ដោយ៖ ឡុង គីមម៉ារីតា
ថ្ងៃព្រហស្បតិ៍ ទី9 តុលា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ប្រជាពលរដ្ឋប្រមាណជាង២០០នាក់មកពី៣សហគមន៍ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ស្វែងរកអន្តរាគមន៍ជាថ្មីពាក់ព័ន្ធនឹងបញ្ហាដីធ្លីរបស់ខ្លួនដែលបានអូសបន្លាយរយៈពេល៨ឆ្នាំមកនេះ។
តំណាងសហគមន៍ជម្លោះដីធ្លីនៅឃុំជីខលើ លោក តេញ កៅ ប្រាប់VODព្រឹកថ្ងៃព្រហស្បតិ៍នេះថា សមាជិកទាំង៣សហគមន៍ បានហែញត្តិទៅដាក់នៅសាលាឃុំជីខលើហើយ និងគ្រោងបន្តហែញត្តិទៅសាលាស្រុកស្រែអំបិល ព្រមទាំងក្រុមហ៊ុនស្ករសឈ្មោះKSIរបស់លោក លី យ៉ុងផាត់ បន្តទៀត។ លោកថាការហែញត្តិនេះគឺដើម្បីជំរុញឲ្យស្ថាប័នទាំងនេះ ជួយអន្តរាគមន៍ផ្តល់ដីឲ្យពួកគេវិញ។ លោកថា«គោលបំណងគឺឲ្យក្រុមហ៊ុនកោះកុងស្ករសអ៊ីនដាស្ត្រ៊ីខូអិលធីឌី លីមីធីត ត្រូវកាត់ដីឲ្យពួកខ្ញុំដើម្បីមកប្រើប្រាស់ដូចដើមវិញ ទី១។ ទី២ គោលបំណងរបស់យើងខ្ញុំ ឲ្យក្រុមហ៊ុនត្រូវសងដំណាំដាំរបស់យើងខ្ញុំទាំងអស់ដែលខូចខាត»។
លោក តេញ កៅ ឲ្យដឹងទៀតថា ការហែក្បួននេះធ្វើឡើងដោយការជិះគោយន្ត ឬម៉ូតូតាមលទ្ធភាពរបស់ប្រជាពលរដ្ឋ ដោយសាររយៈពេលខ្លី និងចម្ងាយផ្លូវឆ្ងាយ។ លោកថាការហែញត្តិនៅព្រឹកនេះ មិនមានការប៉ះទង្គិច ឬការរារាំងណាមួយពីអាជ្ញាធរនោះទេ។
មេឃុំជីខលើ លោក ឆាយ វុធ មានប្រសាសន៍ថា លោកបានទទួលញត្តិពីប្រជាពលរដ្ឋទាំង៣សហគមន៍ហើយ តែលោកមិនមានតួនាទីក្នុងការដោះស្រាយករណីនេះទេ ដោយលោកបានបង្វែរករណីនេះទៅសាលាស្រុកវិញ។ លោកបញ្ជាក់ថា«ទាក់ទងចៅហ្វាយស្រុក ព្រោះខ្ញុំមិនមែនតួនាទីស្រុកទេបង។ អត់អីទេបង គាត់គ្រាន់តែដាក់ទៅតាមនីតិវិធី យើងក៏ទទួលគាត់ គាត់ក៏ចេញទៅវិញបង អត់មានអីផងបង»។
VOD មិនទាន់អាចទាក់ទងអភិបាលរងស្រុកស្រែអំបិល លោក ម៉ាស វិជ្ជា និងក្រុមហ៊ុនស្ករសឈ្មោះ KSI បាននៅឡើយទេ។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូរ ប្រចាំខេត្តកោះកុង ដែលបានចុះឃ្លាំមើលការហែញត្តិនេះ លោក ហ៊ួរ ហ៊ីន មានប្រសាសន៍ថា ការហែញត្តិរបស់ប្រជាពលរដ្ឋនៅថ្ងៃនេះ គឺជាការតស៊ូជាថ្មីមួយទៀត បន្ទាប់ពីការតវ៉ាជាបន្តបន្ទាប់ មិនមានដំណោះស្រាយជូនពួកគាត់។ លោកសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ក៏ដូចក្រុមហ៊ុនស្ករសKSI ពន្លឿនការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ព្រោះប្រជាពលរដ្ឋស្ថិតក្នុងស្ថានភាពលំបាក បន្ទាប់ពីបាត់បង់ដីធ្លីរបស់ខ្លួន។ លោកមានប្រសាសន៍ថា«ចុងក្រោយមានតែការសំណូមពរ ដូចជាអាជ្ញាធរខាងក្រសួងដែលពាក់ព័ន្ធ សូមពន្លឿនក្នុងការដោះស្រាយជម្លោះដីធ្លីដែលអូសបន្លាយរយៈពេល៨ឆ្នាំមកនេះ គួរមានការដោះស្រាយឲ្យពួកគាត់ទៅ។ ពីមុនពេលក្រុមហ៊ុនមិនទាន់មក ជីវភាពរបស់ពួកគាត់រស់នៅល្អប្រសើរណាស់ មិនដែលមានកង្វះខាតទេ។ តាំងពីក្រុមហ៊ុនចូលមក ដែលធ្វើឲ្យគាត់បាត់បង់ដីស្រែទៅ ជីវភាពរបស់ពួកគាត់កាន់តែក្រលំបាក ដូចជាករព្រាត់ប្រាសបងប្អូន ឬក៏ប្តីត្រូវចំណាកស្រុកទៅធ្វើការកន្លែងផ្សេង ក្រៅពីដីស្រែចម្ការ»។
បើតាមលោក តេញ កៅ បញ្ជាក់ថា បញ្ហាដីធ្លីរវាងប្រជាពលរដ្ឋនៅក្នុងភូមិឈូក ភូមិជីខ និងភូមិត្រពាំងកណ្ដោល ក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង កើតឡើងជាមួយក្រុមហ៊ុនស្ករសKSI របស់លោក លី យ៉ុងផាត់ អូសបន្លាយតាំងពីឆ្នាំ២០០៦មកម្ល៉េះ បានប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន២០០គ្រួសារ លើផ្ទៃដីទំហំ១៣៦៥ហិកតា៕
សូមសរសេរមកកញ្ញា ឡុង គីមម៉ារីតា តាមរយៈ longkimmarita@gmail.com