Wed, 15 October 2014
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី និងព្រះមាតាព្រះអង្គ រួមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាមួយចំនួន បានរៀបចំ ព្រះរាជពិធីគោរព និងឧទ្ទិសថ្វាយព្រះរាជកុសល ដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ ២ ឆ្នាំ នឹងប្រារព្ធធ្វើ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤នេះ ដោយមានការរាប់បាត្រព្រះសង្ឃ ៥០០ អង្គ នៅមុខព្រះបរមរាជវាំង។
ខណៈដែល នៅព្រះបរមរូបសម្តេចព្រះនរោត្តម សីហនុ នៅជិតវិមានឯករាជ្យ មានព្រះរាជពិធីគោរពថ្វាយបង្គំ ដោយមានស្ថាប័នក្រសួងរាជរដ្ឋាភិបាលទាំង ៣៥ ព្រមទាំងព្រឹទ្ធសភា រដ្ឋសភា ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ។
ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។
ព្រះអង្គបានយាងចូលព្រះទិវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វា ស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយទទួលព្រះបរមបច្ឆាមរណនាម «ព្រះបរមរតនកោដ្ឋ»។
ថ្ងៃពុធ ទី១៥ តុលានេះ ជាថ្ងៃគំរប់ខួបលើកទីពីរ ក្រោយព្រះរាជពិធីបូជា ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះ នរោត្តម សីហនុ កាលពីខែកុម្ភៈ ឆ្នាំ២០១៣ និងកាលពីខែកក្កដា ដែលព្រះបរមអដ្ឋិរបស់ទ្រង់ត្រូវបានដង្ហែឆ្លងកាត់តាមវិថីសំខាន់ៗ ក្នុងរាជធានី យកទៅតម្កល់នៅព្រះវិហារព្រះកែវមរកត។
ព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋ ធ្លាប់មានព្រះបំណងចង់បានព្រះអដ្ឋិរបស់ទ្រង់ត្រូវបានតម្កល់ជាមួយនឹងព្រះរាជបុត្រីគឺអ្នកអង្គម្ចាស់ គន្ធបុប្ផា ដែលបានសុគត កាលពីឆ្នាំ១៩៥២ នៅក្នុងព្រះជន្ម៤ឆ្នាំ។

