Wed, 15 October 2014
យឺន ពន្លក
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ បន្ទាប់ពីកញ្ញា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអាស៊ីមក មានសប្បុរសជន និងស្ថាប័នឯកជន ស្ថាប័នរាជរដ្ឋាភិបាលក៏ដូចមហាជន បានការគាំទ្រយ៉ាងពេញទំហឹង ហើយបានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជាបន្តបន្ទាប់មិនទាន់បញ្ចប់នៅឡើយ ដែលគួរឲ្យរីករាយសាទរផងដែរ ប៉ុន្តែអ្វីដែលធ្វើឲ្យ ស៊ន សៀវម៉ី មានមោទនភាពក្រៃលែងបន្ថែមទៀតនោះ គឺបានទទួលព្រះរាជប្រទានពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ជាទីសក្ការៈឲ្យបានចូលគាល់ នៅម៉ោង១១ព្រឹក ថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០១៤ នៅដំណាក់គន្ធបុប្ផា ក្នុងព្រះបរមរាជវាំង។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានមានប្រសាសន៍ថា៖ «យើងទទួលបានលិខិតពីក្រសួងព្រះបរមរាជវាំងជាផ្លូវការ ដោយបានអញ្ជើញកីឡាការិនី ស៊ន សៀវម៉ី ឲ្យចូលគាល់ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ មុនីនាថ សីហនុ»។
លោកបានបន្តថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជូនដំណឹង និងប្រាប់ឲ្យ ស៊ន សៀវម៉ីត្រៀមខ្លួនជាស្រេចដើម្បីចូលក្រាប បង្គំគាល់តាមការអញ្ជើញ។
យោងតាមលិខិតអញ្ជើញរបស់ ក្រសួងព្រះបរមរាជវាំង លេខ៤៤៩ /១៤ ចុះថ្ងៃទី១៣ ខែតុលា ២០១៤ ដែលចុះហត្ថលេខាដោយលោកឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំងដែលភ្នំពេញប៉ុស្តិ៍ទទួលបានគឺបានយោងព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រិយ៍ព្រះវររាជមាតាខ្មែរសព្វព្រះហឫទ័យ ប្រោសប្រទានឲ្យ ស៊ន សៀវម៉ី ចូលបង្គំគាល់។
ទាក់ទងនឹងដំណឹងដ៏រីករាយនេះភ្នំពេញប៉ុស្តិ៍ព្យាយាមទាក់ទងស៊ន សៀវម៉ី ជាច្រើនលើកច្រើនសាកាលពីម្សិលមិញ ប៉ុន្តែនាងប្រាប់ថា កំពុងជាប់រវល់ៗហើយក៏បិទទូរស័ព្ទ។ ទោះបីយ៉ាងណាក៏បណ្តាញសារព័ត៌មាននិងមហាជនកំពុងតែទន្ទឹងរង់ចាំមើលថាតើក្រោយពីការចូលគាល់ព្រះមហាក្សត្ររួចនោះ ស៊ន សៀវម៉ីនឹងទទួលបានប្រាក់រង្វាន់ ឬក៏គោរមងារ ឋានៈជាអ្វី?៕