ស្រីនៀត ជាប់​ពាន​មួយ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​នៅ​ថៃ

តារាម៉ូដែល​កម្ពុជា​នាង នូ ទឹមស្រីនៀត​។

តារាម៉ូដែល​កម្ពុជា​នាង នូ ទឹមស្រីនៀត​។ រូបថត សហការី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ជាមួយ​នឹង​កម្ពស់​១,៧៣ ម៉ែត្រ ទម្ងន់​៥០​គីឡូក្រាម យុវតី នូ ទឹមស្រីនៀត មាន​វ័យ​១៨​ឆ្នាំ ដែល​ជា​បេក្ខភាព​ដំបូង​គេ​របស់​កម្ពុជា បាន​ចូលរួម​ប្រកួត​ជ្រើសរើស Miss Grand International 2014 នា​ពហុកីឡដ្ឋាន INDOOR STADIUM HUAMARK របស់​ប្រទេស​ថៃ។

ការ​ដើរ​បង្ហាញម៉ូដ​នៅក្នុង​ឈុត​ប៊ីគីនី​របស់​នាង ស្រីនៀត ក្នុង​ការ​ប្រកួត​។ រូបថត សហការី

បើ​ទោះបី​ជា​កញ្ញា នូ ទឹមស្រីនៀត មិន​អាច​គ្រង​មកុដ ជ័យលាភី Miss Grand International 2014 ក៏ដោយ ក៏​ជា​មោទភាព​ដែរ ដែល​កញ្ញា​បាន​ឈ្នះ​ពាន​រង្វាន់​ជ័យលាភី​ប្រជាប្រិយភាព​ជាង​គេ (Miss Popular Vote Award) ខណៈ​ការ​ប្រកួត Miss Grand International នេះ​មាន​ធ្វើ​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ទើប​តែ​មាន​បេក្ខភាព​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​នៅ​ឆ្នាំ​នេះ​។

ជ័យលាភី​គ្រង​មកុដ Miss Grand International 2014 បាន​លើ​ស្រីស្អាត​មកពី​ប្រទេស គុយបា រីឯ​ជ័យលាភី​ផ្សេង​ទៀត ដូចជា បវរកញ្ញា Best Evening gown ត្រូវ​បាន​ជាប់​ទៅលើ​កញ្ញា មកពី​ប្រទេស ឥណ្ឌូនេស៊ី បវរកញ្ញា Best Social media បាន​ទៅលើ​កញ្ញា​មកពី​ប្រទេស​ជប៉ុន បវរកញ្ញា Best National Costume បាន​ទៅលើ​កញ្ញា មកពី​ប្រទេស​វៀតណាម និង​បវរកញ្ញា Best Swimsuit បាន​ទៅ​លើ​កញ្ញា មកពី​ប្រទេស ថៃ (ម្ចាស់​ផ្ទះ​)នោះ ។

នូ ទឹមស្រីនៀត ជា​ម្ចាស់​ជ័យលាភី​លេខ​១ របស់​ក្រុម Khmer Super Model រៀបចំ​ដោយ​ក្រុមហ៊ុន BKA Entertainment។ លោក មែ វិចិត្របុត្រ អ្នក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន BKA Entertainment ឲ្យ​ដឹង​ថា៖​«កាល​ដែល ទឹម ស្រីនៀត ជាប់​ជា​បេក្ខភាព​ប្រឡង​ជ្រើសរើស Miss Grand International 2014 នោះ​មិនមែន​ជា​ការ​ជ្រើសរើស​ពី​ក្រុមហ៊ុន BKA Entertainment នោះ​ទេ»។

លោក​អះអាង​ថា៖​«​គណៈកម្មការ​ដែល​រៀបចំ​ការ​ប្រឡង​នេះ ក្រោយពី​គេ​បាន​ឃើញ​វីដេអូ បង្ហោះ​ក្នុង youtube ស្តីពី​ការ​ប្រកួត​ជ្រើសរើស​កញ្ញាឯក khmer super model របស់ BKA ហើយ​គេ​ក៏​សម្រេច​ជ្រើស​យក ទឹម ស្រីនៀត ឲ្យ​ចូលរួម​ប្រឡង Miss Grand International ដែល​មាន​ស្រីស្អាត​តំណាង​ប្រទេស​ចំនួន​៨៤ មកពី​បណ្តា​ទ្វីប​នានា​នៅ​អាស៊ី អឺរ៉ុប អាមេរិក និង​អាហ្វ្រិក​»។

ស្រីនៀត មាន​ដើមកំណើត​មកពី​ខេត្ត​កណ្ដាល ជា​និស្សិត​មួយ​រូប ដែល​កំពុង​ត្រៀម​សម្រេច​នូវ​ក្ដីស្រមៃ​ដ៏ធំ​របស់​នាង ដើម្បី​ក្លាយ​ទៅ​ជា​«មេធាវី» ដ៏ល្បី ក្នុង​ពេល​អនាគត។ នាង​ទទួល​បាន​ពិន្ទុ​នៃ​ការ​បោះឆ្នោត​ដល់​ទៅ ២៧,១៩​ភាគរយ នៃ​ការ​បោះឆ្នោត​ទាំងអស់​ដែល​ធ្វើ​នៅ​តាម​បណ្ដាញ​អ៊ីនធឺណិត ទៅលើ​បេក្ខនារី​៨៥​នាក់ មកពី​គ្រប់​ទិសទី​ក្នុង​ពិភពលោក ខណៈ​បេក្ខនារី​ផ្សេងៗ​ទទួល​បាន​ប្រមាណ​១០​ភាគរយ​ប៉ុណ្ណោះ។

លោក វិចិត្របុត្រ បាន​អះអាង​ថា៖ «ជនបរទេស​ក៏​គាំទ្រ ស្រីនៀត យ៉ាងខ្លាំង​ដែរ​ដោយ​ថា​នាង ជា​បេក្ខជន​កម្ពុជា​ដំបូង​ដែល​ចូលរួម​ក្នុង​កម្មវិធី​Miss Grand International​»៕


What Next?

Recent Articles