ក្មេងម្នាក់ស្លាប់ និងមនុស្ស៤នាក់ទៀតរងរបួសដោយសារការបំផ្ទុះគ្រាប់បែកនៅខណ្ឌសែនសុខ​

ដោយ៖​ ឡាយ សាមាន និង ស៊ុន ណារិន​
ថ្ងៃព្រហស្បតិ៍ ទី9 តុលា 2014
http://vodhotnews.com

យ៉ាងតិច​ក្មេងម្នាក់​​ស្លាប់ និង​មនុស្ស​៤​នាក់​ទៀត​រងរបួស​ដោ​យ​សារ​ការ​បំផ្ទុះ​គ្រាប់បែក​មួយ​នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​ជិត​៧​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​ស្ត្រី​ម្នាក់​ដែល​នាំ​ប្តី​រងរបួ​សមក​មន្ទីរ​ពេទ្យ​កាល់ម៉ែ​ត្រ ប្រាប់​VOD​នៅ​ម៉ោង​ជិត​៨​ដោយ​មិន​បាន​បញ្ចេញ​ឈ្មោះ​ថា ​ប្តី​របស់​អ្នកស្រី​បាន​រងរបួស ដោយសារ​ជន​មិន​ស្គាល់​មុខ​បោក​គ្រាប់បែក​ទៅក្នុង​ផ្ទះ​មួយ ស្ថិតក្នុង​ភូមិ​សែន​សុខ​ពីរ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ នៅពេល​គ្រួសារ​មួយ​នោះ​កំពុងតែ​ពិសារ​អាហារ​ពេល​ល្ងាច​។​ អ្នកស្រី​បន្ត​ថា​ក្មេងប្រុស​ម្នាក់ ឈ្មោះ សិន តារា អាយុ​១០​ឆ្នាំ និង​មនុស្ស​៤​នាក់​បាន​រងរបួស ហើយ​ត្រូវបាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​កាល់ម៉ែ​ត្រ​។ អ្នកស្រី​បញ្ជាក់ថា​ការបោកគ្រាប់បែក​នោះ ប្រហែលជា​រឿង​គំនុំ​។​

នគរបាល​​ខណ្ឌ​សែន​សុខ​ម្នាក់ ដែល​ប្រាប់​VOD​ត្រឹម​នាមខ្លួន​ថា​មេសា មានប្រសាសន៍ថា​ ពិតជា​មាន​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ម៉ោង​ជិត​៧​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ​លោក​បន្ត​ថា ​ប៉ូលិស​ខណ្ឌ​សែន​សុខ​កំពុងតែ​ត្រួតពិនិត្យ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ ដោយ​មិន​ទាន់​អាច​បញ្ជាក់​ពី​ចំនួន​អ្នក​ស្លាប់ និង​រងគ្រោះ​ពិតប្រាកដ​។​

​ប៉ូលិស​កំពុងតែ​សាកសួរ​ក្រុមគ្រួសារ និង​ជនរងគ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​នៅ​ម៉ោង​ជិត​៨​និង​៣០​នា​ទីនេះ​៕

សូម​​សរសេរ​មកកាន់​លោក ​ឡាយ សា​មាន តាមរយៈ ​samean@vodhotnews.com​

What Next?

Recent Articles