ដោយ៖ ជន ស្រីណុច
ថ្ងៃពុធ ទី8 តុលា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
អគារធំៗ និងខ្ពស់ៗកើនឡើងច្រើននៅរាជធានីភ្នំពេញ
ក្រុមឈ្មួញអចលនទ្រព្យថ្លែងថា វិស័យអចលនទ្រព្យនៅកម្ពុជាបានកើនឡើងទ្វេដង ហើយសម្រាប់អាណត្តិនេះនឹងបន្តកើនឡើងបីទៅបួនដងបន្ថែមទៀត។
ការបង្ហាញនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី០៨ ខែតុលានេះ។
ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា លោក ចេង ខេង មានប្រសាសន៍ថា អគារធំៗ ខ្ពស់ៗនៅកម្ពុជានឹងកើនឡើងទ្វេដង ខណៈបច្ចុប្បន្នវិស័យអចលនទ្រព្យរីកចម្រើន ដោយសារមានការប្រកួតប្រជែងដេញថ្លៃ និងការជួលទិញពីសំណាក់ជនបរទេស ដែលមកវិនិយោគនៅកម្ពុជា។ លោកបញ្ជាក់ថា «យើងឃើញកន្លងមកគឺយើងមានក្រុមហ៊ុនដែលជាភ្នាក់ងារអចលនវត្ថុដែលមាន connection world white យើងឃើញថាមានការទិញដូរច្រើនមែនទែន ជាពិសេសដូចជាយើងឃើញខាង Century 21 នេះឃើញថាពួកគាត់ ហើយនិងក្រុមការងាររបស់ពួកគាត់ ដូចថាមកទិញរាប់រយ Unit ផងដែរ ខ្ញុំគិតថានេះជារបត់ថ្មីមួយសម្រាប់ប្រទេសយើង»។
អគ្គនាយករងរៀបចំដែនដីនិងនគររូបនីយកម្ម លោក ម៉េង បុណ្ណារិទ្ធិ មានប្រសាសន៍ថា ការរីកដុះដាលនៃអគារធំៗបែបនេះ គឺបញ្ជាក់ឲ្យឃើញពីការរីចកម្រើននៃសេដ្កិច្ឋចកម្ពុជា តែលោកទទួលស្គាល់ ថាការកើនឡើងនូវសំណង់អគារធំៗ ក៏នាំឲ្យមានផលប៉ះពាល់មួយចំនួនដែរ ដូចជាភាពចង្អៀតនៃទីក្រុងជាដើម។ លោកបន្តថា ទន្ទឹមនឹងការរីកចម្រើនវិស័យអចលនទ្រព្យ រដ្ឋាភិបាលបាននឹងកំពុងធ្វើសេចក្ដីព្រាងច្បាប់ស្តីពីការគ្រប់គ្រងសំណង់ធំៗ ជៀសវាងមានផលប៉ះពាល់ដល់សង្គមនាពេលអនាគត។ លោកថា«ការគ្រប់គ្រងសំណងខ្ពស់ហ្នឹង យើងកំពុងតែធ្វើច្បាប់ ថាតើសំណង់ខ្ពស់វាគួរនៅកន្លែងណាខ្លះ ហើយកន្លងមកយើងពិបាកទប់ស្កាត់ដែរ ដោយសារតែគោលនយោបាយវិនិយោគរបស់យើង ប្រសិនបើយើងអត់ទាន់មានផែនការច្បាស់លាស់ ហើយទប់ស្កាត់វាអាចជាឥទ្ធិលពលមិនល្អមកលើរដ្ឋាភិបាល»។

លោក ចេង ខេង ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា (រូបថត៖ ជន ស្រីណុច)
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី មើលឃើញថា ការរីកចម្រើននៃសំណង់អគារខ្ពស់ៗ មិនមែនប្រាកដថាសេដ្ឋកិច្ចជាតិរីកចម្រើនទេ ប្រសិនបើការគ្រប់គ្រងផ្នែកពន្ធដារធ្លុះធ្លាយដូចពេលបច្ចុប្បន្ន។ លោកបន្តថា កាលណាការគ្រប់គ្រងផ្នែកពន្ធដារមិនបានល្អ នោះគ្រាន់តែជាការបើកមុខឲ្យក្រុមអ្នកវិនិយោគកើបលុយទៅប្រទេសរបស់គេទេ ផ្ទុយទៅវិញកម្ពុជាមានតែសំបកអគារ។ លោកមានប្រសាសន៍ថា «បើសិនជាក្នុងកាលៈទេសៈបច្ចុប្បន្នដែលប្រព័ន្ធពន្ធដារហ្នឹងមានភាពធ្លុះធ្លាយ អ៊ីចឹងជារូបភាព ការអភិវឌ្ឍរបៀបហ្នឹង គេអាចហៅថាការ អភិវឌ្ឍមួយស្មើសូន្យ នៅក្នុង ន័យសេដ្ឋកិច្ច វាគ្រាន់តែប្រែក្លាយទ្រព្យសម្បត្តិរដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជន ហើយទ្រព្យសម្បត្តិឯកជនវាគ្រាន់តែប្រែក្លាយអគារទាបទៅអាគារខ្ពស់ ប៉ុន្តែប្រាក់ចំណូល ឬក៏ធនធានរបស់ជាតិហ្នឹងវាបានតិចតួច»។
លោក កែម ឡី ឲ្យដឹងទៀតថា កាលពី១០ឆ្នាំមុន អគាររបស់រដ្ឋស្ថិតនៅទីតាំងមានតម្លៃ តែបច្ចុប្បន្នអគាររបស់រដ្ឋទាំងនោះ ភាគច្រើនប្រែក្លាយទៅជាអគារឯកជនយ៉ាងស្កឹមស្កៃ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យវីត្រាស់ ដែលចេញប្រចាំឆ្នាំ២០១៤បង្ហាញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សំណង់អគារខ្ពស់ៗមានការកើនឡើងរហូតដល់៣៧៤អគារ ហើយអ្នករស់នៅក្នុងសំណង់អគារខ្ពស់ៗទាំងនោះ ៩៨ភាគរយជាជនបរទេស និង២ភាគរយជាជនជាតិខ្មែរ៕
សូមសរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com