួបរដ្ឋមន្រ្តីក្រសួងការងារមុនការចរចាកំណត់ប្រាក់ឈ្នួលកម្មករ​

ដោយ៖​ កាន់ វិច្ឆិកា​
ថ្ងៃពុធ ទី8 តុលា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ការពិភាក្សាស្តីពីការដំឡើងប្រាក់ខែ​គោល របស់ក្រុមសហជីព នាពេលកន្លងមក (រូបដោយ៖ khrishan)

បណ្តាសហជីពស្នើសុំជួបរដ្ឋមន្ត្រីក្រសួងការងារ ដោយលើកឡើងថារដ្ឋមន្រ្តីជាមនុស្សដែល​មានឥទ្ធិពល​ក្នុង​ការ​ដោះ​ស្រាយការចរចាប្រាក់ឈ្នួលកម្មករក្នុងពេលខាងមុខ។

អនុប្រធានគណៈកម្មការប្រឹក្សាការងារ លោក ជួន មុំថុល នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤​បានដាក់​លិខិត​មួយ​ច្បាប់​​ជូន​​រដ្ឋមន្រ្តី​ក្រសួងការងារ លោក អុិត សំហេង ដើម្បីសុំឲ្យសហជីពចំនួន៨ចូលជួបពិគ្រោះ​យោបល់ពីបញ្ហា​ប្រាក់​ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៥ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ខាងមុខ។

លិខិតនោះឲ្យដឹងថា ការសុំជួបពិភាក្សានេះ ដោយសារសហជីពទាំង៨ពុំដែល​បានជ្រាបពីការពិភាក្សាដំឡើង​ប្រាក់ឈ្នួលអប្បបរមានោះ ហើយចង់ចូលរួមពិភាក្សា ។

លិខិតបន្តថា ដោយសារសហជីពមិនមែនជាសមាជិកCCNU និង CLC ដូច្នេះព័ត៌មានទាំងឡាយពាក់ព័ន្ធនឹង​ការ​ចរចាប្រាក់ឈ្នួលហាក់ដូចជាកាត់ផ្តាច់។

ពាក់ព័ន្ធនឹងការដាក់លិខិតស្នើសុំជួបពិភាក្សាទៅកាន់រដ្ឋមន្រ្តីក្រសួងការងារនេះ ប្រធានសហព័ន្ធសហជីពចលនា​កម្មករ លោក ប៉ាវ ស៊ីណា យល់ថា ប្រសិនជារដ្ឋមន្រ្តីក្រសួងការងារអនុញ្ញាតឲ្យចូលជួប សហជីពនឹង​លើកឡើងពី​បញ្ហាប្រាក់ឈ្នួលជាចម្បងដើម្បីពិភាក្សា និងលើកឡើងពីតួលេខណាមួយបង្ហាញពីជំហរ​ក្នុងការដោះស្រាយ​ប្រាក់​ឈ្នួល​នេះឲ្យបានឆាប់កុំឲ្យមានការអូសបន្លាយតទៅទៀត។

ទោះជាយ៉ាងណាលោកថា សហជីពមិនទាន់ទទួលបានលិខិតឆ្លើយតប​ផ្លូវការណាមួយពីក្រសួង​ការ​ងារ​នៅ​ឡើយ​ទេ តែបើតាមព័ត៌មានក្រៅផ្លូវការរដ្ឋមន្រ្តីបានអនុញ្ញាតឲ្យសហជីពចូលជួបនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ តាមការ​ស្នើ​សុំ។

លោក ប៉ាវ ស៊ីណា សង្ឃឹមថា ជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការងារក្នុងពេលខាងមុខនេះ​គឺជាឱកាសមួយល្អក្នុងការដោះ​ស្រាយបញ្ហាប្រាក់ឈ្នួលកម្មករ ហើយនឹងអាចរកឃើញច្រកចេញបានឆាប់ៗ។ លោកថា «ពីមុនមកយើងឃើញថាក្រសួងការងារច្រើនតែជំរុញរឿងហ្នឹងឲ្យភាគីសហជីព និងភាគីនិយោ​ជក​ជជែកគ្នា ដោយផ្ទាល់ទៅវិញ ដូច្នេះបើយើងធៀបទៅលើច្បាប់ស្តីពីការងារមានន័យថា​ប្រាក់ឈ្នួលអប្បបរមា​ត្រូវបាន​​កំណត់ដោយរដ្ឋ អីចឹងមានន័យថារដ្ឋយើងជាអ្នកអារកាត់ ជាអ្នកសម្រេច ឥចឹងយើងគិតថា​គាត់​មាន​ឥទ្ធិ​ពល»

ចំណែកប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករកម្ពុជា លោក សៀង សម្បត្តិ មានប្រសាសន៍ដែរថា  សហជីព​ក៏​នឹង​លើកយកការទាមទារ៥ចំណុចដែលសហជីពបានដាក់ទៅក្រសួងការងារកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤ កន្លងមក ដោយសង្ឃឹមថា រដ្ឋមន្រ្តីក្រសួងការងារនឹងអាចដោះស្រាយ​បញ្ហាប្រាក់ឈ្នួលកម្មករដែល​បាន​ពន្យារ​ពេល​​ម្តងហើយម្តងទៀតឲ្យបានឆាប់។

លោកថា«ខ្ញុំសង្ឃឹមថា រដ្ឋមន្រ្តីគាត់នឹងរៀបចំឲ្យមានការជជែកអស់ពីចិត្តសម្រាប់ធ្វើការងារហ្នឹង ហើយខ្ញុំគិតថា​ប្រហែល​ជាមានផលល្អសម្រាប់កម្មករ ក៏ដូចជាសហព័ន្ធសហជីពដែលធ្វើយុទ្ធនាការហ្នឹង»

VOD មិនអាចទាក់ទងសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេ ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។

កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤គណៈកម្មការប្រឹក្សាការងារនៃក្រសួង​ការងារបានពិគ្រោះ​យោបល់​ជាមួយ​តំណាង​ភាគីសហជីព និងភាគីនិយោជក ដើម្បីកំណត់ប្រាក់ឈ្នួលគោលក្នុងវិស័យឧស្សាហកម្ម វាយនភណ្ឌ និង​កាត់ដេរ ដោយគ្រោងប្រជុំសម្រេចជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤។ប៉ុន្តែក្រសួងបាន​សម្រេច​លើក​ពេល​ប្រជុំ​ទៅខែវិច្ឆិកា ឆ្នាំ២០១៤វិញ ដោយមូលហេតុថា ដើម្បីទុកពេលវេលាឲ្យបានគ្រប់​គ្រាន់​សម្រាប់​ភាគី​ពាក់​ព័ន្ធ​ដើម្បី​រកដំណោះស្រាយ៕

សូមសរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com

What Next?

Recent Articles