ដោយ៖ អុិត សុធឿត
ថ្ងៃព្រហស្បតិ៍ ទី9 តុលា 2014
http://vodhotnews.com
ក្រុមសហជីព អះអាងថា ខ្លួននៅតែប្រកាន់ជំហរក្នុងការជួបជុំជាមួយកម្មករប្រមាណ៣០០០នាក់នៅទីលានប្រជាធិបតេយ្យ និងហែក្បួនដាក់ញត្តិ ដើម្បីសម្តែងមតិ និងទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលសមរម្យជូនកម្មករនិយោជិត នៅថ្ងៃទី១២ ខែតុលា ខាងមុខ ។
ប្រធានសហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ប្រាប់VODថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមសហជីពបានជួបប្រជុំជាមួយសាលារាជធានីភ្នំពេញដើម្បីពិភាក្សាពីគម្រោងនៃការជួបជុំ និងហែក្បួននេះ។
លោកថា សាលារាជភ្នំពេញបានអនុញ្ញាតឲ្យរៀបចំពិធី តែកំណត់អ្នកចូលរួមមិនឲ្យលើសពី២០០នាក់ ហើយហាមមិនឲ្យដើរហែញត្តិ ដោយអនុញ្ញាតឲ្យតែតំណាងប្រមាណ២០នាក់យកញត្តិទៅដាក់ប៉ុណ្ណោះ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា ដោយសារអ្នកចូលរួមលើសពីចំនួនដែលអនុញ្ញាត សាលារាជធានីនឹងធ្វើការជូនដំណឹងទៅកាន់ក្រសួងមហាផ្ទៃ។
កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤ សហជីពចំនួន៦បានជូនដំណឹងទៅកាន់សាលារាជធានីភ្នំពេញថា ការជួបជុំគ្នានៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ ពីម៉ោង៨ និង៣០នាទីព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ គឺដើម្បីសម្តែងមតិទាមទារឲ្យរដ្ឋាភិបាល និយោជក និងអ្នកបញ្ជាទិញដំឡើងប្រាក់ឈ្នួលសមរម្យជូនកម្មករនិយោជិត។ ក្រៅពីការជួបជុំសម្តែងមតិ ក៏នឹងមានការដង្ហែក្បួនដាក់ញ្ញត្តិទៅរដ្ឋសភាជាតិ និងស្ថាប័នមួយចំនួនដូចជា ស្ថានទូតអាមេរិក សហគមន៍អឺរ៉ុប និងទីស្នាក់ការបញ្ជាទិញនៅកម្ពុជា។
លោក ប៉ាវ ស៊ីណា បញ្ជាក់ថា ក្រុមសហជីពនឹងធ្វើទៅតាមគម្រោងដែលបានរៀបចំ ទោះជាក្រសួងមហាផ្ទៃធ្វើការឆ្លើយតបយ៉ាងណាក៏ដោយ។
គម្រោងនៃការជួបជុំនេះធ្វើឡើងខណៈពេលដែល ក្រសួងការងារ បានប្រកាសពន្យារពេលក្នុងការប្រជុំពិភាក្សាដើម្បីកំណត់ប្រាក់ឈ្នួលគោល ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែតុលា លើកទៅធ្វើនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៤វិញ។ ក្រសួងការងារបានអះអាងថា ការលើកពេលប្រជុំពិភាក្សានេះគឺដើម្បីទុកពេលវេលាឲ្យបានគ្រប់គ្រាន់់ សម្រាប់ភាគីពាក់ព័ន្ធធ្វើការពិភាក្សា និងពិចារណាឲ្យបានគ្រប់ជ្រុងជ្រាយ ដែលអាចឈានទៅរកការស្រុះស្រួលគ្នា និងអាចទទួលយកបានរវាងភាគីទាំងសងខាង។
សហជីពទាំង៦នោះរួមមាន សហព័ន្ធសហជីពមិត្តភាពកម្មករ សម្ព័ន្ធសហជីពជាតិ សហព័ន្ធសហជីពជាតិនៃឧស្សាហ៍កម្មវាយនភ័ណ្ឌ សហព័ន្ធសហពជីយុវជនឯករាជ្យ សហព័ន្ធសហជីពដើម្បីកម្មករ និងសម្ព័ន្ធសហជីពចលនាកម្មករ៕
សូមសរសេរមកកាន់លោក អុិត សុធឿត តាមរយៈ sothoeuth@vodhotnews.com