ដោយ៖ ញឹម សុខន
ថ្ងៃព្រហស្បតិ៍ ទី9 តុលា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោក សុន ឆ័យ ផ្តល់កិច្ចសម្ភាសន៍ដល់អ្នកកាសែតក្រោយពីប្រារព្ធពិធីរួច (រូបថត៖ ស្រីនុច)
មន្ត្រីជំនាញក្នុងរដ្ឋសភារបស់គណបក្សប្រឆាំង បង្ហើបឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា នៅសប្តាហ៍ក្រោយលោកនឹងប្រើអំណាចក្នុងរដ្ឋសភា ចុះពិនិត្យស្ថាប័នរដ្ឋមួយចំនួន ដើម្បីទប់ស្កាត់អំពើពុករលួយ ក្នុងស្ថាប័នប្រមូលពន្ធគយ។
ក្នុងពិធីប្រារព្ធខួប រណៈសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោកតា សឺន សាន នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤នេះ អនុប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារ និងសវនកម្មនៃរដ្ឋសភា លោក សុន ឆ័យ ប្រាប់អ្នកសារព័ត៌មានថា ការប្រមូលពន្ធនៅតាមច្រកទ្វារអន្តរជាតិ និងស្ថាប័នមួយចំនួននាពេលបច្ចុប្បន្ននេះ ត្រូវបានរាយការណ៍មកថាមានអំពើពុករលួយ ដែលធ្វើឲ្យបាត់បង់ថវិកាជាតិ។
លោក សុន ឆ័យ ឲ្យដឹងទៀតថា នៅថ្ងៃទី២១ខែតុលានេះ លោកនឹងប្រើតួនាទីក្នុងរដ្ឋសភានេះ ដើម្បីចុះត្រួតពិនិត្យគោលដៅមួយចំនួន ក្នុងរាជធានីភ្នំពេញដើម្បីទប់ស្កាត់អំពើពុករលួយ និងបង្កើនប្រាក់ចំណូលដល់ជាតិ ដើម្បីដំឡើងប្រាក់ខែដល់មន្ត្រីរាជការឲ្យរស់នៅបានសមរម្យ។ លោកថា «ដូចនៅព្រលានយន្តហោះអញ្ជឹង មេគយគេ គេមានបន្ទប់មួយអ្នកមកយកអីវ៉ានត្រូវចូលបន្ទប់តែពីរនាក់មេគយទេ ហើយស្រោមសំបុត្រត្រូវរៀបចំឲ្យហើយទៅ លួចលុយច្រើនណាស់ គ្រាន់តែមេគយ ដែលគេយកពេជ្រយកមកតាមយន្តហោះហ្នឹង រាប់លានដុល្លារក្នុងមួយឆ្នាំៗ ដូច្នេះខ្ញុំត្រូវលប់ប៊ីជាមួយរដ្ឋាភិបាលដែល ថាយើងអាចតំឡើងប្រាក់ខែគ្រូបង្រៀនបាន កាលនោះយើងបានសន្យាហើយថា យ៉ាងតិចមួយលានរៀល»។
ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិកUSAID ធ្លាប់បង្ហាញរបាយការណ៍រកឃើញថា នៅកម្ពុជាថវិកាជាតិយ៉ាងតិចពី៣០០ទៅ៥០០លានដុល្លារក្នុងមួយឆ្នាំ ត្រូវបាត់បង់ដោយសារអំពើពុករលួយ។ ប៉ុន្តែនៅអាណត្តិទី៥នេះ រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីចាត់វិធានការលើអ្នកដែលប្រព្រឹត្តអំពើពុករលួយ៕
សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com